Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING NEWS: អ្នកផ្ទុកវីរុសកូរ៉ុណាម្នាក់នៅហ្វីលីពីនបាត់បង់ជីវិត ដែលវាជាករណីស្លាប់ដំបូងនៅក្រៅប្រទេសចិន (Video inside)

02-02-2020 10:29

(ម៉ានីល)៖ ក្រសួងសុខាភិបាលហ្វីលីពីននាថ្ងៃអាទិត្យនេះ បានប្រកាសថា អ្នកផ្ទុកវីរុសកូរ៉ូណា 2019-nCoV ម្នាក់នៅក្នុងប្រទេសខ្លួន បានបាត់បង់ជីវិត។ នេះករណីទីមួយហើយ ដែលមានមនុស្សស្លាប់ដោយសារវីរុសកូរ៉ូណាប្រភេទថ្មី នៅក្រៅប្រទេសចិន។ នេះបើ តាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNN Philippines នៅព្រឹកថ្ងៃអាទិត្យ ទី០២ ខែកុម្ភៈ ឆ្នាំ២០២០។

យោងតាមក្រសួងសុខាភិបាលហ្វីលីពីន បុរសជនជាតិចិនវ័យ៤៤ឆ្នាំម្នាក់ បានស្លាប់ដោយសារតែវីរុសកូរ៉ូណា 2019-nCoV កាលពី ថ្ងៃសៅរ៍ម្សិលមិញ ដោយ គាត់គឺជាអ្នករួមដំណើរជាមួយស្រ្តីជនជាតិចិនម្នាក់ទៀតអាយុ៣៨ឆ្នាំ ដែលបានមកដល់ប្រទេសហ្វីលីពីន កាលពី២១ ខែមករា ឆ្នាំ២០២០ ក្រោយចេញពីទីក្រុង Wuhan របស់ប្រទេសចិន។ ស្រ្តីជនជាតិចិនអាយុ៣៨ឆ្នាំនោះ ជាបុគ្គលដំបូង ដែលត្រូវបានធ្វើតេស្តរកឃើញថា មានផ្ទុកវីរុសកូរ៉ូណាប្រភេទថ្មី នៅហ្វីលីពីន ហើយបុរសជនជាតិចិនវ័យ៤៤ឆ្នាំនោះ ជាបុគ្គលទីពីរ។

រដ្ឋមន្រ្តីសុខាភិបាលហ្វីលីពីន លោក Francisco Duque បានបញ្ជាក់ថា បុរសជនជាតិចិនខាងលើ ត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យហ្វីលីពីន San Lazaro កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ ហើយប៉ុន្មានថ្ងៃចុងក្រោយនេះ ស្ថានភាពសុខភាពរបស់អ្នកជំងឺបានចុះទ្រុឌទ្រោមខ្លាំង រហូតបណ្តាលឲ្យបាត់បង់ជីវិតតែម្តង។

គួរជម្រាបថា បើតាមទីភ្នាក់ងាររបស់អង្គការសុខភាពពិភពលោកប្រចាំនៅប្រទេសហ្វីលីពីន ខណៈនេះគឺករណីដំបូងពិតមែន នៃអ្នកជំងឺវីរុសកូរ៉ូណា 2019-nCoV ដែលស្លាប់ នៅក្រៅប្រទេសចិន ប៉ុន្តែវាគឺជាករណីនាំចូល មិនឆ្លងនៅក្នុងប្រទេសហ្វីលីពីនផ្ទាល់ឡើយ៕