(វ៉ាស៊ីនតោន)៖ មូលនិធិរបស់កំពូលមហាសេដ្ឋីអាមេរិក លោក បៀល ហ្គេតស៍ (Bill Gates) និងភរិយាគឺ Bill & Melinda Gates Foundation នាថ្ងៃពុធសប្តាហ៍នេះបានប្រកាសថា នឹងធ្វើការបរិច្ចាគថវិកាចំនួន ១០០លានដុល្លារ សម្រាប់ការប្រយុទ្ធប្រឆាំងការឆ្លងរាលដាល នៃវីរុសកូរ៉ូណាប្រភេទថ្មី (2019-nCoV) ដែលបានផ្តាច់ជីវិតមនុស្សជាង ៥៦០នាក់ហើយ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២០។
បើតាមលោក ម៉ាក ស៊ូសមែន (Mark Suzman) ជានាយកប្រតិបត្តិរបស់មូលនិធិ Gates Foundation ថវិកាបរិច្ចាគ ១០០លានដុល្លារខាងលើ នឹងត្រូវប្រើប្រាស់ដើម្បីជួយជ្រោមជ្រែង ដល់កិច្ចប្រឹងប្រែងវិភាគរោគសញ្ញា, ការព្យាបាលអ្នកជំងឺវីរុសកូរ៉ូណាប្រភេទថ្មី, ការការពារអ្នកដែលងាយរងគ្រោះ និងការស្រាវជ្រាវក៏ដូចជាអភិវឌ្ឍវ៉ាក់សាំង។ ក្នុងនោះ ២០លានដុល្លារនឹងត្រូវផ្តល់ដោយផ្ទាល់ទៅឲ្យស្ថាប័នដូចជា អង្គការសុខភាពពិភពលោក WHO, ទីភ្នាក់ងារគ្រប់គ្រងនិងការពារជំងឺឆ្លងរបស់អាមេរិក CDC, គណៈកម្មការជាតិសុខាភិបាលរបស់ចិន ព្រមទាំងទីភ្នាក់ងារគ្រប់គ្រង និងទប់ស្កាត់ជំងឺឆ្លងរបស់ចិន ដើម្បីចាត់ចែងតាមតម្រូវការ។
សម្រាប់ ២០លានដុល្លារទៀតនឹងត្រូវយកទៅជួយអាជ្ញាធរសុខាភិបាល នៅតំបន់អាហ្វ្រិកនិងអាស៊ី ខណៈ៦០លានដុល្លារ នឹងត្រូវបែងចែកយកទៅជួយពន្លឿនការស្រាវជ្រាវ អភិវឌ្ឍ និងធ្វើតេស្តវ៉ាក់សាំងសម្រាប់វីរុសកូរ៉ូណា 2019-nCoV។
លោក Suzman បានលើកឡើងថា អង្គការអន្តរជាតិ រដ្ឋាភិបាលនៃប្រទេសនានា ព្រមទាំងវិស័យឯកជន និងសប្បុរសជនទាំងឡាយនៅជុំវិញពិភពលោក ត្រូវតែសហការគ្នាដើម្បីទប់ទល់ការរីករាលដាលនៃវីរុសនេះ។ បច្ចុប្បន្ននៅប្រទេសចិន មនុស្ស៥៦៣នាក់ហើយបានស្លាប់ និងឆ្លងជាង២៨,០០០នាក់ ដោយសារវីរុសកូរ៉ូណាថ្មី៕