(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានព្រមានសហរដ្ឋអាមេរិកថា លោកនឹងលុបចោលកិច្ចព្រមព្រៀង ស្ដីពីការដាក់ពង្រាយកងទ័ពអាមេរិក និងបរិក្ខាសម្រាប់ការធ្វើសមយុទ្ធយោធា បើសិនជាទីក្រុងវ៉ាស៊ីនតោនមិនព្រមផ្ដល់ទិដ្ឋាការ ដល់អតីតមេប៉ូលិសជាតិម្នាក់របស់លោកឡើងវិញទេនោះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន South China Morning Post នៅល្ងាចថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២០។
ការព្រមានរបស់លោក ឌូតឺតេ គឺជាការឆ្លើយតបទាំងកំហឹងទៅកាន់សហរដ្ឋអាមេរិក ដែលបានសម្រេចចិត្តហាមអតីតមេប៉ូលិលហ្វីលីពីន ដែលបច្ចុប្បន្នជាសមាជិកព្រឹទ្ធសភា លោក រ៉ូណាល់ ដេឡា រ៉ូសា (Ronald dela Rosa) ចូលក្នុងសហរដ្ឋអាមេរិក។ លោក Rosa ធ្លាប់បានអះអាងថា ស្ថានទូតអាមេរិកប្រចាំហ្វីលីពីន មិនបានពន្យល់ឱ្យច្បាស់ពីមូលហេតុ នៃការបដិសេធផ្ដល់ទិដ្ឋាការដល់រូបលោកឡើយ ប៉ុន្តែលោកផ្ទាល់ជឿជាក់ថា វាមានជាប់ពាក់ព័ទ្ធនឹងសង្រ្គាមប្រឆាំងគ្រឿងញៀន ដែលបានផ្ដាច់ជីវិតមនុស្សច្រើនជាង ៥,០០០នាក់ ភាគច្រើនជាជនសង្ស័យជួញដូរគ្រឿងញៀននោះឯង។
ថ្លែងនៅក្នុងសុន្ទរកថាមួយ ទៅកាន់អតីតសមាជិកក្រុមឧទ្ទាមកុម្មុយនីស្ដ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះលោក ឌូតើតេ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «បើសិនជាអ្នក (សហរដ្ឋអាមេរិក) មិនព្រមកែតម្រូវ ឬផ្លាស់ប្ដូរចិត្តទេនោះ ខ្ញុំនឹងបិទមូលដ្ឋានទ័ពអាមេរិក ហើយលុបចោលកិច្ចព្រមព្រៀង Visiting Forces Agreement (VFA)... ដោយខ្ញុំនឹងទុកពេលឱ្យរដ្ឋាភិបាលអាមេរិក មួយខែរាប់ចាប់ពេលនេះតទៅ»។
គួរបញ្ជាក់ថា Visiting Forces Agreement (VFA) ត្រូវបានចុះហត្ថលេខាក្នុងឆ្នាំ១៩៩៨ ដែលបានផ្ដល់ភាពស្របច្បាប់ដល់ការដាក់ពង្រាយ និងការឈរជើងរបស់ កងទ័ពអាមេរិករាប់ពាន់នាក់នៅក្នុងប្រទេសហ្វីលីពីន ក្រោមក្របខណ្ឌប្ដូរវេន សម្រាប់ការធ្វើសមយុទ្ធយោធា និងប្រតិបត្តិការមនុស្សធម៌នានា។ តែយ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក ឌែលហ្វីន ឡូរ៉េនហ្សាណា (Delfin Lorezana) បានបដិសេធឆ្លើយនឹងសំនួរថា តើលោកបានយល់ស្របចំពោះគម្រោងរបស់លោក ឌូតើតេ ដែរឬក៏យ៉ាងណានោះទេ៕