(ម៉ូស្គូ)៖ ទីក្រុងម៉ូស្គូ នឹងប្រគល់ប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ឱ្យប្រទេសឥណ្ឌា នៅត្រឹមចុងឆ្នាំ២០២១ ខណៈសហរដ្ឋអាមេរិក បានព្រមានថា នឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើបណ្ដាប្រទេសដែលទិញអាវុធពីរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី RIA Novosti នៅថ្ងៃអង្គារ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២០។
សារព័ត៌មាន RIA Novosti ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើប្រភពបានមកពី លោក Vladimir Drozhzhov ជានាយករងសេវាកម្មសហព័ន្ធសម្រាប់ កិច្ចសហប្រតិបត្តិការបច្ចេកទេសយោធារុស្ស៊ី ដែលថ្លែងនៅឯពិធីតាំងពិព័ណ៌សព្វាវុធឆ្នាំ២០២០ នៅឯទីក្រុង Lucknow ប្រទេសឥណ្ឌា នាពេលថ្មីៗនេះ។ លោក Drozhzhov បានគូសបញ្ជាក់យ៉ាងខ្លីដូច្នេះថា៖ «កិច្ចសន្យា បាននិងកំពុងត្រូវបានអនុវត្តតាមកាលកំណត់...ហើយការប្រគល់ (ប្រព័ន្ធមីស៊ីល S-400) ជាលើកដំបូងនឹងត្រូវធ្វើឡើងនៅចុងឆ្នាំ២០២១»។
គួរបញ្ជាក់ថា ឥណ្ឌាបានចុះហត្ថលេខាទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 មានតម្លៃ៥ពាន់លានដុល្លារ ពីរុស្ស៊ី កាលពីឆ្នាំ២០១៨។ ប៉ុន្តែ ទន្ទឹមគ្នា សហរដ្ឋអាមេរិក ក៏បានព្រមានទីក្រុង ញូដេលី ដែរថាអាចនឹងប្រឈមមុខជាប់ទណ្ឌកម្ម បើហ៊ានទិញ S-400 មែននោះ៕