(ហុងកុង)៖ ខណៈហុងកុង ដែលជាតំបន់រដ្ឋបាលពិសេសរបស់ចិន កំពុងប្រឹងប្រែងទប់ស្កាត់ការរាលដាលនៃវីរុសផ្លូវដង្ហើម «កូរ៉ូណា» ប្រភេទថ្មី 2019-nCoV បុគ្គលិកនៅ តាមមន្ទីរពេទ្យហុងកុងប្រមាណ៩,០០០នាក់ នាចុងសប្តាហ៍នេះ បានព្រមានថាពួកគេនឹងធ្វើកូដកម្មនៅថ្ងៃចន្ទស្អែក ដើម្បីទាមទារឲ្យរដ្ឋបាលទីក្រុង ហុងកុងបិទច្រកព្រំដែនទាំងអស់ជាមួយប្រទេសចិន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន New York Times នៅរសៀលថ្ងៃអាទិត្យ ទី០២ ខែកុម្ភៈ ឆ្នាំ២០២០។
មូលហេតុដែលបុគ្គលិកពេទ្យទាំងនោះចង់ទាមទារឲ្យធ្វើដូចខាងលើ ព្រោះពួកគេយល់ថា ការបន្តអនុញ្ញាតឲ្យអ្នកដំណើរពីចិនដីគោក ចូលមកហុងកុង នឹងបង្កការគំរាមកំហែងធ្ងន់ធ្ងរដល់បុគ្គលិកផ្នែកសុខាភិបាល នៅក្នុងទីក្រុងនេះ។ កន្លងមក ហុងកុងបានផ្អាកសេវាធ្វើដំណើរតាមមធ្យោបាយមួយចំនួនជាមួយចិនរួចស្រេចទៅហើយ។ នៅថ្ងៃចន្ទស្អែក ពួកគេគ្រោង នឹងធ្វើឲ្យរាំងស្ទះផ្នែកសេវាកម្មដែលមិនមានលក្ខណៈបន្ទាន់ នៅតាមមន្ទីរពេទ្យ តាមរយៈការមិនចូលធ្វើការ ហើយអាចនឹងបន្តទៅ ដល់ផ្នែកសេវាសង្រ្គោះបន្ទាន់ថែមទៀត ប្រសិនបើមិនធ្វើតាមសំណើរបស់ពួកគេ។
ឆ្លើយតបនឹងការព្រមាននេះ មន្រ្តីជាន់ខ្ពស់ទីក្រុងហុងកុង លោក Matthew Cheung បានទទូចឲ្យបុគ្គលិកពេទ្យទាំងអស់ ព្យាយាម ប្រកាន់ខ្ជាប់នូវស្មាតីដែលប្រកបដោយវិជ្ជាជីវៈក្នុងនាមជាអ្នកជួយសង្រ្គោះជីវិត ដើម្បីរួមគ្នាប្រយុទ្ធនឹងការវាយលុកនៃវីរុសកូរ៉ូណា។
គួរជម្រាបថា គិតត្រឹមថ្ងៃសៅរ៍ម្សិលមិញ ករណីអ្នកផ្ទុកវីរុសកូរ៉ូណា 2019-nCoV នៅហុងកុង មាន១៤ករណី ខណៈនៅប្រទេសចិន គឺបានកើនដល់១៤,៣៨០នាក់ (មិនរាប់ហុងកុង ម៉ាកាវ និងតៃវ៉ាន់) ហើយមានអ្នកស្លាប់កើនដល់៣០៤នាក់។ ដោយឡែក ហ្វីលីពីន ទើបតែបានប្រកាសថា ជនជាតិចិនម្នាក់នៅទីនោះ ដែលមានផ្ទុកវីរុសកូរ៉ូណា បានបាត់បង់ជីវិតដោយសារជំងឺនេះ កាលពីថ្ងៃសៅរ៍ម្សិលមិញ ។
ខាងក្រោមនេះ គឺជាតួលេខនៃចំនួនអ្នកស្លាប់ និងឆ្លងវីរុសកូរ៉ូណា 2019-nCoV នៅតាមប្រទេស និងតំបន់នានាទូទាំងពិភពលោក៖
១៖ ប្រទេសចិនឆ្លង ១៤,៣៨០ករណី និងបាត់បង់ជីវិត ៣០៤នាក់
២៖ ទីក្រុងហុងកុង ១៤ករណីឆ្លង
៣៖ ទីក្រុងម៉ាកាវ ០៧ករណីឆ្លង
៤៖ កោះតៃវ៉ាន់ ១០ករណីឆ្លង
៥៖ ប្រទេសជប៉ុន ២០ករណីឆ្លង
៦៖ ប្រទេសថៃ ១៩ករណីឆ្លង
៧៖ ប្រទេសសិង្ហបុរី ១៨ករណីឆ្លង
៨៖ ប្រទេសកូរ៉េខាងត្បូង ១៥ករណីឆ្លង
៩៖ ប្រទេសអូស្ត្រាលី ១២ករណីឆ្លង
១០៖ សហរដ្ឋអាមេរិក ០៨ករណីឆ្លង
១១៖ ប្រទេសអាល្លឺម៉ង់ ០៨ករណីឆ្លង
១២៖ ប្រទេសម៉ាឡេស៊ី ០៨ករណីឆ្លង
១៣៖ ប្រទេសវៀតណាម ០៦ករណីឆ្លង
១៤៖ ប្រទេសបារាំង ០៦ករណីឆ្លង
១៥៖ ប្រទេសអេមីរ៉ាត់អារ៉ាប់រួម ០៥ករណីឆ្លង
១៦៖ ប្រទេសកាណាដា ០៤ករណីឆ្លង
១៧៖ ប្រទេសអ៊ីតាលី ០២ករណីឆ្លង
១៨៖ ចក្រភពអង់គ្លេស ០២ករណីឆ្លង
១៩៖ ប្រទេសរុស្ស៉ី ០២ករណីឆ្លង
២០៖ ប្រទេសហ្វីលីពីន ០២ករណីឆ្លង ក្នុងនោះស្លាប់ម្នាក់
២១៖ ប្រទេសនេប៉ាល់ ០១ករណីឆ្លង
២២៖ ប្រទេសកម្ពុជា ០១ករណីឆ្លង
២៣៖ ប្រទេសស្រីលង្កា ០១ករណីឆ្លង
២៤៖ ប្រទេសឥណ្ឌា ០១ករណីឆ្លង
២៥៖ ប្រទេសហ្វាំងឡង់ ០១ករណីឆ្លង
២៦៖ ប្រទេសស៊ុយអែត ០១ករណីឆ្លង
២៧៖ ប្រទេសអេស្ប៉ាញ ០១ករណីឆ្លង
តួលេខខាងលើ គឺគិតត្រឹមម៉ោង០១៖០០នាទីរសៀល ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២០។