(វ៉ាស៊ីនតោន)៖ អាជ្ញាធរអាមេរិកបានឲ្យដឹងថា មនុស្សពីរនាក់បានរងរបួសដោយសារគ្រាប់កាំភ្លើង រហូតបណ្តាលឲ្យបាត់បង់ជីវិត នារសៀលថ្ងៃសៅរ៍សប្តាហ៍នេះ (ពេលវេលាក្នុងតំបន់នៅសហរដ្ឋអាមេរិក) នៅឯរដ្ឋផ្លូរីដា ខណៈពីរនាក់ផ្សេងទៀតបានរងរបួស និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្រ្គោះ។ នេះបើតាមការដកស្រង់ការផ្សាយពី សារព័ត៌មាន CNN នាព្រឹកថ្ងៃអាទិត្យ ទី០២ ខែកុម្ភៈ ឆ្នាំ២០២០។
ហេតុការណ៍ខាងលើបានកើតឡើងកំឡុងពិធីបុណ្យសព ដែលរៀបចំឡើងនៅព្រះវិហារគ្រឹស្តសាសនាមួយមានឈ្មោះថា Victoria City ក្នុងទីក្រុង Riviera Beach ភាគខាងត្បូងរដ្ឋផ្លូរីដា ចម្ងាយប្រហែល៨គីឡូម៉ែត្រពីទីក្រុង Palm Beach។ សម្រាប់ជនរងគ្រោះ ដែលបានស្លាប់ គឺមានក្មេងប្រុសអាយុ១៥ឆ្នាំម្នាក និងមនុស្សប្រុសធំពេញវ័យម្នាក់ រីឯអ្នករងរបួសពីរនាក់ ដែលត្រូវបានបញ្ជូនទៅ សង្រ្គោះនៅឯមន្ទីរពេទ្យក្បែរកន្លែងកើតហេតុ គឺម្នាក់ជាអនីតិជន ដែលមិនត្រូវបានបញ្ជាក់ភេទឬអាយុឡើយ ហើយម្នាក់ទៀតស្រ្តីធំពេញវ័យ ។
គួរជម្រាបថា ប៉ូលិសអាមេរិកនៅទីក្រុង Riviera Beach កំពុងស៊ើបអង្កេតជុំវិញករណីនេះ ប៉ុន្តែមិនទាន់មានការចាប់ខ្លួន ឬកំណត់ មុខសញ្ញាជនសង្ស័យនៅឡើយទេ៕