(គូឡាឡាំពួ)៖ ជើងហោះហើរពិសេសមួយ ដឹកពលរដ្ឋម៉ាឡេស៊ីពីក្រុង វូហាន (Wuhan) ប្រទេសចិន ដែលជាចំណុចផ្ទុះខ្លាំងបំផុតនៃវីរុសផ្លូវដង្ហើម «កូរ៉ូណា» ប្រភេទថ្មី បានមកដល់អាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួហើយ នៅព្រឹកថ្ងៃអង្គារនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២០។
ជើងហោះហើរខាងលើរបស់អាកាសចរណ៍ AirAsia បានចុះមកដល់ព្រលានយន្តហោះក្រុងគូឡាឡាំពួ កាលពីវេលាម៉ោង ០៥៖៥៧នាទីព្រឹកថ្ងៃ អង្គារនេះ (ពេលវេលានៅទីក្រុងគូឡាឡាំពួ) ជាមួយពលរដ្ឋម៉ាឡេស៊ី និងគ្រួសាររបស់ពួកគេសរុបទាំងអស់ ១០៧នាក់។ យន្តហោះនោះ ត្រូវបានបញ្ជូនចេញពីគូឡាឡាំពួទៅកាន់ Wuhan កាលពីរសៀលថ្ងៃចន្ទម្សិលមិញ ហើយវាក៏បាននាំយកស្រោមដៃប្រមាណកន្លះលានគូ ដើម្បីជាការជួយដល់រដ្ឋាភិបាលចិន ក្នុងកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងការរីករាលដាលនៃវីរុសកូរ៉ូណា នៅក្នុងប្រទេសចិនផងដែរ។
គួរជម្រាបថា អ្នកដំណើរទាំងអស់នោះ នៅពេលមកដល់ម៉ាឡេស៊ី ត្រូវឆ្លងកាត់ការពិនិត្យមើលសុខភាព នៅឯអាកាសយានដ្ឋានខាងលើ ហើយអ្នកដែលរកឃើញថា មានរោគសញ្ញានៃវីរុសកូរ៉ូណា នឹងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ហើយអ្នកដទៃទៀតត្រូវបញ្ជូនតាមរថយន្តក្រុង ឆ្ពោះទៅកាន់មជ្ឈមណ្ឌលតាមដានពិសេសមួយ។ បច្ចុប្បន្ននៅម៉ាឡេស៊ីមានករណីអ្នកផ្ទុកវីរុសកូរ៉ូណាប្រភេទថ្មីចំនួន ០៨ករណី។
គួរជម្រាបថា ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណា នៅក្នុងប្រទេសចិន បានកើនដល់ ៤២៥នាក់ហើយ ២០,៤៣៨នាក់បានឆ្លង។ ខាងក្រោមនេះ គឺជាតួលេខនៃចំនួនអ្នកស្លាប់ និងឆ្លងវីរុសកូរ៉ូណា 2019-nCoV នៅតាមប្រទេស និងតំបន់នានាទូទាំងពិភពលោក៖
១៖ ប្រទេសចិនឆ្លង ២០,៤៣៨ករណី និងបាត់បង់ជីវិត ៤២៥នាក់
២៖ ទីក្រុងហុងកុង ១៥ករណីឆ្លង និងស្លាប់ម្នាក់
៣៖ ទីក្រុងម៉ាកាវ ០៨ករណីឆ្លង
៤៖ កោះតៃវ៉ាន់ ១០ករណីឆ្លង
៥៖ ប្រទេសជប៉ុន ២០ករណីឆ្លង
៦៖ ប្រទេសថៃ ១៩ករណីឆ្លង
៧៖ ប្រទេសសិង្ហបុរី ១៨ករណីឆ្លង
៨៖ ប្រទេសកូរ៉េខាងត្បូង ១៥ករណីឆ្លង
៩៖ ប្រទេសអូស្ត្រាលី ១២ករណីឆ្លង
១០៖ សហរដ្ឋអាមេរិក ១១ករណីឆ្លង
១១៖ ប្រទេសអាល្លឺម៉ង់ ១២ករណីឆ្លង
១២៖ ប្រទេសម៉ាឡេស៊ី ០៨ករណីឆ្លង
១៣៖ ប្រទេសវៀតណាម ០៨ករណីឆ្លង
១៤៖ ប្រទេសបារាំង ០៦ករណីឆ្លង
១៥៖ ប្រទេសអេមីរ៉ាត់អារ៉ាប់រួម ០៥ករណីឆ្លង
១៦៖ ប្រទេសកាណាដា ០៤ករណីឆ្លង
១៧៖ ប្រទេសអ៊ីតាលី ០២ករណីឆ្លង
១៨៖ ចក្រភពអង់គ្លេស ០២ករណីឆ្លង
១៩៖ ប្រទេសរុស្ស៉ី ០២ករណីឆ្លង
២០៖ ប្រទេសកម្ពុជា ០១ករណីឆ្លង
២១៖ ប្រទេសនេប៉ាល់ ០១ករណីឆ្លង
២២៖ ប្រទេសហ្វីលីពីន ០២ករណីឆ្លង និងស្លាប់ម្នាក់
២៣៖ ប្រទេសស្រីលង្កា ០១ករណីឆ្លង
២៤៖ ប្រទេសឥណ្ឌា ០៣ករណីឆ្លង
២៥៖ ប្រទេសហ្វាំងឡង់ ០១ករណីឆ្លង
២៦៖ ប្រទេសស៊ុយអែត ០១ករណីឆ្លង
២៧៖ ប្រទេសអេស្ប៉ាញ ០១ករណីឆ្លង
តួលេខខាងលើ គឺគិតត្រឹមម៉ោង ១១៖៣០នាទីព្រឹកថ្ងៃអង្គារ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២០៕