(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានចេញបញ្ជាឲ្យដាក់បម្រាមហាមឃាត់ការធ្វើដំណើរចូលមកកាន់ប្រទេសលោក សម្រាប់ពលរដ្ឋចិនដែលមកពីខេត្ត Hubei បន្ទាប់ពីករណីអ្នកផ្ទុកវីរុសកូរ៉ូណាប្រភេទថ្មី (2019-nCoV) ទើបតែត្រូវបានរកឃើញនៅហ្វីលីពីន ជាលើកដំបូង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២០។
លោក Salvador Panelo អ្នកនាំពាក្យរបស់លោកប្រធានាធិបតីហ្វីលីពីន នាថ្ងៃសុក្រនេះបានប្រកាសឲ្យដឹងដូច្នេះថា «ក្រោយទទួលបាន អនុសាសន៍ពីរដ្ឋមន្រ្តីក្រសួងសុខាភិបាលហ្វីលីពីន លោក Francisco Duque លោកប្រធានាធិបតី ឌូតឺតេ បានបង្គាប់ឲ្យចេញបម្រាមហាម ឃាត់ការធ្វើដំណើរចូលមកកាន់ប្រទេសហ្វីលីពីន សម្រាប់ពលរដ្ឋចិនទាំងឡាយមកពីខេត្ត Hubei»។ យោងតាមលោក Panelo បម្រាមនេះ ដែលនឹងមានសុពលភាពរហូតទាល់តែ «ការគំរាមកំហែងដោយវីរុសត្រូវបានបញ្ចប់» ប្រហែលជាត្រូវពង្រីកបន្ថែមទៅលើតំបន់ដទៃទៀត ដែលមានករណីអ្នកឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី ប៉ុន្តែអាស្រ័យទៅលើសេចក្តីប្រកាសរបស់រដ្ឋាភិបាលចិន អំពីបច្ចុប្បន្នភាពនៃវីរុស ព្រមទាំង អនុសាសន៍របស់អង្គការសុខភាពពិភពលោក (WHO) ដែលទើបតែបានប្រកាសអាសន្នជាអន្តរជាតិតែម្តង សម្រាប់វីរុសផ្លូវដង្ហើមថ្មីនេះ។
គួរជម្រាបថា កន្លងទៅក្នុងសប្តាហ៍នេះ ហ្វីលីពីនបានសម្រេចផ្អាកការផ្តល់ទិដ្ឋាការដល់ភ្ញៀវទេសចរចិននានា ហើយកាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញ អាជ្ញាធរហ្វីលីពីនបានប្រកាសពីករណីដំបូងនៃអ្នកផ្ទុកវីរុសកូរ៉ូណា 2019-nCoV ដែលត្រូវបានរកឃើញក្នុងខ្លួនអ្នកដំណើរជនជាតិ ចិន ដែលធ្វើដំណើរមកពីទីក្រុង Wuhan មកកាន់ប្រទេសហ្វីលីពីន កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២០។ គិតត្រឹមព្រឹកថ្ងៃសុក្រនេះ ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណាប្រភេទថ្មីបានកើនដល់២១៣នាក់ ខណៈអ្នកឆ្លងបានកើនដល់ជិត១ម៉ឺននាក់ គិតទាំងក្នុងប្រទេសចិន និងនៅក្រៅប្រទេស។ សម្រាប់ទីក្រុងធំៗជាច្រើននៅខេត្ត Hubei ដែលជាចំណុចក្តៅនៃការវាយប្រហារដោយវីរុស ត្រូវបានរដ្ឋាភិបាលចិន ដាក់ ហាមឃាត់មិន ឲ្យប្រជាជននៃទីក្រុងទាំងនោះ ចេញទៅកាន់តំបន់ផ្សេងទៀតឡើយ ចាប់តាំងពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ ខណៈតំបន់ ផ្សេងទៀតនៅទូទាំងប្រទេសចិន ក៏មានករណីអ្នកផ្ទុកវីរុសនេះដែរ៕