(អាហ្រ្វិក)៖ មនុស្សយ៉ាងហោចចំនួន២០នាក់បានបាត់បង់ជីវិត និងជាង១០នាក់ទៀតបានរងរបួស ក្នុងហេតុការណ៍ផ្អើលរត់ ជាន់គ្នា កំឡុងពិធីជួបជុំបែបសាសនាគ្រឹស្តមួយ ដែលប្រព្រឹត្តទៅនៅកីឡដ្ឋានមួយកន្លែង ស្ថិតក្នុងតំបន់ភាគខាងជើងប្រទេសតង់ហ្សានី ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃអាទិត្យ ទី០២ ខែកុម្ភៈ ឆ្នាំ២០២០។

បើតាមអាជ្ញាធរប្រទេសតង់ហ្សានី ដែលស្ថិតនៅតំបន់អាហ្វ្រិកខាងកើត កាលពីយប់ថ្ងៃសៅរ៍សប្តាហ៍នេះ (ពេលវេលាក្នុងតំបន់ នៅ តង់ហ្សានី) មនុស្សខ្ទង់រយនាក់បានប្រមូលផ្តុំគ្នានៅកីឡដ្ឋានមួយកន្លែង ស្ថិតក្នុងក្រុង Moshi ក្បែរភ្នំ Kilimanjaro ហើយក៏បានជាន់ គ្នាស្លាប់ នៅពេលពួកគេស្រាប់តែស្ទុះដណ្តើមគ្នាទៅទទួល «ប្រេងពិសេស» កំឡុងពិធីសាសនាគ្រឹស្តមួយ។ ហេតុការណ៍នោះ ក៏បានបណ្តាលឲ្យមនុស្សយ៉ាងតិច ២០នាក់បាត់បង់ជីវិត និង១៦នាក់រងរបួស ខណៈក្នុងចំណោមអ្នកស្លាប់មានក្មេង៥នាក់។

គួរជម្រាបថា ប៉ុន្មានឆ្នាំចុងក្រោយនេះ នៅប្រទេសតង់ហ្សានី មានចំនួនកើនឡើងគួរឲ្យកត់សម្គាល់នូវ គ្រូផ្សព្វផ្សាយសាសនាគ្រឹស្ត ជាជនជាតិតង់ហ្សានីផ្ទាល់ ដែលសន្យាអំពីការជួយស្រោចស្រង់ប្រជាជនឲ្យរួចផុតពីភាពក្រីក្រ និងជាពីជំងឺផ្សេងៗជាដើម៕