Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តុលាការម៉ាឡេស៊ីបើកសវនាការជុំវិញសំណុំរឿងពុករលួយ របស់ភរិយាអតីតនាយករដ្ឋមន្ត្រីលោក ណាជីប រ៉ាហ្សាក់ (Video inside)

05-02-2020 16:32

(គូឡាឡាំពួ)៖ តុលាការម៉ាឡេស៊ីបានបើកសវនាការនៅថ្ងៃពុធនេះ លើសំណុំរឿងពុករលួយ ដែលត្រូវបានចោទប្រកាន់ទៅលើលោកស្រី រ៉ូស្មាហ៍ មែនស័រ (Rosmah Mansor) ភរិយារបស់អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក ណាជីប រ៉ាហ្សាក់ (Najib Razak)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២០។

ព្រះរាជអាជ្ញាម៉ាឡេស៊ីលោក ហ្គោផាល ស្រ៊ី រ៉ាម (Gopal Sri Ram) ដែលដឹកនាំសវនាការខាងលើនេះ បានឲ្យដឹងថា លោកស្រី Rosmah ជាមនុស្សធ្លាប់មានឥទ្ធិពលគួរឱ្យកត់សម្គាល់ (កាលពីសម័យស្វាមីលោកស្រី កាន់តំណែងជានាយករដ្ឋមន្ត្រី) ទោះបីជាលោកស្រីមិនបានកាន់តំណែងផ្លូវការណាមួយ នៅក្នុងជួររដ្ឋាភិបាលលោក ណាជីប រ៉ាហ្សាក់ ក៏ដោយ។

គួរបញ្ជាក់ថា ការចោទប្រកាន់ទៅលើលោកស្រី Rosmah មានចំនួន ១៧ករណី ដែលសុទ្ធសឹងតែពាក់ព័ន្ធនឹងអំពើពុករលួយដូចជា ការលាងលុយកខ្វក់ និងបទល្មើសគេចពន្ធជាដើម។ សម្រាប់សវនាការនៅថ្ងៃពុធនេះ គឺត្រូវបានរៀបចំឡើង ដើម្បីជជែកដេញដោលទៅលើការចោទប្រកាន់លោកស្រី Rosmah ថាបានទទួលលុយ ពីក្រុមហ៊ុនមួយដែលកាន់កាប់គំរោងបំពាក់ប្រព័ន្ធសូឡា (Solar Power Project) ទៅដល់សាលារៀនចំនួនជាង ៣០០កន្លែងនៅក្នុងរដ្ឋសារ៉ាវ៉ាក (Sarawak) ជាថ្នូរនឹងការប្រគល់គំរោងឲ្យក្រុមហ៊ុនមួយនោះ ដោយមិនចាំបាច់ឆ្លងកាត់ការដេញថ្លៃ៕