(បាងកក)៖ ថ្ងៃអង្គារនេះអាជ្ញាធរថៃបានប្រកាសពីករណីថ្មីចំនួន ០៦ទៀតនៃវីរុសកូរ៉ូណា 2019-nCoV ដែលក្នុងនោះរួមមានជនជាតិថៃផ្ទាល់ចំនួន ០៤នាក់។ នេះបើតាមការ ដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃអង្គារ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២០។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលថៃ ក្នុងចំណោមជនជាតិថៃទាំង ០៤នាក់នោះរួមមានប្តីប្រពន្ធមួយគូដែលកន្លងមកបាន ធ្វើដំណើរទៅប្រទេសជប៉ុន និងអ្នកបើករថយន្តតាក់ស៊ីពីរនាក់ ដែលធ្លាប់ដឹកអ្នកដំណើរជាជនជាតិចិននៅក្នុងប្រទេសថៃ។ សម្រាប់ករណី ០២ថ្មីទៀត គឺជាជនជាតិចិន។ ប្រការនេះធ្វើចំនួនអ្នកឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី ដែលត្រូវបានរកឃើញនៅក្នុងទឹកដីរបស់ថៃ សរុបកើនឡើងដល់ ២៥នាក់ហើយ។
គួរជម្រាបថា គិតត្រឹមរបាយការណ៍នាថ្ងៃអង្គារនេះ វីរុសផ្លូវដង្ហើម «កូរ៉ូណា» ប្រភេទថ្មី ដែលអង្គការសុខភាពពិភពលោកដាក់ឈ្មោះសម្គាល់ ឲ្យថា 2019-nCoV បានផ្តាច់ជីវិតមនុស្សកើនដល់ ៤២៥នាក់នៅចិនដីគោក ម្នាក់នៅទីក្រុងហុងកុង និងម្នាក់នៅប្រទេសហ្វីលីពីន ហើយបានឆ្លងរហូតដល់ជាង ២ម៉ឺននាក់។
ខាងក្រោមនេះគឺជាចំនួនអ្នកឆ្លង និងបាត់បង់ជីវិតដោយសារវីរុសកូរ៉ូណាថ្មី នៅតាមបណ្តាប្រទេស និងតំបន់នានាទូទាំងពិភពលោក៖
១៖ ប្រទេសចិនឆ្លង ២០,៤៣៨ករណី និងបាត់បង់ជីវិត ៤២៥នាក់
២៖ ទីក្រុងហុងកុង ១៥ករណីឆ្លង និងស្លាប់ម្នាក់
៣៖ ទីក្រុងម៉ាកាវ ០៨ករណីឆ្លង
៤៖ កោះតៃវ៉ាន់ ១០ករណីឆ្លង
៥៖ ប្រទេសជប៉ុន ២០ករណីឆ្លង
៦៖ ប្រទេសថៃ ២៥ករណីឆ្លង
៧៖ ប្រទេសសិង្ហបុរី ២៤ករណីឆ្លង
៨៖ ប្រទេសកូរ៉េខាងត្បូង ១៦ករណីឆ្លង
៩៖ ប្រទេសអូស្ត្រាលី ១២ករណីឆ្លង
១០៖ សហរដ្ឋអាមេរិក ១១ករណីឆ្លង
១១៖ ប្រទេសអាល្លឺម៉ង់ ១២ករណីឆ្លង
១២៖ ប្រទេសម៉ាឡេស៊ី ១០ករណីឆ្លង
១៣៖ ប្រទេសវៀតណាម ១០ករណីឆ្លង
១៤៖ ប្រទេសបារាំង ០៦ករណីឆ្លង
១៥៖ ប្រទេសអេមីរ៉ាត់អារ៉ាប់រួម ០៥ករណីឆ្លង
១៦៖ ប្រទេសកាណាដា ០៤ករណីឆ្លង
១៧៖ ប្រទេសអ៊ីតាលី ០២ករណីឆ្លង
១៨៖ ចក្រភពអង់គ្លេស ០២ករណីឆ្លង
១៩៖ ប្រទេសរុស្ស៉ី ០២ករណីឆ្លង
២០៖ ប្រទេសកម្ពុជា ០១ករណីឆ្លង
២១៖ ប្រទេសនេប៉ាល់ ០១ករណីឆ្លង
២២៖ ប្រទេសហ្វីលីពីន ០២ករណីឆ្លង និងស្លាប់ម្នាក់
២៣៖ ប្រទេសស្រីលង្កា ០១ករណីឆ្លង
២៤៖ ប្រទេសឥណ្ឌា ០៣ករណីឆ្លង
២៥៖ ប្រទេសហ្វាំងឡង់ ០១ករណីឆ្លង
២៦៖ ប្រទេសស៊ុយអែត ០១ករណីឆ្លង
២៧៖ ប្រទេសអេស្ប៉ាញ ០១ករណីឆ្លង
២៨៖ ប្រទេសប៊ែលហ្សិក ០១ករណីឆ្លង
តួលេខខាងលើ គឺគិតត្រឹមម៉ោង ០៥៖៤៥នាទីល្ងាចថ្ងៃអង្គារ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២០៕