(សង្ហបុរី)៖ សិង្ហបុរី មានជំនឿចិត្តថាចិន ព្រមទាំងបណ្ដាប្រទេសដទៃទៀត នៅលើពិភពលោកនឹងធ្វើការងាររួមគ្នា ដើម្បីយកឈ្នះលើវីរុសកូរ៉ូណា ដែលកំពុងរីករាលដាល ទៅកាន់តំបន់ និងប្រទេសជាច្រើន ជុំវិញពិភពលោក។ នេះបើតាមលោកនាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀន ឡុង ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសៅរ៍ ទី០១ ខែកុម្ភៈ ឆ្នាំ២០២០។
លោក លី សៀន ឡុង ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសុន្ទរកថាអបអរបុណ្យចូលឆ្នាំចិន នៅថ្ងៃសៅរ៍នេះ។ ថ្លែងនាឱកាសនោះ លោក លី បានគូសបញ្ជាក់ដូច្នេះថា៖ «យើងមិនអាចដឹងឡើយថាវីរុសកូរ៉ូណា នឹងត្រូវបញ្ចប់នៅពេលយូរប៉ុណ្ណា ខណៈយើងកំពុងព្រួយបារម្ភពីមនុស្សជាទីស្រឡាញ់របស់យើង ដោយខ្លាចពួកគេឆ្លងវីរុសនេះ... ប៉ុន្តែ យើងត្រូវតែរួមគ្នា ដោះស្រាយវិបត្តិនេះជាមួយគ្នា ហើយខ្ញុំពិតជាជំនឿចិត្តថា ចិន ព្រមទាំងបណ្ដាប្រទេសដទៃទៀត នៅលើពិភពលោកនឹងធ្វើការងាររួមគ្នា ដើម្បីយកឈ្នះលើវីរុសកូរ៉ូណា»។
គួរជម្រាបថា នៅថ្ងៃសៅរ៍នេះដែរ ក្រសួងសុខាភិបាលសិង្ហបុរី បានឱ្យដឹងថាពួកគេបានរកឃើញការឆ្លងវីរុសកូរ៉ូណា ២ករណីបន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើន ដល់១៨នាក់។ ចំណែកឯ ចំនួនមនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើមកូរ៉ូណាថ្មីនៅចិន បានកើនឡើងដល់ ២៥៩នាក់ហើយ ខណៈជិត១២,០០០នាក់ ឆ្លងនៅទូទាំងប្រទេស និង១២៤ករណីទៀត នៅទូទាំងពិភពលោក៕