(បាងកក)៖ ក្រុមមន្ត្រីថៃបាននិយាយថា រដ្ឋាភិបាលទីក្រុងបាងកកបានសម្រេចចិត្ត បញ្ជូនយន្ដហោះពិសេសមួយគ្រឿងទៅកាន់ទីក្រុងវូហាន (Wuhan) នៃខេត្តហ៊ូប៉ី (Hubei) ប្រទេសចិនដើម្បីដឹកពលរដ្ឋរបស់ខ្លួន ១៦១នាក់មកកាន់ប្រទេសថៃវិញ នៅថ្ងៃសៅរ៍ស្អែកនេះតែម្តង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២០។
ក្រៅតែពីប្រទេសថៃ ប្រទេសផ្សេងៗទៀតដូចជា សហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូង និងសិង្ហបុរីជាដើមសុទ្ធតែបានបញ្ជូនយន្ដហោះ ទៅដឹកពលរដ្ឋរបស់ខ្លួនចេញពីទីក្រុង វូហាន ខណៈប្រទេសចំនួនផ្ដល់យោបល់ កុំឱ្យពលរដ្ឋខ្លួនធ្វើដំណើរទៅកាន់ប្រទេសចិនទៀតផង។ ដោយឡែកនៅថ្ងៃសុក្រនេះដែរ អាជ្ញាធរថៃបានទទួលស្គាល់ពីករណីចម្លងវីរុសកូរ៉ូណាថ្មីពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀតនៅក្នុងស្រុក ដែលត្រូវបានរកឃើញជាលើកដំបូង ទៅលើអ្នករត់តាក់ស៊ីម្នាក់ ធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនដល់ ១៩នាក់។
ចំណែកឯការរកឃើញ ករណីឆ្លងពីមនុស្សទៅមនុស្សមាន ០៩ករណីរួចមកហើយនៅក្រៅពីប្រទេសចិន មានដូចជា សហរដ្ឋអាមេរិក អាល្លឺម៉ង់ ជប៉ុន កូរ៉េខាងត្បូង វៀតណាម ហើយឥឡូវនេះគឺថែមប្រទេសថៃមួយទៀត។
ខាងក្រោមនេះគឺជាតួលេខនៃចំនួនអ្នកស្លាប់ និងឆ្លងវីរុសកូរ៉ូណាថ្មី ព្រមទាំងប្រទេស និងតំបន់នានាទូទាំងពិភពលោក ដែលមានវត្តមានវីរុសដ៏កាចសាហាវនេះ៖
១៖ ប្រទេសចិនឆ្លង ៩,៦៨៩ករណី និងបាត់បង់ជីវិត ២១៣នាក់
២៖ ទីក្រុងហុងកុង ១៥ករណីឆ្លង
៣៖ ប្រទេសជប៉ុន ១៤ករណីឆ្លង
៤៖ ប្រទេសថៃ ១៩ករណីឆ្លង
៥៖ ប្រទេសសិង្ហបុរី ១៣ករណីឆ្លង
៦៖ ប្រទេសអូស្ត្រាលី ០៩ករណីឆ្លង
៧៖ កោះតៃវ៉ាន់ ០៩ករណីឆ្លង
៨៖ ប្រទេសម៉ាឡេស៊ី ០៨ករណីឆ្លង
៩៖ ទីក្រុងម៉ាកាវ ០៧ករណីឆ្លង
១០៖ ប្រទេសកូរ៉េខាងត្បូង ០៧ករណីឆ្លង
១១៖ ប្រទេសបារាំង ០៦ករណីឆ្លង
១២៖ សហរដ្ឋអាមេរិក ០៦ករណីឆ្លង
១៣៖ ប្រទេសអាល្លឺម៉ង់ ០៥ករណីឆ្លង
១៤៖ ប្រទេសវៀតណាម ០៥ករណីឆ្លង
១៥៖ ប្រទេសអេមីរ៉ាត់អារ៉ាប់រួម ០៤ករណីឆ្លង
១៦៖ ប្រទេសកាណាដា ០៣ករណីឆ្លង
១៧៖ ប្រទេសអ៊ីតាលី ០២ករណីឆ្លង
១៨៖ ប្រទេសកម្ពុជា ០១ករណីឆ្លង
១៩៖ ប្រទេសហ្វាំងឡង់ ០១ករណីឆ្លង
២០៖ ប្រទេសឥណ្ឌា ០១ករណីឆ្លង
២១៖ ប្រទេសនេប៉ាល់ ០១ករណីឆ្លង
២២៖ ប្រទេសហ្វីលីពីន ០១ករណីឆ្លង
២៣៖ ប្រទេសស្រីលង្កា ០១ករណីឆ្លង
២៤៖ ចក្រភពអង់គ្លេស ០២ករណី
តួលេខខាងលើនេះគិតត្រឹមវេលាម៉ោង ៦៖០០នាទីរសៀល ថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២០៕