(ពិភពលោក)៖ នៅថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ របាយការណ៍ផ្លូវការពីអាជ្ញាធរចិន ដែលបានចេញនៅព្រឹកថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ នេះបានឲ្យដឹងថា ចំនួនមនុស្សស្លាប់ដោយសារវីរុសកូរ៉ូណាថ្មី 2019-nCoV បានកើនឡើងដល់ ៤៩០នាក់ហើយ ខណៈមនុស្សរហូតដល់ ២៤,៣២៤នាក់បានឆ្លង។

 

២៖ កំឡុងការថ្លែងសារនៅវិមានសភាអាមេរិកនាថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅរដ្ឋធានីវ៉ាស៊ីនតោន) ភាពតានតឹងរវាង ប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ និងប្រធានសភាតំណាងរាស្រ្តអាមេរិក គឺលោកស្រី Nancy Pelosi បានផ្ទុះឡើងជាថ្មីម្តងទៀត ដោយលោក ត្រាំ មិនព្រមចាប់ដៃលោកស្រី Pelosi ហើយលោកស្រី Pelosi បានហែកសន្លឹកកូពីសុន្ទរកថារបស់ លោក ត្រាំ។

 

៣៖ តុលាការម៉ាឡេស៊ីបានបើកសវនាការនៅថ្ងៃពុធនេះ លើសំណុំរឿងពុករលួយ ដែលត្រូវបានចោទប្រកាន់ទៅលើលោកស្រី រ៉ូស្មាហ៍ មែនស័រ (Rosmah Mansor) ភរិយារបស់អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក ណាជីប រ៉ាហ្សាក់ (Najib Razak)។

 

៤៖ អាជ្ញាធរសុខាភិបាលថៃបានឲ្យដឹងថា គិតត្រឹមថ្ងៃពុធនេះ អ្នកដែលឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី (2019-nCoV) សរុបចំនួន ០៩នាក់នៅក្នុងប្រទេសថៃ ទទួលការព្យាបាលបានជាសះស្បើយឡើងវិញ ហើយត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

 

៥៖ អាជ្ញាធរកូរ៉េខាងត្បូងទើបតែបានប្រកាសពីការរកឃើញ អ្នកផ្ទុកវីរុសកូរ៉ូណាថ្មីចំនួន ០២នាក់បន្ថែមទៀតនៅថ្ងៃពុធនេះ ហើយបុរសម្នាក់ក្នុងចំណោមនោះគឺទើបតែត្រឡប់មកពីសិង្ហបុរី ដោយមិនធ្លាប់មានប្រវត្តិទៅកាន់ទីក្រុងវូហាន (Wuhan) ប្រទេសចិននោះឡើយ។

 

៦៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក្នុងកំឡុងការថ្លែងសារប្រចាំឆ្នាំនៅសភាអាមេរិកបាប្រកាសថា ការសាងសង់ជញ្ជាំងព្រំដែនប្រវែង ៨០០គីឡូម៉ែត្រ នៅឯភាគខាងត្បូងប្រទេសលោក នឹងហើយជាស្ថារពនៅដើមឆ្នាំក្រោយ៕