(អឺរ៉ុប)៖ ប្រទេសស៊ុយអែត និងអេស្ប៉ាញបានទទួលស្គាល់ពីករណីឆ្លងវីរុសកូរ៉ូណា ជាលើកដំបូងនៅក្នុងប្រទេសអឺរ៉ុបទាំងពីរនេះ ខណៈចំនួនអ្នកឆ្លងនៅក្រៅប្រទេសចិន បានកើនដល់ ១២៤ករណី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg នៅព្រឹកថ្ងៃសៅរ៍ ទី០១ ខែកុម្ភៈ ឆ្នាំ២០២០។
បើតាមទីភ្នាក់ងារសុខាភិបាលសាធារណៈស៊ុយអែត អ្នកជំងឺនៃវីរុសកូរ៉ូណាខាងលើ គឺជាស្ត្រីម្នាក់រស់នៅក្នុងតំបន់ ចុងខូភីង (Jonkoping) ភាគខាងត្បូងប្រទេសស៊ុយអែត ដែលធ្លាប់បានធ្វើដំណើរទៅកាន់ទីក្រុងវូហាន (Wuhan) ប្រទេសចិន។ ស្ត្រីរូបនេះទទួលបានការពិនិត្យសុខភាព ក្រោយត្រឡប់មកដល់ស៊ុយអែតវិញ នៅថ្ងៃទី២៤ ខែមករា កន្លងទៅ។
ដោយឡែកនៅថ្ងៃសុក្រុសប្ដាហ៍នេះដែរ (ម៉ោងនៅក្នុងតំបន់) អាជ្ញាធរសុខាភិបាលអេស្ប៉ាញ ក៏បានរាយការណ៍ពីករណីឆ្លងដំបូង នៃវីរុសកូរ៉ូណាផងដែរ បន្ទាប់ពីបុរសម្នាក់ត្រូវបានគេធ្វើរោគវិនិច្ឆ័យនៅឯតំបន់ ឡាហ្គោមែរ៉ា (La Gomera) នៃកោះ Canaries ហើយអ្នកជំងឺរូបនេះស្ថិតនៅក្នុងចំណោមមនុស្ស ០៥នាក់ ដែលកំពុងត្រូវបានតាមដានពិនិត្យ និងដាក់ឱ្យនៅឆ្ងាយពីគេឯង ដោយសារតែពួកគេធ្លាប់បានទាក់ទង ជាមួយបុរសជនជាតិអាល្លឺម៉ង់ម្នាក់មានផ្ទុកវីរុសកូរ៉ូណា។
គួរជម្រាបថា ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណាថ្មីបានកើនឡើងដល់ ២៥៩នាក់ហើយ និងបានឆ្លងដល់មនុស្ស ១១,៨២១នាក់នៅប្រទេសចិន និង ១២៤ករណីទៀតនៅទូទាំងពិភពលោក។ ខាងក្រោមនេះគឺជាតួលេខនៃចំនួនអ្នកស្លាប់ និងឆ្លងវីរុសកូរ៉ូណាថ្មី ព្រមទាំងប្រទេស និងតំបន់នានាទូទាំងពិភពលោក ដែលមានវត្តមានវីរុសដ៏កាចសាហាវនេះ៖
១៖ ប្រទេសចិនឆ្លង ១១,៨២១ករណី និងបាត់បង់ជីវិត ២៥៩នាក់
២៖ ទីក្រុងហុងកុង ១៥ករណីឆ្លង
៣៖ ប្រទេសជប៉ុន ១៤ករណីឆ្លង
៤៖ ប្រទេសថៃ ១៩ករណីឆ្លង
៥៖ ប្រទេសសិង្ហបុរី ១៣ករណីឆ្លង
៦៖ ប្រទេសអូស្ត្រាលី ០៩ករណីឆ្លង
៧៖ កោះតៃវ៉ាន់ ០៩ករណីឆ្លង
៨៖ ប្រទេសម៉ាឡេស៊ី ០៨ករណីឆ្លង
៩៖ ទីក្រុងម៉ាកាវ ០៧ករណីឆ្លង
១០៖ ប្រទេសកូរ៉េខាងត្បូង ០៧ករណីឆ្លង
១១៖ ប្រទេសបារាំង ០៦ករណីឆ្លង
១២៖ សហរដ្ឋអាមេរិក ០៦ករណីឆ្លង
១៣៖ ប្រទេសអាល្លឺម៉ង់ ០៥ករណីឆ្លង
១៤៖ ប្រទេសវៀតណាម ០៥ករណីឆ្លង
១៥៖ ប្រទេសអេមីរ៉ាត់អារ៉ាប់រួម ០៤ករណីឆ្លង
១៦៖ ប្រទេសកាណាដា ០៣ករណីឆ្លង
១៧៖ ប្រទេសអ៊ីតាលី ០២ករណីឆ្លង
១៨៖ ប្រទេសកម្ពុជា ០១ករណីឆ្លង
១៩៖ ប្រទេសហ្វាំងឡង់ ០១ករណីឆ្លង
២០៖ ប្រទេសឥណ្ឌា ០១ករណីឆ្លង
២១៖ ប្រទេសនេប៉ាល់ ០១ករណីឆ្លង
២២៖ ប្រទេសហ្វីលីពីន ០១ករណីឆ្លង
២៣៖ ប្រទេសស្រីលង្កា ០១ករណីឆ្លង
២៤៖ ចក្រភពអង់គ្លេស ០២ករណីឆ្លង
២៥៖ រុស្ស៉ី ០២ករណីឆ្លង
២៦៖ ស៊ុយអែត ០១ករណីឆ្លង
២៧៖ អេស្ប៉ាញ ០១ករណីឆ្លង
តួលេខខាងលើ គិតត្រឹមវេលាម៉ោង ១០៖០០នាទីព្រឹកថ្ងៃសៅរ៍ ទី០១ ខែកុម្ភៈ ឆ្នាំ២០២០៕