(ឡុងដ៍)៖ និស្សិតសាកលវិទ្យាល័យ York គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សពីរនាក់ ដែលត្រូវបានគេធ្វើតេស្ដរោគវិនិច្ឆ័យរកឃើញថាបានឆ្លងវីរុសកូរ៉ូណា នៅក្នុងចក្រភព អង់គ្លេស ប៉ុន្តែរូបគេមិនបានប៉ះពាល់ ឬទំនាក់ទំនងដោយផ្ទាល់ជាមួយនិស្សិតដទៃ នៅក្នុងសាកលវិទ្យាល័យនោះទេ កំឡុងមានរោគសញ្ញានៃវីរុសដ៏កាចសាហាវនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The independent នៅថ្ងៃសៅរ៍ ទី០១ ខែកុម្ភៈ ឆ្នាំ២០២០។
មកទល់នឹងពេលនេះ អង់គ្លេសបានទទួលស្គាល់ការឆ្លងវីរុសកូរ៉ូណា ចំនួនពីរករណីនៅក្នុងប្រទេសរបស់ខ្លួន ហើយជំងឺទាំងពីរនាក់នេះ កំពុងស្ថិតនៅក្រោមការតាមដាន និងព្យាបាលជាពិសេស។ ម្យ៉ាងវិញទៀត បើទោះជានិស្សិតម្នាក់ ខាងលើមិនបានប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកដទៃណាម្នាក់ក៏ដោយ ប៉ុន្តែអាជា្ញធរនៅតែបន្ត ការត្រួតពិនិត្យដដែល ដោយផ្ដោតលើសាច់ញាតិ និងមនុស្សជិតស្និទបំផុតរបស់និស្សិតរូបនេះ។
គួរបញ្ជាក់ថា ចំនួនមនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើមកូរ៉ូណាថ្មីនៅចិន បានកើនឡើងដល់ ២៥៩នាក់ហើយ ខណៈជិត ១២,០០០នាក់ទៀងឆ្លងនៅទូទាំងប្រទេស និង១២៤ករណីទៀតនៅទូទាំងពិភពលោក៕