(សិង្ហបុរី)៖ កងទ័ពសិង្ហបុរីសរុបប្រមាណ១,៥០០នាក់ កំពុងតែញាប់ដៃញាប់ជើងក្នុងការវេចខ្ចប់ម៉ាសការពារចំនួន៥.២លាន ដើម្បីយកទៅចែកជូនមហាជន ស្របពេលដែលសិង្ហបុរីកំពុងប្រឹងប្រែងទប់ស្កាត់វីរុសកូរ៉ូណាប្រភេទថ្មី ដែលមានប្រភព ចេញពីប្រទេសចិន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅយប់ថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២០។
ប្រតិបត្តិការវេចខ្ចប់ម៉ាសខាងលើត្រូវបានធ្វើឡើងនៅវិទ្យាស្ថានយោធាសិង្ហបុរី SAFTI ដែលបានចាប់ផ្តើមកាលពីយប់ថ្ងៃព្រហស្បតិ៍ បន្ទាប់ពីអាជ្ញាធរសិង្ហបុរី បានប្រកាសថានឹងចែកជូនប្រជាពលរដ្ឋសិង្ហបុរី ក្នុងមួយគ្រួសារនូវម៉ាសចំនួន០៤។ កងទ័ពសិង្ហបុរីទាំង ១,៥០០នាក់ ត្រូវធ្វើការផ្លាស់វេនគ្នា ដោយមួយវេនៗមានរយៈពេល០៨ម៉ោង ហើយក្នុងមួយវេនៗគួរតែអាចវេចម៉ាស់បានចំនួន២សែន។
អាជ្ញាធរសិង្ហបុរីសង្ឃឹមថា នឹងអាចចាប់ផ្តើមចែកចាយម៉ាស់ជូនប្រជាពលរដ្ឋបាននៅល្ងាច ឬយប់ថ្ងៃសុក្រនេះ ហើយបញ្ចប់ប្រតិបត្តិការ វេចខ្ចប់ក៏ដូចជាចែកចាយម៉ាសនេះ នៅល្ងាច ឬយប់ថ្ងៃសៅរ៍ស្អែក។ សិង្ហបុរីមានប្រជាជនប្រមាណ៥.៧លាននាក់ ទាក់ទងនឹងកិច្ចប្រឹងប្រែងរបស់សិង្ហបុរីក្នុងការទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណាថ្មី ដែលបានផ្ទុះចេញពីទីក្រុង Wuhan នៃខេត្ត Hubei របស់ចិន រដ្ឋមន្រ្តីការពារជាតិសិង្ហបុរីបានលើកឡើងថា គ្រប់ការផ្ទុះឡើងនៃវីរុសឬមេរោគថ្មីៗ គឺអាចបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរបាន ប្រសិនបើយើងទាំងអស់គ្នាមិនចាត់វិធានទប់ស្កាត់ដែលត្រឹមត្រូវឲ្យបានឆាប់រហ័សគ្រប់គ្រាន់ទេនោះ។
គួរជម្រាបថា បច្ចុប្បន្នចំនួនអ្នករកឃើញថា មានផ្ទុកវីរុសកូរ៉ូណា 2019-nCoV (ឈ្មោះសម្គាល់ដោយអង្គការ WHO) ក្នុងប្រទេសសិង្ហបុរីគឺ ស្ថិតនៅត្រឹម១៣ករណី ខណៈចំនួនអ្នកស្លាប់ដោយសារវីរុសនេះគឺ២១៣នាក់ ដែលសុទ្ធតែនៅក្នុងប្រទេសចិនទាំងអស់ ហើយការ ឆ្លងទាំងនៅក្នុងប្រទេសចិន និងនៅតាមប្រទេសជាង២០ទៀតសរុបជិត១ម៉ឺនករណីហើយ៕