(វ៉ាស៊ីនតោន)៖ អាជ្ញាធរអាមេរិកបានប្រកាសភាពអាសន្ន ផ្នែកសុខាភិបាលសាធារណៈហើយ ជាមួយការដាក់ចេញនូវបម្រាមជាបណ្ដោះអាសន្ន ដោយនឹងហាមឃាត់ជនបរទេសទាំងឡាយណា ដែលធ្លាប់ធ្វើដំណើរទៅកាន់ប្រទេសចិន ក្នុងរយៈពេល 0២សប្ដាហ៍ចុងក្រោយនេះចូលមកក្នុងសហរដ្ឋអាមេរិក ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណា។ នេះបើតាមការចេញផ្សាយ ដោយ សារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី០១ កុម្ភៈ ឆ្នាំ២០២០។
បើតាមរដ្ឋមន្ត្រីសុខាភិបាលអាមេរិក លោក អេឡេច អាហ្សា (Alex Azar) វិធានការរឹតត្បិតខាងលើ ក៏នឹងត្រូវអនុវត្តផងដែរលើពលរដ្ឋអាមេរិក ដែលត្រឡប់មកពីទីក្រុង វូហាន (Wuhan) ដោយពួកគេនឹងត្រូវដាក់នៅក្រោមការត្រួតពិនិត្យដាច់ឆ្ងាយពីគេឯង រយៈពេល ១៤ថ្ងៃ ខណៈពលរដ្ឋអាមេរិកដទៃទៀត ដែលត្រឡប់មកពីតាមផ្នែកផ្សេងទៀតនៃប្រទេសចិន នឹងត្រូវបានត្រួតពិនិត្យសុខភាព នៅតាមអាកាសយានដ្ឋាន ឬច្រកចូលនានាមកកាន់សហរដ្ឋអាមេរិក មុននឹងតម្រូវឱ្យពួកគេស្ថិតនៅក្នុងផ្ទះមួយរយៈ។
គួរជម្រាបថា ចំនួនអ្នកស្លាប់ដោយសារ វីរុសកូរ៉ូណាថ្មីបានកើនឡើងដល់ ២៥៩នាក់ហើយ និងបានឆ្លងដល់មនុស្ស ១១,៨២១នាក់នៅប្រទេសចិន និង ១២៤ករណីទៀតនៅទូទាំងពិភពលោក។
ខាងក្រោមនេះគឺជាតួលេខនៃចំនួនអ្នកស្លាប់ និងឆ្លងវីរុសកូរ៉ូណាថ្មី ព្រមទាំងប្រទេស និងតំបន់នានាទូទាំងពិភពលោកដែលមានវត្តមានវីរុសដ៏កាចសាហាវនេះ៖
១៖ ប្រទេសចិនឆ្លង ១១,៨២១ករណី និងបាត់បង់ជីវិត ២៥៩នាក់
២៖ ទីក្រុងហុងកុង ១៥ករណីឆ្លង
៣៖ ប្រទេសជប៉ុន ១៤ករណីឆ្លង
៤៖ ប្រទេសថៃ ១៩ករណីឆ្លង
៥៖ ប្រទេសសិង្ហបុរី ១៣ករណីឆ្លង
៦៖ ប្រទេសអូស្ត្រាលី ០៩ករណីឆ្លង
៧៖ កោះតៃវ៉ាន់ ០៩ករណីឆ្លង
៨៖ ប្រទេសម៉ាឡេស៊ី ០៨ករណីឆ្លង
៩៖ ទីក្រុងម៉ាកាវ ០៧ករណីឆ្លង
១០៖ ប្រទេសកូរ៉េខាងត្បូង ០៧ករណីឆ្លង
១១៖ ប្រទេសបារាំង ០៦ករណីឆ្លង
១២៖ សហរដ្ឋអាមេរិក ០៦ករណីឆ្លង
១៣៖ ប្រទេសអាល្លឺម៉ង់ ០៥ករណីឆ្លង
១៤៖ ប្រទេសវៀតណាម ០៥ករណីឆ្លង
១៥៖ ប្រទេសអេមីរ៉ាត់អារ៉ាប់រួម ០៤ករណីឆ្លង
១៦៖ ប្រទេសកាណាដា ០៣ករណីឆ្លង
១៧៖ ប្រទេសអ៊ីតាលី ០២ករណីឆ្លង
១៨៖ ប្រទេសកម្ពុជា ០១ករណីឆ្លង
១៩៖ ប្រទេសហ្វាំងឡង់ ០១ករណីឆ្លង
២០៖ ប្រទេសឥណ្ឌា ០១ករណីឆ្លង
២១៖ ប្រទេសនេប៉ាល់ ០១ករណីឆ្លង
២២៖ ប្រទេសហ្វីលីពីន ០១ករណីឆ្លង
២៣៖ ប្រទេសស្រីលង្កា ០១ករណីឆ្លង
២៤៖ ចក្រភពអង់គ្លេស ០២ករណីឆ្លង
២៥៖ រុស្ស៉ី ០២ករណីឆ្លង
២៦៖ ស៊ុយអែត ០១ករណីឆ្លង
តួលេខខាងលើ គិតត្រឹមវេលាម៉ោង ៩៖១៥នាទីព្រឹកថ្ងៃសៅរ៍ ទី០១ ខែកុម្ភៈ ឆ្នាំ២០២០៕