(វ៉ាស៊ីនតោន)៖ សភាតំណាងរាស្ត្រអាមេរិកនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានអនុម័តលើសេចក្ដីព្រាងច្បាប់ចំនួនពីរ ដែលមានគោលបំណងរារាំងមិនឱ្យ ប្រធានាធិបតីអាមេរិកប្រកាសសង្រ្គាម ឬក៏នាំប្រទេសប្រឡូកចូលក្នុងជម្លោះណាមួយ ដោយគ្មានការអនុញ្ញាតពីសភា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២០។
សភាតំណាងរាស្ត្រគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ បានអនុម័តក្នុងសំឡេងគាំទ្រ ២៣៦ ទល់នឹង ១៦៦សំឡេង លើសេចក្ដីព្រាងច្បាប់មួយលុបចោលច្បាប់កាលពីឆ្នាំ២០០២ ពាក់ព័ន្ធនឹងការប្រើប្រាស់កម្លាំងយោធា នៅក្នុងសង្រ្គាមប្រឆាំងប្រទេសអ៉ីរ៉ាក់ និងសំឡេងគាំទ្រ ២២៨ ទល់នឹង ១៧៥សំឡេង លើសេចក្ដីព្រាងច្បាប់មួយទៀត ដែលមានគោលបំណងរឹតត្បិតលើការប្រើប្រាស់កម្លាំងយោធាប្រឆាំងអ៉ីរ៉ង់ ដោយគ្មានការអនុញ្ញាតពីសភាជាមុន។
ក៏ប៉ុន្តែសេចក្ដីព្រាងច្បាប់ទាំងពីរនេះ នៅតែត្រូវបញ្ជូនបន្តទៅកាន់ព្រឹទ្ធសភាជាបន្តទៀត ខណៈគេមិនទាន់ដឹងច្បាស់នៅឡើយទេថា តើព្រឹទ្ធសភាដែលបច្ចុប្បន្ន ស្ថិតនៅក្រោមការគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ នឹងអនុម័តលើសេចក្ដីព្រាងច្បាប់ទាំងនេះដែរ ឬយ៉ាងណោះទេ ខណៈដែលសវនាការ លើតំណែងប្រធានាធិបតីរបស់លោក ដូណាល់ ត្រាំ មិនទាន់បញ្ចប់នៅឡើយនោះ៕