(សាន់ហ្វ្រាន់ស៊ីស្កូ)៖ ក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គមរបស់សហរដ្ឋអាមេរិក Twitter បានបិទគណនីរបស់វែបសាយមួយមានឈ្មោះថា Zero Hedge បន្ទាប់ពីវែបសាយនោះបានចុះផ្សាយអត្ថបទភ្ជាប់ការរីករាលដាលនៃវីរុសកូរ៉ូណា 2019-nCoV ទៅនឹងអ្នកវិទ្យាសាស្រ្តចិនម្នាក់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២០។
ក្រុមហ៊ុន Twitter បានបញ្ជាក់ប្រាប់ Reuters កាលពីថ្ងៃអាទិត្យថា គណនី Twitter របស់វែបសាយ Zero Hedge ត្រូវបានបិទជាអចិន្ត្រៃយ៍តែម្តង ដោយសារតែការបង្ហោះព័ត៌មានបំពានលើគោលការណ៍របស់ Twitter។ ការបិទនេះធ្វើឡើង បន្ទាប់ពីក្រុមហ៊ុន Twitter ទទួលបានដំណឹងពីវែបសាយព័ត៌មានអាមេរិក BuzzFeed។ BuzzFeed បានប្រាប់ថា វែបសាយ Zero Hedge ក្រៅពីចេញផ្សាយអត្ថបទចោទប្រកាន់អ្នកវិទ្យាសាស្រ្តចិនម្នាក់នៅទីក្រុង Wuhan ថា ជាអ្នកបង្កើតវីរុសកូរ៉ូណាប្រភេទថ្មី ដើម្បីធ្វើជាអាវុធជីវសាស្រ្ត វែបសាយនោះក៏បានបញ្ចេញព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកវិទ្យាសាស្រ្តចិនរូបនោះថែមទៀតផង។ អត្ថបទរបស់វែបសាយ Zero Hedge មានចំណងជើងថា «តើបុរសម្នាក់នេះមែនទេ ដែលជាអ្នកនៅពីក្រោយការផ្ទុះរាលដាលនៃវីរុសកូរ៉ូណា?»។
គួរជម្រាបថា កាលពីសប្តាហ៍មុន ក្រុមហ៊ុន Twitter បានបញ្ជាក់ហើយថា គណនីទាំងឡាយមិនថាជារបស់បុគ្គល ឬក៏របស់ស្ថាប័នណាមួយឡើយ ដែលចូលរួមចំណែកក្នុងការព្យាយាមចែកចាយព័ត៌មានបំភ្លៃអំពីបញ្ហាវីរុសកូរ៉ូណាប្រភេទថ្មី នៅលើបណ្តាញសង្គម Twitter នឹងត្រូវរងការព្រមានឬបិទចោលតែម្តង។ ក្រៅពី Twitter បណ្តាញសង្គមធំៗដទៃទៀត ដូចជា Facebook ក៏បានប្រកាសថា នឹងចាត់វិធានការទប់ស្កាត់ការបង្ហោះក៏ដូចជាចែកចាយព័ត៌មានមិនអំពីវីរុសនេះដូចគ្នាដែរ។ Zero Hedge ជាវែបសាយដែលភាគច្រើនចុះផ្សាយព័ត៌មានអំពីវិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ច ហើយមានអ្នកតាមដាន (Follower) ជាង៦៧០,០០០នាក់ នៅពេលត្រូវ Twitter បិទគណនីចោល៕