(ប៉េកាំង)៖ មូលនិធិសប្បុរសធម៌របស់មហាសេដ្ឋីចិន លោក Jack Ma ទើបតែបានប្រកាសបរិច្ចាគលុយទំហំ១០០លានយ័ន ស្មើនឹងប្រមាណ ១៤.៤លានដុល្លារសហរដ្ឋអាមេរិក ដើម្បីជួយជ្រោមជ្រែងដល់កិច្ចប្រឹងប្រែងស្រាវជ្រាវ ក៏ដូចជាអភិវឌ្ឍន៍វ៉ាក់សាំងសម្រាប់វីរុសកូរ៉ូណាថ្មី ដែលបានផ្តាច់ជីវិតមនុស្សកើនដល់ជាង២០០នាក់ និងចម្លងដល់ជិត១០,០០០នាក់ បើគិតទាំងក្នុងប្រទេសចិន និងនៅជុំវិញពិភពលោក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២០។
លោក Ma ដែលជាស្ថាបនិកសម្ព័ន្ធក្រុមហ៊ុន Alibaba Group ដ៏ធំសម្បើមមួយនៅប្រទេសចិន បាននិយាយដូច្នេះថា «ពួកយើងដឹងច្បាស់ថា ខណៈដែលក្រុមអ្នកវិទ្យាសាស្រ្តកំពុងតែខិតខំប្រឹងប្រែងជាខ្លាំង វានឹងមិនជារឿងងាយស្រួលឡើយ គឺមិនថាការស្រាវជ្រាវបង្កើត វ៉ាក់សាំង ការផលិតចេញលក្ខណៈទ្រង់ទ្រាយ ឬមួយក៏ការប្រើប្រាស់វានោះទេ »។ លោក Jack Ma បានបន្ថែមថា មូលនិធិសប្បុរសធម៌របស់លោក នឹងព្យាយាមផ្តល់ជំនួយជាបន្តបន្ទាប់ទៀត សម្រាប់ការប្រយុទ្ធប្រឆាំងវីរុសផ្សេងៗ តាមផ្នែកវេជ្ជសាស្រ្ត។
គួរជម្រាបថា កន្លងទៅនេះ លោក Ma ក៏បានរៀបចំកញ្ចប់មូលនិធិពិសេសមួយផងដែរ មានទំហំរហូតដល់១ពាន់លានយ័ន (១៤៤លានដុល្លារអាមេរិក) សម្រាប់ការផ្តល់គ្រឿងសម្ភារវេជ្ជសាស្រ្ត ព្រមទាំងការផ្តល់ធានារ៉ាប់រងសុខភាពទំហំ៥០០,០០០យាន់ (ជាង៧ម៉ឺនដុល្លារ) សម្រាប់ក្រុមគ្រូពេទ្យជួរមុខ ដែលកំពុងតតាំងជាមួយការរីករាលនៃវីរុសកូរ៉ូណាប្រភេទថ្មី នៅទូទាំងប្រទេសចិន។
ខាងក្រោមនេះគឺជាតួលេខនៃចំនួនអ្នកស្លាប់ និងឆ្លងវីរុសកូរ៉ូណាថ្មី ព្រមទាំងប្រទេស និងតំបន់នានាទូទាំងពិភពលោកដែលមានវត្តមានវីរុសដ៏កាចសាហាវនេះ
១៖ ប្រទេសចិនឆ្លង ៩,៦៨៩ករណី និងបាត់បង់ជីវិត ២១៣នាក់
២៖ ទីក្រុងហុងកុង ១៥ករណីឆ្លង
៣៖ ប្រទេសជប៉ុន ១៤ករណីឆ្លង
៤៖ ប្រទេសថៃ ១៤ករណីឆ្លង
៥៖ ប្រទេសសិង្ហបុរី ១៣ករណីឆ្លង
៦៖ ប្រទេសអូស្ត្រាលី ០៩ករណីឆ្លង
៧៖ កោះតៃវ៉ាន់ ០៩ករណីឆ្លង
៨៖ ប្រទេសម៉ាឡេស៊ី ០៨ករណីឆ្លង
៩៖ ទីក្រុងម៉ាកាវ ០៧ករណីឆ្លង
១០៖ ប្រទេសកូរ៉េខាងត្បូង ០៧ករណីឆ្លង
១១៖ ប្រទេសបារាំង ០៦ករណីឆ្លង
១២៖ សហរដ្ឋអាមេរិក ០៦ករណីឆ្លង
១៣៖ ប្រទេសអាល្លឺម៉ង់ ០៥ករណីឆ្លង
១៤៖ ប្រទេសវៀតណាម ០៥ករណីឆ្លង
១៥៖ ប្រទេសអេមីរ៉ាត់អារ៉ាប់រួម ០៤ករណីឆ្លង
១៦៖ ប្រទេសកាណាដា ០៣ករណីឆ្លង
១៧៖ ប្រទេសអ៊ីតាលី ០២ករណីឆ្លង
១៨៖ ប្រទេសកម្ពុជា ០១ករណីឆ្លង
១៩៖ ប្រទេសហ្វាំងឡង់ ០១ករណីឆ្លង
២០៖ ប្រទេសឥណ្ឌា ០១ករណីឆ្លង
២១៖ ប្រទេសនេប៉ាល់ ០១ករណីឆ្លង
២២៖ ប្រទេសហ្វីលីពីន ០១ករណីឆ្លង
២៣៖ ប្រទេសស្រីលង្កា ០១ករណីឆ្លង
គិតត្រឹមវេលាម៉ោង ១៖០០នាទីរសៀលថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២០៕