(វ៉ាស៊ីនតោន)៖ លោក ដូណាល់ ត្រាំ នៅតែអាចអង្គុយលើកៅអីជាប្រធានាធិបតីអាមេរិកដដែល បន្ទាប់ពីព្រឹទ្ធសភាសម្រេចចិត្តបោះឆ្នោត មិនទម្លាក់រូបលោកចេញពីតំណែង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២០។
លោក ដូណាល់ ត្រាំ ត្រូវបានសភាតំណាងរាស្ត្រគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ ដំណើរការនីតិវិធីដកតំណែងកាលពីខែធ្នូ ឆ្នាំ២០១៩ ជាមួយការចោទ ប្រកាន់ពីបទរំលោភអំណាច និងបង្កការរាំងស្ទះដល់ការងារស៊ើបអង្កេតរបស់សភា ជុំវិញសំណុំរឿងអ៊ុយក្រែន។ ក្នុងសំណុំរឿងអាស្រូវនេះ គេចោទលោក ត្រាំ ថា បានគំរាមផ្ដាច់ជំនួយយោធា ដើម្បីដាក់សម្ពាធឱ្យរដ្ឋាភិបាលទីក្រុងកៀវ បើកការស៊ើបអង្កេតពីបទពុករលួយប្រឆាំងនឹងលោក ចូ បៃដិន (Joe Bidens) ដែលត្រូវបានគេរំពឹងថា អាចនឹងក្លាយជាគូរប្រជែងដ៏ធំម្នាក់របស់លោក សម្រាប់ការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ។
សម្រាប់ការបោះឆ្នោតសម្រេចនៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) សមាជិកព្រឹទ្ធសភាបានបោះឆ្នោត លុបចោលការចោទប្រកាន់ពីបទរំលោភអំណាចក្នុងសំឡេង ៥២ ទល់នឹង ៤៨សំឡេង និងបទចោទប្រកាន់បង្កការរាំងស្ទះ ដល់ការងារស៊ើបអង្កេតរបស់សភាក្នុងសំឡេង ៥៣ ទល់នឹង ៤៧សំឡេង។
តាមរយៈការសម្រេចរបស់ព្រឹទ្ធសភា លោក ត្រាំ បានក្លាយជាប្រធានាធិបតីទី ៣ នៅក្នុងប្រវត្តិសាស្ត្រអាមេរិក ដែលគេចផុតពីការដកតំណែងបន្ទាប់ពីលោក ប៊ីល គ្លីនតុន និងលោក អែនឌ្រូ ចនសុន (Andrew Johnson)៕