(ហុងកុង)៖ មេដឹកនាំទីក្រុងហុងកុងលោកស្រី ខារី ឡាំ (Carrie Lam) នាថ្ងៃចន្ទនេះ បានប្រកាសបិទច្រកព្រំដែនចំនួន ១០ ក្នុងចំណោមច្រកព្រំដែនសរុបទាំង ១៣ ជាមួយប្រទេសចិន ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសផ្លូវដង្ហើម «កូរ៉ូណា» ប្រភេទថ្មី (2019-nCoV) ខណៈកំពុងមានការធ្វើកូដកម្មទាមទារ ឲ្យបិទព្រំដែនទាំងស្រុងគ្រប់ល្ហកច្រកតែម្តង។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNA នៅល្ងាចថ្ងៃចន្ទ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២០។
កន្លងមកនេះហុងកុងបានសម្រេចផ្អាកប្រតិបត្តិការមួយចំនួន នៅតាមព្រំដែនរួចស្រេចទៅហើយ រួមមានសេវាទូកចម្លងឆ្លងព្រំដែន និងសេវា រថភ្លើងល្បឿនលឿនជាដើមជាមួយចិនដីគោក។ ទាក់ទងនឹងការទាមទារចង់ឲ្យហុងកុង បិទព្រំដែនទាំងស្រុងជាមួយចិន លោកស្រី Lam បានលើកឡើងថា ការធ្វើយ៉ាងដូច្នោះគឺជាទង្វើមិនត្រឹមត្រូវ និងមិនសមហេតុផល ហើយថែមទាំងបង្ហាញពីការរើសអើងជាតិសាសន៍ឯងទៀតផង។
គួរជម្រាបថា លោកស្រីអភិបាលក្រុងហុងកុង បានធ្វើសេចក្តីប្រកាសដូចខាងលើ ខណៈដែលក្រុមបុគ្គលិកមន្ទីរពេទ្យនៅហុងកុង កំពុងតែនាំគ្នាធ្វើកូដកម្ម និងស្តែងតវ៉ាទាមទារឲ្យរដ្ឋបាលហុងកុង បិទព្រំដែនទាំងអស់ជាមួយចិនតែម្តង ដើម្បីទប់ស្កាត់កុំឲ្យអ្នកដំណើរពីចិនដីគោកចូលមកទៀតបាន ក្រោមហេតុផលថា ការបន្តអនុញ្ញាតឲ្យពួកគេទាំងនោះចូលមកហុងកុង គឺជាការគំរាមកំហែងខ្លាំង។
ជុំវិញបញ្ហាខាងលើនេះ មន្រ្តីជាន់ខ្ពស់ហុងកុងលោក ម៉ាត់ស៊ូ ឈឹង (Matthew Cheung) បានទទូចហើយថា សូមឲ្យបុគ្គលិកពេទ្យទាំងអស់នៅហុងកុង ព្យាយាមប្រកាន់ខ្ជាប់នូវស្មាតីដែលប្រកបដោយវិជ្ជាជីវៈ ក្នុងនាមជាអ្នកជួយសង្រ្គោះជីវិត ដើម្បីរួមគ្នាប្រយុទ្ធនឹងការរាតត្បាតនៃវីរុសកូរ៉ូណាថ្មី។ បច្ចុប្បន្នហុងកុងមានករណីអ្នកផ្ទុកវីរុសកូរ៉ូណាចំនួន ១៥ករណី៕