(ហាណូយ)៖ នៅវៀតណាម អ្នកជំងឺវីរុសផ្លូវដង្ហើម «កូរ៉ូណា» ប្រភេទថ្មី ដែលមានប្រភពចេញពីក្រុង Wuhan ប្រទេសចិន សរុបចំនួន៣នាក់ ហើយ ត្រូវបានព្យាយាមជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន VN Express នៅរសៀលថ្ងៃអង្គារ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២០។
អ្នកទាំង៣នោះ រួមមានស្រ្តីជនជាតិវៀតណាមម្នាក់ ដែលត្រូវបានបញ្ជូនឲ្យទៅសិក្សាវគ្គបំប៉នការងារ នៅទីក្រុង Wuhan រយៈពេល ២ខែ បុរសជនជាតិចិនម្នាក់ដែលឆ្លងពីឪពុករបស់ខ្លួន ខណៈឪពុកនោះបានមកកាន់វៀតណាម ដោយចេញពីក្រុង Wuhan ខណៈបុគ្គលទីបីគឺជា ស្រ្តីអាយុ២៥ឆ្នាំម្នាក់ ដែលជាអ្នកទទួលភ្ញៀវនៅសណ្ឋាគារមួយកន្លែងក្នុងក្រុង Nha Trang ដែលឪពុក-កូនជនជាតិចិនទាំងពីរនាក់ បានចូល ស្នាក់នៅ។ យ៉ាងណាមិញ បុរសជនជាតិចិនដែលមានឈ្មោះថា Li Zichao បើទោះបីជាត្រូវបានក្រុមគ្រូពេទ្យវៀតណាមអនុញ្ញាតឲ្យចេញពី មន្ទីរពេទ្យក៏ ដោយ លោកចង់នៅរង់ចាំមើលថែឪពុក ដែលកំពុងស្ថិតក្រោមការព្យាយាមនៅឡើយសិន។
គួរជម្រាបថា គិតត្រឹមរសៀលថ្ងៃអង្គារនេះ វៀតណាមមានករណីអ្នកបានឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី ចំនួន១០ករណី ក្នុងនោះរួមមានពលរដ្ឋ អាមេរិកដែលមានដើមកំណើតវៀតណាមម្នាក់ ដែលគាត់បានឆ្លងកាត់ទីក្រុង Wuhan ក្នុងកំឡុងការធ្វើដំណើរពីសហរដ្ឋអាមេរិកឆ្ពោះមក កាន់ប្រទេសវៀតណាម ព្រមទាំងបុគ្គលិកក្រុមហ៊ុនមួយជាជនជាតិវៀតណាមចំនួន៦នាក់ ដែលត្រឡប់មកពី Wuhan និងឪពុក-កូនជនជាតិ ចិនទាំងពីរនាក់ ប៉ុន្តែ៣នាក់ត្រូវបានជាសះស្បើយ៕