(សិង្ហបុរី)៖ សិង្ហបុរីនាថ្ងៃអង្គារនេះបានប្រកាសពីករណីថ្មីចំនួន ០៦ទៀតនៃវីរុសកូរ៉ូណា 2019-nCoV ដែលក្នុងនោះមាន 0៤ករណីជាករណីដំបូង នៃការឆ្លងនៅក្នុងប្រទេស សិង្ហបុរីផ្ទាល់ ហើយប្រការនេះធ្វើឲ្យករណីសរុបនៃវីរុសកូរ៉ូណាប្រភេទថ្មី នៅសិង្ហបុរីកើនដល់ ២៤ករណី។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNA នៅល្ងាចថ្ងៃអង្គារ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២០។
ក្នុងចំណោម ០៦ករណីខាងលើ អ្នករស់នៅសិង្ហបុរី ០៤នាក់ដែលមិនធ្លាប់ធ្វើដំណើរទៅកាន់ទីក្រុង វូហាន (Wuhan) ឬមួយក៏ប្រទេសចិនឡើយនោះ ត្រូវបានធ្វើតេស្តរកឃើញថា មានផ្ទុកវីរុសកូរ៉ូណា 2019-nCoV ដែលមានប្រភពចេញពី Wuhan ដែលស្ថិតនៅខេត្តហ៊ូប៉ី (Hubei) ភាគកណ្តាលប្រទេសចិន។ ក្នុងចំណោមអ្នកទាំង ០៤ មានម្នាក់ជាមគ្គុទ្ទេសក៍ទេសចរណ៍ ដែលកន្លងមកធ្លាប់បាននាំអ្នកទេសចរចិនមួយក្រុមដើរកម្សាន្ត និងពីរនាក់ ធ្វើការនៅហាងមួយ ដែលក្រុមទេសចរចិននោះបានចូល រីឯម្នាក់ចុងក្រោយវិញគឺជាជនជាតិឥណ្ឌូណេស៊ី មានការងារជាអ្នកបម្រើតាមផ្ទះ របស់អ្នកឆ្លងម្នាក់ក្នុងចំណោមអ្នកទាំង ០៣នោះ។
គួរជម្រាបថា សម្រាប់ ០២ករណីទៀត ក្នុងចំណោមករណីថ្មីទាំង ០៦ គឺជាជនជាតិសិង្ហបុរី ដែលទើបជម្លៀសចេញពីទីក្រុង Wuhan។ ប្រការនេះធ្វើឲ្យករណីអ្នកឆ្លងវីរុសកូរ៉ូណា 2019-nCoV ដែលត្រូវបានរកឃើញនៅក្នុងប្រទេសសិង្ហបុរី បានកើនដល់ ២៤នាក់ហើយ ខណៈករណី ១៨នាក់មុនសុទ្ធតែករណីអ្នកឆ្លងពីក្នុងប្រទេសចិន ហើយចូលមកកាន់សិង្ហបុរី៕