(ហុងកុង)៖ ភ្ញៀវទេសចរ ១,៨៧១នាក់ ត្រូវបានគេបង្គាប់ឱ្យស្ថិតនៅលើកប៉ាល់ដឹកអ្នកដំណើរមួយគ្រឿងជាបណ្ដោះអាសន្ន នៅក្នុងទីក្រុងហុងកុង និង កំពុងទទួលការពិនិត្យសុខភាព រកវីរុសកូរ៉ូណាថ្មី បន្ទាប់ពីមនុស្សជាច្រើននាក់ ត្រូវបានគេសង្ស័យថាមានរោគសញ្ញានៃវីរុសដ៏កាចសាហាវនេះ។ នេះបើ តាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២០។
កប៉ាល់ខាងលើមានឈ្មោះថា World Dream និងប្រតិបត្តិការដោយក្រុមហ៊ុន Genting’s Dream ត្រូវបានហាមទម្លាក់ចុះអ្នកដំណើរនៅឯផែ Kai Tak រហូតទាល់តែការធ្វើតេស្ដ លើមនុស្ស៣នាក់ ដែលគេសង្ស័យថាបានឆ្លងវីរុសកូរ៉ូណា បញ្ចប់ទាំងស្រុងជាមុនសិន។ ដោយឡែក បើតាមទីភ្នាក់ងារព័ត៌មាន Reuters មនុស្សទាំងបីនាក់នេះ គឺមកពីចិនដីគោក ដែលធ្លាប់បានជិះនៅលើកប៉ាល់ World Dream នៅចន្លោះពីថ្ងៃទី២៩ និងថ្ងៃទី២៤ ខែមករា ផងដែរ នោះ ត្រូវបានគេពិនិត្យឃើញថាបានឆ្លងវីរុសកូរ៉ូណា។ ប៉ុន្តែ ខាងកប៉ាល់ World Dream បានអះអាងថា បច្ចុប្បន្នមិនមានអ្នកដំណើរណាម្នាក់នៅលើកប៉ាល់ មកពីចិនដីគោកឡើយ។ កប៉ាល់នេះបានចេញដំណើរពីកោះតៃវ៉ាន់ ហើយមកដល់ទីក្រុងហុងកុង នៅថ្ងៃពុធនេះតែម្ដង។
គួរជម្រាបថា គិតត្រឹមថ្ងៃពុធនេះ ចំនួនមនុស្សស្លាប់ដោយសារវីរុសកូរ៉ូណាថ្មី 2019-nCoV បានកើនឡើងដល់ ៤៩០នាក់ហើយ ខណៈមនុស្សរហូតដល់ ២៤,៣២៤នាក់បានឆ្លង។ ម្យ៉ាងវិញទៀត ក្រៅពីចិនដីគោក ទីក្រុងហុងកុងមានមនុស្សស្លាប់ម្នាក់ និងប្រទេសហ្វីលីពីនក៏មានមនុស្សស្លាប់ម្នាក់ដូចគ្នា ដោយសារតែវីរុសកូរ៉ូណាថ្មីនេះ ហើយពួកគេសុទ្ធតែមានប្រភពពីទីក្រុងវូហានទាំងអស់៕