(បាងកក)៖ ថ្ងៃព្រហស្បតិ៍នេះ អាជ្ញាធរថៃបានធ្វើការឃាត់ខ្លួនមនុស្សពីរនាក់ ពីបទបង្ហោះព័ត៌មានមិនពិតអំពីវីរុសកូរ៉េណាប្រភេទថ្មី ខណៈមន្រ្តីជាន់ខ្ពស់ថៃបានព្រមានអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមថា ឲ្យចេះគិតគូរពិចារណាឲ្យបានល្អិតល្អន់ជាមុនសិន មុនពេលចែកចាយបន្តនូវព័ត៌មានពាក់ព័ន្ធនឹងវីរុសនេះ ព្រោះអាចជាព័ត៌មានដែលមិនពិត។ នេះបើតាមការដកស្រង់ការផ្សាយពី សារព័ត៌មាន CNA នៅយប់ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា ឆ្នាំ២០២០។
រដ្ឋមន្រ្តីសេដ្ឋកិច្ចឌីជីថលថៃលោក Buddhipongse Punnakanta បានឲ្យដឹងថា បុរសម្នាក់និងស្រ្តីម្នាក់ ត្រូវបានចោទប្រកាន់ពីបទ បំពានលើច្បាប់បទល្មើសតាមប្រព័ន្ធកុំព្យូទ័ររបស់ប្រទេសថៃ ដែលអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់០៥ឆ្នាំ បន្ទាប់ពី អ្នកទាំងពីរបានបង្ហោះព័ត៌មានដែលមិនពិតអំពីវីរុសកូរ៉ូណាប្រភេទថ្មី (2019-nCoV) នៅលើបណ្តាញទំនាក់ទំនងសង្គម។
បើតាមលោក Buddhipongse ពួកគេទាំងពីរបានសារភាពរួចទៅហើយថា ពួកខ្លួនបានបង្កើតព័ត៌មានគ្មានការពិតប្រាកដមែន ហើយលោកបានបន្ថែមថា ជនសង្ស័យមួយចំនួនទៀតកំពុងតែស្ថិតក្រោមការស៊ើបអង្កេត ហើយអ្នកប្រើប្រាស់បណ្តាញសង្គម ទាំងឡាយ គួរតែចេះគិតគូរពិចារណាឲ្យបានល្អិតល្អន់ ហើយចេះរកមើលប្រភពថាតើព័ត៌មានដែលពួកគេបានឃើញនៅតាម បណ្តាញសង្គមទាំងនោះ មានប្រភពមកពីណា តើអាចគួរឲ្យទុកចិត្តបានដែរឬក៏អត់ និងកុំចេះតែស៊ែរបន្តៗគ្នា ព្រោះពួកវាអាច ជារឿងមិនពិត ដែលប្រឌិតឡើងដោយជនដែលគ្មានការទទួលខុសត្រូវ។
ជាក់ស្តែងបន្ទាប់ពីវីរុសកូរ៉ូណាប្រភេទថ្មី បានផ្ទុះឡើងចេញពីប្រទេសចិន និងទៅដល់ប្រទេសជិត២០ផ្សេងទៀត នៅលើបណ្តាញ ទំនាក់ទំនងសង្គម បានពោរពេញទៅដោយព័ត៌មានមិនពិតអំពីវីរុសនេះ ដែលក្នុងនោះរួមមាន ការភូតកុហកទាក់ទង នឹងតួលេខនៃ អ្នកស្លាប់ វិធីព្យាបាលឬការពារខ្លួនដែលមិនត្រឹមត្រូវ និងប្រភពនៃវីរុស ព្រមទាំងមានការបំផុសបំផុលឲ្យរើសអើងជនជាតិចិនថែម ទៀតផង។
គួរជម្រាបថា យោងតាមការប្រកាសរបស់អាជ្ញាធរចិននាព្រឹកថ្ងៃព្រហស្បតិ៍នេះ ចំនួនមនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើម កូរ៉ូណាថ្មី (2019-nCoV) បានកើនឡើងដល់ ១៧០នាក់ហើយ ខណៈមនុស្សចំនួនជាង៧,៨០០នាក់ទៀតបានឆ្លងទាំងនៅក្នុង ប្រទេសចិន និងទូទាំងពិភពលោក ខណៈថៃមាន១៤ករណី ដែលប្រទេសដែលមានករណីវីរុសច្រើនជាងគេ បន្ទាប់ពីចិន។ ខាងក្រោមនេះ គឺជាតួលេខតាមបណ្តាប្រទេស, ទីក្រុង និងកោះជុំវិញពិភពលោក ដែលឆ្លងមេរោគកូរ៉ូណាប្រភេទថ្មី៖
១៖ ប្រទេសចិន ៧,៧១១ករណី ក្នុងនោះស្លាប់ ១៧០នាក់
២៖ ថៃ ១៤ករណី
៣៖ សិង្ហបុរី ១៣ករណី
៤៖ ជប៉ុន ១១ករណី
៥៖ ទីក្រុងហុងកុង ១០ករណី
៦៖ កោះតៃវ៉ាន់ ០៨ករណី
៧៖ ម៉ាឡេស៊ី ០៨ករណី
៨៖ ទីក្រុងម៉ាកាវ ០៧ករណី
៩៖ អូស្ត្រាលី ០៦ករណី
១០៖ សហរដ្ឋអាមេរិក ០៥ករណី
១១៖ បារាំង ០៥ករណី
១២៖ កូរ៉េខាងត្បូង ០៤ករណី
១៣៖ អេមីរ៉ាត់អារ៉ាប់រួម ០៤ករណី
១៤៖ អាល្លឺម៉ង់ ០៤ករណី
១៥៖ កាណាដា ០៣ករណី
១៦៖ វៀតណាម ០២ករណី
១៧៖ កម្ពុជា ០១ករណី
១៨៖ ស្រីលង្កា ០១ករណី
១៩៖ នេប៉ាល់ ០១ករណី
២០៖ ហ្វាំងឡង់ ០១ករណី
២១៖ ឥណ្ឌា ០១ករណី
២២៖ ហ្វីលីពីន ០១ករណី
តួលេខខាងលើគិតត្រឹមម៉ោង ២០៖០០នាទីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០៕