(អ៉ីតាលី)៖ នាថ្ងៃព្រហស្បតិ៍នេះ ករណីសង្ស័យអំពីអ្នកផ្ទុកវីរុសកូរ៉ូណាប្រភេទថ្មី (2019-nCoV) ត្រូវបានរកឃើញ នៅលើកប៉ាល់ទេសចរណ៍ធំមួយ ដែលផ្ទុកអ្នកទេសចរជាង៦,០០០នាក់ និងនាវិកខ្ទង់១,០០០នាក់ នៅក្នុងប្រទេសអ៉ីតាលី។ នេះបើតាមការដកស្រង់ការផ្សាយពី សារព័ត៌មាន Aljazeera នៅយប់ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា ឆ្នាំ២០២០។
សំណាករបស់ប្តី-ប្រពន្ធជនជាតិចិនមួយគូ ត្រូវបានបញ្ជូនទៅធ្វើតេស្តឲ្យបានច្បាស់លាស់ បន្ទាប់ពីក្រុមគ្រូពេទ្យបានឡើង ទៅលើ កប៉ាល់ ទេសចរណ៍អ៉ីតាលីមួយឈ្មោះថា Costa Crociere នៅឯកំពង់ផែក្រុង Civitavecchia ដែលមិនជាឆ្ងាយប៉ុន្មានពីទីក្រុងរ៉ូម ដើម្បីពិនិត្យមើលស្ថានភាពបុគ្គលជាប្រពន្ធ ដែលមានអាការគ្រុនក្តៅ។ បើតាមអ្នកនាំពាក្យក្រុមហ៊ុនកប៉ាល់ទេសចរណ៍នោះ ប្តី-ប្រពន្ធជនជាតិចិនទាំងពីរនាក់ មកពីទីក្រុង ម៉ាកាវនៃប្រទេសចិន ហើយពួកគេទាំងពីរត្រូវបានដាក់ឲ្យនៅបន្ទប់ដាច់ដោយឡែកមួយនៅលើកប៉ាល់ ខណៈបុរសជាប្តីហាក់មិន មានបង្ហាញរោគសញ្ញាអ្វីឡើយ។
គួរជម្រាបថា ខណៈនេះមិនទាន់មានការបញ្ជាក់ពីលទ្ធផលនៅឡើយទេ នៃការធ្វើតេស្តរកមើលវីរុសកូរ៉ូណាប្រភេទថ្មី នៅក្នុងខ្លួន អ្នកទាំងពីរ។ ដោយឡែក មនុស្សប្រមាណ៧,០០០នាក់ ដែលនៅលើកប៉ាល់ Costa Crociere គឺមិនត្រូវបានអនុញ្ញាតឲ្យចុះចេញ ពីកប៉ាល់ឡើយ បន្ទាប់ពីវាបានធ្វើដំណើរចេញពីតំបន់ Savona នៅភាគខាងជើងអ៉ីតាលី ហើយឈប់នៅតាមកន្លែងមួយចំនួន ទៀតរួមមាន ទីក្រុង Marseille នៅបារាំង ព្រមទាំង ទីក្រុង Barcelona និងទីក្រុង Palma de Mallorca នៅអេស៉្បាញ មុនពេល មកដល់កំពង់ផែក្រុង Civitavecchia នៅភាគខាងលិចប្រទេសអ៉ីតាលី៕