(អាហ្វ្រិក)៖ ជំទាវទីមួយនៃប្រទេស Lesotho នឹងត្រូវបានចោទប្រកាន់ពីបទមានជាប់ពាក់ព័ន្ធនឹងការសម្លាប់ប្រពន្ធដើម របស់លោកនាយករដ្ឋមន្ត្រី Thomas Thabane ដែលបច្ចុប្បន្នជាស្វាមីលោកស្រី។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន Al Jazeera នៅថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២០។
ប៉ូលិសនៅក្នុងប្រទេស Lesotho បានឱ្យដឹងថា លោកស្រី Maesaiah Thabane ដែលបានរត់ចេញពីប្រទេសកាលពីថ្ងៃទី១០ ខែមករា ដើម្បីគេចពីការចាប់ខ្លួន បានត្រឡប់ចូលក្នុងប្រទេសដ៏តូច នៃតំបន់អាហ្វ្រិកមួយនេះ កាលពីរសៀល ថ្ងៃអង្គារ ហើយបានប្រគល់ខ្លួនឱ្យប៉ូលិសនៅក្នុងរដ្ឋធានី Maseru។ ប៉ូលិស បន្ថែមទៀតថា លោកស្រី Maesaia មានអាយុ៤២ឆ្នាំ នឹងត្រូវចំណាយពេលមួយយប់នៅក្នុងមន្ទីរឃុំឃាំង ហើយនឹងត្រូវបានញ្ជូនជាបន្តទៅកាន់តុលាការជាទីដែល លោកស្រី និងមនុស្ស ៨នាក់ផ្សេងទៀត នឹងត្រូវបានចោទប្រកាន់ពីបទមានជាប់ពាក់ព័ន្ធនឹងការសម្លាប់ប្រពន្ធដើម របស់លោកនាយករដ្ឋមន្ត្រី Thomas គឺលោកស្រី Lipolelo។
គួរជម្រាបថា លោកស្រី Lipolelo ត្រូវបានឃាតកបាញ់សម្លាប់ នៅខាងក្រៅផ្ទះរបស់លោកស្រី ក្នុងរដ្ឋធានី Maseru តែពីរថ្ងៃប៉ុណ្ណោះ មុននឹងលោក Thomas Thabane ត្រូវស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិទី២ កាលពីឆ្នាំ២០១៧។ លោក Thomas មានអាយុ៨០ឆ្នាំ បានរៀបការជាមួយប្រពន្ធបច្ចុប្បន្ន គឺលោកស្រី Maesaiah ពីរខែ ក្រោយមរណភាពរបស់ប្រពន្ធដើម។ ដោយឡែក ជុំវិញសំណុំរឿងនេះដែរ លោក Thomas បានប្រកាសកាលពីខែមករា កន្លងទៅថាលោកនឹងលាលែង ចេញពីតំណែង តែមិនបានបញ្ជាក់ពីពេលវេលាឡើយ បន្ទាប់ពីលោកត្រូវបានប៉ូលិសសួរចម្លើយ ជុំវិញការចោទប្រកាន់ថាមានការប្រើប្រាស់ទូរស័ព្ទដៃរបស់លោក ដើម្បីទំនាក់ទំនងជាមួយឃាតក នៅកន្លែងកើតហេតុ៕