(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ទើបតែបានឲ្យដឹងថា លោកបានសម្រេចចិត្តបដិសេធចំពោះការអញ្ជើញ របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឲ្យទៅចូលរួមកិច្ចប្រជុំកំពូលមួយជាមួយបណ្តាមេដឹកនាំនៃប្រទេសអាស៊ាន ដែល គ្រោងរៀបចំឡើងនៅខែមីនា ឆ្នាំ២០២០ ហើយលោកថែមទាំងបានហាមឃាត់មន្រ្តីទាំងឡាយរបស់លោក មិនឲ្យទៅអាមេរិកថែម ទៀត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Bloomberg នៅយប់ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា ឆ្នាំ២០២០។
លោក ឌូតឺតេ បានលើកឡើងថា មូលហេតុដែលលោកបានសម្រេចចិត្តបែបនេះ គឺដោយសារតែហេតុផលយុទ្ធសាស្រ្ត ភូមិសាស្រ្ត នយោបាយ។ នាពេលកន្លងទៅថ្មីៗនេះ សហរដ្ឋអាមេរិកបានលុបចោលទិដ្ឋាការរបស់អតីតមេប៉ូលិសហ្វីលីពីន លោក Ronald dela Rosa ដែលបានដឹកនាំសង្រ្គាមប្រឆាំងឧក្រិដ្ឋកម្មគ្រឿងញៀនរបស់លោក ឌូតឺតេ ខណៈបច្ចុប្បន្នជាសមាជិកព្រឹទ្ធសភារបស់ ហ្វីលីពីន។ ក្រៅពីសម្រេចចិត្តមិនទៅចូលរួមកិច្ចប្រជុំអាស៊ាននៅអាមេរិក លោកប្រធានាធិបតីហ្វីលីពីនបានបន្ថែមថា មន្រ្តីនានា របស់លោក ក៏មិនគួរត្រូវអនុញ្ញាតឲ្យធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកដែរ លើកលែងតែរដ្ឋមន្រ្តីការបរទេសម្នាក់គត់។
គួរជម្រាបថា ទាក់ទងនឹងការលុបទិដ្ឋាការរបស់លោក dela Rosa លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ក៏បានព្រមានបញ្ចប់កិច្ចព្រមព្រៀងស្តីពី វិស័យការពារជាតិជាមួយអាមេរិកផងដែរ។ ចាប់តាំងពីក្លាយជាប្រធានាធិបតីប្រទេសហ្វីលីពីន កាលពីឆ្នាំ២០១៦មក លោក ឌូតឺតេ បានព្រមានជាច្រើនលើកថា នឹងដើរចេញពីសម្ព័ន្ធភាពជាមួយសហរដ្ឋអាមេរិក ហើយងាកទៅផ្សារភ្ជាប់ទំនាក់ទំនងល្អជាមួយចិន វិញ៕