(ហាណូយ)៖ ស្រ្តីជនជាតិវៀតណាមម្នាក់ត្រូវបានអនុញ្ញាត ឲ្យចាកចេញពីមន្ទីរពេទ្យនៅប្រទេសវៀតណាម បន្ទាប់ពីក្រុមគ្រូពេទ្យបានប្រកាសថា នាងលែងមានផ្ទុកវីរុសផ្លូវដង្ហើម «កូរ៉ូណា» ប្រភេទថ្មីក្នុងខ្លួនទៀតហើយ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន VN Express នៅល្ងាចថ្ងៃចន្ទ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២០។
ស្រ្តីម្នាក់នោះមានឈ្មោះថា ង្វៀន ធូត្រាង (Nguyen Thu Trang) អាយុ ២៥ឆ្នាំ មកពីខេត្ត ថាញ់ហាវ (Thanh Hoa) ភាគកណ្តាលប្រទេសវៀតណាម ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ កាលពីព្រឹកថ្ងៃចន្ទនេះ។ ប្រធានមន្ទីរពេទ្យខេត្ត Thanh Hoa បានប្រាប់ថា អ្នកជំងឺម្នាក់នោះលែងមានអាការៈគ្រុនក្តៅ ០៦ថ្ងៃជាប់គ្នាហើយ ខណៈសុខភាពរបស់នាងឥឡូវក៏បានរឹងមាំឡើងវិញដែរ រីឯការធ្វើតេស្តពីរលើកចុងក្រោយ ដើម្បីរកមើលវីរុសក៏បានបង្ហាញលទ្ធផលមកថា អវិជ្ជមានផងដែរ។
ស្រ្តីឈ្មោះ Trang ខាងលើស្ថិតក្នុងចំណោមបុគ្គលជនជាតិវៀតណាម ០៤នាក់ របស់ក្រុមហ៊ុនជប៉ុន នីហុនផ្លាស (Nihon Plast) ដែលបានឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី បន្ទាប់ពីពួកគេត្រឡប់មកពីសិក្សាវគ្គបំប៉នរយៈពេលពីរខែ នៅក្រុងវូហាន (Wuhan) នៃខេត្តហ៊ូប៉ី (Hubei) របស់ចិន ដែលជាចំណុចផ្ទុះឡើងដំបូងនៃវីរុស។
គួរជម្រាបថា បច្ចុប្បន្នវៀតណាមមានករណីវីរុសកូរ៉ូណាសរុបចំនួន ០៨ ក្នុងនោះ ០៤ករណីទៀតរួមមានអ្នកដំណើរម្នាក់ជាពលរដ្ឋអាមេរិកដើមកំណើតវៀតណាម។ អ្នកដំណើរម្នាក់នោះបានឡើងយន្តហោះពីអាមេរិកផ្ទាល់ ដើម្បីឆ្ពោះមកកាន់វៀតណាម ប៉ុន្តែត្រូវឈប់នៅក្រុង Wuhan រយៈពេល ០២ម៉ោង។ រីឯពីរនាក់ទៀត ជាជនជាតិចិនត្រូវជាឪពុកនឹងកូនប្រុស ដោយពួកគេគឺជាករណីដំបូង ដែលត្រូវបានរកឃើញនៅក្នុងប្រទេសវៀតណាម ហើយម្នាក់ចុងក្រោយគឺជាអ្នកទទួលភ្ញៀវនៅសណ្ឋាគារ ដែលអ្នកទាំងពីរបានចូលស្នាក់នៅក្នុងក្រុង ញ៉ាត្រា (Nha Trang)៕