(ម៉ូស្គូ)៖ ឧបនាយករដ្ឋមន្រ្តីរុស្ស៊ី លោកស្រី Tatiana Golikova នាថ្ងៃសុក្រនេះ បានប្រកាសទទួលស្គាល់ថា អ្នកផ្ទុកវីរុសកូរ៉ូណាប្រភេទថ្មី (2019-nCoV ដែលជាឈ្មោះសម្គាល់ពីអង្គការ WHO ) ចំនួនពីរនាក់ ត្រូវបានរកឃើញជាលើកដំបូង នៅក្នុងទឹកដីប្រទេសរុស្ស៊ី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន RT នៅយប់ថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២០។
លោកស្រី Golikova បានថ្លែងបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងប្រទេសរុស្ស៊ីថា ជនជាតិចិនពីរនាក់ ត្រូវបានធ្វើរោគវិនិច្ឆ័យរក ឃើញថា មានផ្ទុកវីរុសកូរ៉ូណាប្រភេទថ្មី ដែលមានប្រភពចេញពីចិន ដោយក្នុងនោះម្នាក់នៅឯតំបន់ Zabaikalsky Krai ជាប់ព្រំដែន ប្រទេសចិន និងម្នាក់ទៀតនៅតំបន់ Tyumen ជាប់កាហ្សាក់ស្ថាន។ ខណៈនេះ អ្នកទាំងពីរកំពុងស្ថិតក្រោមការតាមដាននិងព្យាបាលយ៉ាងយក ចិត្តទុកដាក់។
គួរជម្រាបថា ថ្មីៗនេះ រដ្ឋាភិបាលរុស្ស៊ីទើបតែបានប្រកាសពីចំណាត់ការ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូរ៉ូណា 2019-nCoV ពីប្រទេសចិន តាមរយៈការផ្អាកជើងរថភ្លើងស្ទើរតែទាំងអស់ និងការបិទព្រំដែនគោកនៅតាមតំបន់ ដែលមានព្រំប្រទល់ជាប់ជាមួយ ចិនជាដើម ហើយរុស្ស៊ីក៏បានគ្រោងផ្អាកជើងហោះហើរមួយចំនួនធំជាមួយចិនផងដែរ។
ខាងក្រោមនេះគឺជាតួលេខនៃចំនួនអ្នកស្លាប់ និងឆ្លងវីរុសកូរ៉ូណាថ្មី ព្រមទាំងប្រទេស និងតំបន់នានាទូទាំងពិភពលោកដែលមានវត្តមានវីរុសដ៏កាចសាហាវនេះ៖
១៖ ប្រទេសចិនឆ្លង ៩,៦៨៩ករណី និងបាត់បង់ជីវិត ២១៣នាក់
២៖ ទីក្រុងហុងកុង ១៥ករណីឆ្លង
៣៖ ប្រទេសជប៉ុន ១៤ករណីឆ្លង
៤៖ ប្រទេសថៃ ១៩ករណីឆ្លង
៥៖ ប្រទេសសិង្ហបុរី ១៣ករណីឆ្លង
៦៖ ប្រទេសអូស្ត្រាលី ០៩ករណីឆ្លង
៧៖ កោះតៃវ៉ាន់ ០៩ករណីឆ្លង
៨៖ ប្រទេសម៉ាឡេស៊ី ០៨ករណីឆ្លង
៩៖ ទីក្រុងម៉ាកាវ ០៧ករណីឆ្លង
១០៖ ប្រទេសកូរ៉េខាងត្បូង ០៧ករណីឆ្លង
១១៖ ប្រទេសបារាំង ០៦ករណីឆ្លង
១២៖ សហរដ្ឋអាមេរិក ០៦ករណីឆ្លង
១៣៖ ប្រទេសអាល្លឺម៉ង់ ០៥ករណីឆ្លង
១៤៖ ប្រទេសវៀតណាម ០៥ករណីឆ្លង
១៥៖ ប្រទេសអេមីរ៉ាត់អារ៉ាប់រួម ០៤ករណីឆ្លង
១៦៖ ប្រទេសកាណាដា ០៣ករណីឆ្លង
១៧៖ ប្រទេសអ៊ីតាលី ០២ករណីឆ្លង
១៨៖ ប្រទេសកម្ពុជា ០១ករណីឆ្លង
១៩៖ ប្រទេសហ្វាំងឡង់ ០១ករណីឆ្លង
២០៖ ប្រទេសឥណ្ឌា ០១ករណីឆ្លង
២១៖ ប្រទេសនេប៉ាល់ ០១ករណីឆ្លង
២២៖ ប្រទេសហ្វីលីពីន ០១ករណីឆ្លង
២៣៖ ប្រទេសស្រីលង្កា ០១ករណីឆ្លង
២៤៖ ចក្រភពអង់គ្លេស ០២ករណីឆ្លង
២៥៖ រុស្ស៉ី ០២ករណីឆ្លង
តួលេខខាងលើ គិតត្រឹមវេលាម៉ោង ៨៖០០នាទីយប់ ថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២០៕