(វ៉ាស៊ីនតោន)៖ ប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី (Nancy Pelosi) បានប្រាប់សមាជិកសភាតំណាងរាស្ត្រ មកពីគណបក្សប្រជាធិបតេយ្យថា លោកស្រីហែកចោលសុន្ទរកថារបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីយប់ថ្ងៃអង្គារ គឺដោយសារតែលោក ត្រាំ បានកាត់ចោល «ការពិតដែលមាននៅក្នុងសុន្ទរកថារបស់លោក»។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNN នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២០។

សារព័ត៌មាន CNN ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើមនុស្សម្នាក់ ដែលបានចូលរួមក្នុងកិច្ចប្រជុំបិទទ្វារមួយ របស់សមាជិកសភាតំណាងរាស្ត្របក្សប្រជាធិបតេយ្យ នៅព្រឹកថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) និងបន្ទាប់ពីលោកស្រីត្រូវបានគេថតជាប់ពីសកម្មភាព ហែកចោលក្រដាសសុន្ទរថា របស់លោក ត្រាំ ក្រោយលោកបញ្ចប់សុន្ទរកថាប្រចាំឆ្នាំ ទៅកាន់សភាអាមេរិកទាំងពីរ។

ប្រភពដដែលបានបន្ថែមទៀតថា នៅក្នុងជំនួបនោះលោកស្រី Pelosi បានហៅសុន្ទរកថាលោក ត្រាំ គឺជា «រឿងដ៏អាម៉ាស់ និងពោរពេញដោយការកុហុកជាច្រើន»។ លោកស្រីប្រធានសភាតំណាងរាស្ត្រ បានគូសយ៉ាងបញ្ជាក់ថា «គាត់ (លោក ត្រាំ) បានកាត់ចោលការពិតចេញ ដូច្នេះហើយទើបខ្ញុំហែកចោលសុន្ទរកថារបស់គាត់»

លើសពីនេះទៅទៀត បើតាមប្រភពដដែល លោកស្រី Pelosi ក៏បានចាត់ទុកផងដែរថា ការប្រគល់មេដាយកិត្តិយសផ្នែកសេរីភាពដល់អ្នកអត្ថាធិប្បាយ វិទ្យុអភិរក្សនិយមម្នាក់ គឺលោក រ៉ាស់ លីម ប៊ក (Rush Limbaugh) បានបង្ហាញថា លោក ដូណាល់ ត្រាំ បានប្រែក្លាយសន្ទរកថាប្រចាំឆ្នាំទៅជាកម្មវិធីទូរទស្សន៍ និងសុន្ទរកថាបែបឃោសនា។

គួរបញ្ជាក់ថា ព្រឹទ្ធសភាអាមេរិកនៅសៀសថ្ងៃពុធសប្ដាហ៍នេះដែរ បានសម្រេចចិត្តបោះឆ្នោតមិនដកតំណែងរបស់លោក ដូណាល់ ត្រាំ ដែលនេះមាន ន័យថាលោកនៅតែអាចបន្តកាន់តំណែងជាប្រធានាធិបតីអាមេរិក ហើយលោកផ្ទាល់គ្រោងនឹងធ្វើសេចក្ដីថ្លែងការណ៍មួយចេញពីសេតវិមាន ជុំវិញការសម្រេចចិត្តខាងលើ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន)៕