(ហាណូយ)៖ អាជ្ញាធរវៀតណាមបានធ្វើការផាកពិន័យជាប្រាក់ ទៅលើពលរដ្ឋវៀតណាម៣នាក់ ដែលបានបង្ហាញព័ត៌មានមិន ពិតអំពីការឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី (2019-nCoV) នៅលើបណ្តាញទំនាក់ទំនងសង្គម។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន VNExpress នៅយប់ថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២០។
ជនជាតិវៀតណាមទាំង៣នាក់ខាងលើ រួមមានឈ្មោះ Ha Thi Le Nhan អាយុ៣៤ មកពីទីក្រុង Hue ភាគកណ្តាលវៀតណាម, ឈ្មោះ Tran Van Tung អាយុ២២ឆ្នាំ មកពីខេត្ត Ba Ria-Vung Tau ភាគខាងត្បូងប្រទេស និងឈ្មោះ Vu Thi Thanh មកពីទីក្រុង Hai Phong នៅភាគខាងជើងប្រទេស។ អ្នកទាំងបីបានបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គម Facebook ថា មានករណីឆ្លងវីរុសកូរ៉ូណា នៅតាមតំបន់ របស់ពួកគេ ខណៈទីក្រុងនិងខេត្តទាំង៣នោះ តាមពិតគឺមិនមែនករណីឆ្លងវីរុសឡើយ។
គួរជម្រាបថា បុគ្គលឈ្មោះ Nhan ត្រូវអាជ្ញាធរវៀតណាមបង្គាប់ឲ្យបង់ពិន័យចំនួន១២.៥លានដុង (៥៤០ដុល្លារអាមេរិក), ឈ្មោះ Tung រងពិន័យ១៥លានដុង (៦៥០ដុល្លារ) និងឈ្មោះ Thanh ត្រូវបង់ចំនួន១០លានដុង (៤៣០ដុល្លារ) ដើម្បីទុកជាមេរៀនទៅថ្ងៃក្រោយ ។ គិតត្រឹមថ្ងៃសុក្រនេះ វៀតណាមបានរកឃើញករណីអ្នកផ្ទុកវីរុសកូរ៉ូណា 2019-nCoV សរុបចំនួន៥ករណី ក្នុងនោះ២នាក់គឺជា ជនជាតិចិន (ត្រូវជាឪពុកនិងកូន ដោយកូនឆ្លងពីឪពុក ដែលមកពីទីក្រុង Wuhan) និង៣នាក់ជាជនជាតិវៀតណាមផ្ទាល់ ដែល ត្រឡប់មកពី Wuhan។ ក្នុងចំណោមអ្នកទាំង៥ ជនជាតិចិនម្នាក់ (បុរសជាកូន) បានជាសះស្បើយហើយ។
ខាងក្រោមនេះគឺជាតួលេខនៃចំនួនអ្នកស្លាប់ និងឆ្លងវីរុសកូរ៉ូណាថ្មី ព្រមទាំងប្រទេស និងតំបន់នានាទូទាំងពិភពលោកដែលមានវត្តមានវីរុសដ៏កាចសាហាវនេះ៖
១៖ ប្រទេសចិនឆ្លង ៩,៦៨៩ករណី និងបាត់បង់ជីវិត ២១៣នាក់
២៖ ប្រទេសថៃ ១៩ករណីឆ្លង
៣៖ ទីក្រុងហុងកុង ១៥ករណីឆ្លង
៤៖ ប្រទេសជប៉ុន ១៤ករណីឆ្លង
៥៖ ប្រទេសសិង្ហបុរី ១៣ករណីឆ្លង
៦៖ ប្រទេសកូរ៉េខាងត្បូង ១១ករណីឆ្លង
៧៖ កោះតៃវ៉ាន់ ០៩ករណីឆ្លង
៨៖ ប្រទេសអូស្ត្រាលី ០៩ករណីឆ្លង
៩៖ ប្រទេសម៉ាឡេស៊ី ០៨ករណីឆ្លង
១០៖ ទីក្រុងម៉ាកាវ ០៧ករណីឆ្លង
១១៖ ប្រទេសបារាំង ០៦ករណីឆ្លង
១២៖ សហរដ្ឋអាមេរិក ០៦ករណីឆ្លង
១៣៖ ប្រទេសអាល្លឺម៉ង់ ០៥ករណីឆ្លង
១៤៖ ប្រទេសវៀតណាម ០៥ករណីឆ្លង
១៥៖ ប្រទេសអេមីរ៉ាត់អារ៉ាប់រួម ០៤ករណីឆ្លង
១៦៖ ប្រទេសកាណាដា ០៣ករណីឆ្លង
១៧៖ ចក្រភពអង់គ្លេស ០២ករណីឆ្លង
១៨៖ ប្រទេសអ៊ីតាលី ០២ករណីឆ្លង
១៩៖ ប្រទេសរុស្ស៉ី ០២ករណីឆ្លង
២០៖ ប្រទេសឥណ្ឌា ០១ករណីឆ្លង
២១៖ ប្រទេសកម្ពុជា ០១ករណីឆ្លង
២២៖ ប្រទេសហ្វីលីពីន ០១ករណីឆ្លង
២៣៖ ប្រទេសស្រីលង្កា ០១ករណីឆ្លង
២៤៖ ប្រទេសហ្វាំងឡង់ ០១ករណីឆ្លង
២៥៖ ប្រទេសនេប៉ាល់ ០១ករណីឆ្លង
តួលេខខាងលើ គិតត្រឹមវេលាម៉ោង ៩៖០០នាទីយប់ ថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២០៕