(ចិន)៖ ជំងឺផ្លូវដង្ហើមបង្កឡើងដោយមេរោគ «កូរ៉ូណា» បានពុះជ្រែកនូវក្តីស្រឡាញ់ក្នុងក្រុមគ្រួសាររវាងគូស្វាមី និងភរិយា ឬ រវាងឪពុក-ម្តាយ និងកូនជាដើមជាដើម ដើម្បីបញ្ចៀសការឆ្លងទៅគ្នា។ ភាពសោកសៅទាំងនេះ កំពុងអង្រួនបេះដូងមនុស្សជាតិនៅជុំវិញពិភពលោកឱ្យរំជួលចិត្ត និងអាណិតអាសូរជាពន់ពេកសម្រាប់ប្រជាពលរដ្ឋចិន។
នៅយប់ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ វីដេអូថ្មីមួយទៀតបង្ហោះលើទំព័រ Facebook របស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ បង្ហាញពីសកម្មភាពម្តាយ និងកូនស្រី មិនអាចណែបនិត្យបង្ហាញក្តីស្រឡាញ់ ក្តីនឹករលឹកឱ្យគ្នាកំពុងអង្រួនបេះដូងមនុស្សជាតិលើពិភពលោកឱ្យរំជួលចិត្តជាខ្លាំង។
ក្នុងវីដេអូនេះ បានបង្ហាញសកម្មភាពរបស់ម្តាយជាគ្រូពេទ្យ និងកូនស្រី នៅលើមុខពាក់ម៉ាស់ និងលើគ្របកៅស៊ូពីលើ ដើម្បីការពារមេរោគ បានឈរយំទល់មុខរៀបរាប់ពីការនឹករលឹកជាមួយសំឡេងខ្សឹកខ្សួលយ៉ាងខ្លាំង។ ព្រោះតែឥទ្ធិពលនៃជំងឺបង្កឡើងដោយមេរោគ «កូរ៉ូណា» ម្តាយ និងកូនស្រី មិនអាចចូលទៅឱបគ្នាបង្ហាញពីទំហំនៃក្តីស្រឡាញ់ និងក្តីនឹករលឹករបស់ពួកគេបាននោះឡើយ គឺបានត្រឹមតែលើកដៃជាសញ្ញាឱបពីចម្ងាយប៉ុណ្ណោះ។
ក្នុងវីដេអូនេះ បានបង្ហាញទៀត ព្រោះតែបេសកកម្មក្នុងការជួយសង្គ្រោះជីវិតមនុស្សពីជំងឺដ៏កាចសាហាវ «កូរ៉ូណាវីរុស» ស្រ្តីជាម្តាយ បានយកអាហារហើយក៏រត់ចូលក្នុងអគារមន្ទីរពេទ្យទាំងកាត់ចិត្តមិនដាច់ពីកូន រីឯកូនបានត្រឹមឈរសំឡឹងម្តាយរត់ទៅទាំងក្តីនឹករលឹក។
វីដេអូខ្លីមួយនេះ បានប្រៀបដូចជាកាំបិតចាក់ទម្លុះបេះដូងអ្នកទស្សនា ហើយធ្វើឱ្យពួកគេរំជួលចិត្តជាខ្លាំង។ ភាពរំជួលចិត្តទាំងនេះ បានបង្ហាញតាមការសារស័ព្ទយ៉ាងច្រើនតាមរយៈ Comment នៅលើវីដេអូនោះ។
សូមបញ្ជាក់ថា មកដល់ពេលនេះជំងឺផ្លូវដង្ហើមបង្កឡើងដោយមេរោគកូរ៉ូណា បានកើតមានលើមនុស្សជាង២ម៉ឺននាក់ហើយ ហើយមនុស្សប្រមាណ ៤២៧នាក់ បានស្លាប់។ តែក៏មានអ្នកជំងឺប្រមាណ ៧១៦នាក់ផងដែរ ត្រូវបានព្យាបាលឱ្យជាសះស្បើយឡើងវិញ។
មកដល់ពេលនេះ រដ្ឋាភិបាលចិន ក្រុមគ្រូពេទ្យចិន បាននិងកំពុងរួមគ្នាប្រយុទ្ធជាមួយជំងឺបង្កឡើងដោយមេរោគ «កូរ៉ូណា» យ៉ាងស្វិតស្វាញ និងក្លៀវក្លាជាទីបំផុត៕