(សិង្ហបុរី)៖ ក្រសួងសុខាភិបាលសិង្ហបុរីនាថ្ងៃព្រហស្បតិ៍នេះ បានប្រកាសថា មនុស្ស៣នាក់បន្ថែមទៀត ត្រូវបានពិនិត្យរកឃើញថា មានផ្ទុកវីរុសកូរ៉ូណាប្រភេទថ្មី។ ប្រការនេះធ្វើឲ្យករណីវីរុសកូរ៉ូណាសរុបនៅក្នុងប្រទេសសិង្ហបុរីកើនដល់១៣នាក់ហើយ។ នេះបើ តាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅយប់ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា ឆ្នាំ២០២០។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងសុខាភិបាលសិង្ហបុរី ករណីថ្មី៣នោះ រួមមានស្រ្តីជនជាតិចិនអាយុ៣១ឆ្នាំម្នាក់ ដែលបាន មកដល់ប្រទេសសិង្ហបុរី កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ ព្រមទាំងស្រ្តីជនជាតិចិនម្នាក់ទៀតអាយុ ៣៧ឆ្នាំ ដែលមកដល់សិង្ហបុរី ក្នុងថ្ងៃជាមួយគ្នា រីឯចុងក្រោយគឺស្រ្តីជនជាតិចិន វ័យ៧៣ឆ្នាំ ដែលមកដល់សិង្ហបុរី កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២០។ អ្នកទាំងបី សុទ្ធតែមកពីទីក្រុង Wuhan របស់ប្រទេសចិន។ បច្ចុប្បន្ន ស្រ្តីជនជាតិចិនទាំងបីនាក់នោះ កំពុងស្ថិតក្រោមការតាមដាន និងពិនិត្យ ព្យាបាលនៅមជ្ឈមណ្ឌលជាតិសម្រាប់ជំងឺឆ្លងរបស់សិង្ហបុរី។
សម្រាប់១០ករណីមុនវិញ សុទ្ធតែជាអ្នកដំណើរជនជាតិចិន ដែលមកពីទីក្រុង Wuhan ដូចគ្នាដែរ ដោយករណីដំបូងគេនៅសិង្ហបុរី ត្រូវបានទទួលស្គាល់កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។ ក្នុងចំណោមអ្នកទាំង១០ មានបុរស៧នាក់ និងស្រ្តី៣នាក់ ដែលមានអាយុ ចន្លោះ៣៥-៦៦ឆ្នាំ។ ពួកគេកំពុងស្ថិតនៅកន្លែងព្យាបាល ក្នុងមជ្ឈមណ្ឌលខាងលើ ព្រមទាំងនៅក្នុងមន្ទីរពេទ្យ Singapore General និង នៅមន្ទីរពេទ្យ Sengkang General។
គួរជម្រាបថា យោងតាមការប្រកាសរបស់អាជ្ញាធរចិននាព្រឹកថ្ងៃព្រហស្បតិ៍នេះ ចំនួនមនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើម កូរ៉ូណាថ្មី (2019-nCoV) បានកើនឡើងដល់ ១៧០នាក់ហើយ ខណៈមនុស្សចំនួនជាង៧,៨០០នាក់ទៀតបានឆ្លងទាំងនៅក្នុង ប្រទេសចិន និងទូទាំងពិភពលោក។ ខាងក្រោមនេះ គឺជាតួលេខតាមបណ្តាប្រទេស, ទីក្រុង និងកោះជុំវិញពិភពលោក ដែលឆ្លងមេរោគកូរ៉ូណាប្រភេទថ្មី៖
១៖ ប្រទេសចិន ៧,៧១១ករណី ក្នុងនោះស្លាប់ ១៧០នាក់
២៖ ថៃ ១៤ករណី
៣៖ សិង្ហបុរី ១៣ករណី
៤៖ ជប៉ុន ១១ករណី
៥៖ ទីក្រុងហុងកុង ១០ករណី
៦៖ កោះតៃវ៉ាន់ ០៨ករណី
៧៖ ម៉ាឡេស៊ី ០៨ករណី
៨៖ ទីក្រុងម៉ាកាវ ០៧ករណី
៩៖ អូស្ត្រាលី ០៦ករណី
១០៖ សហរដ្ឋអាមេរិក ០៥ករណី
១១៖ បារាំង ០៥ករណី
១២៖ កូរ៉េខាងត្បូង ០៤ករណី
១៣៖ អេមីរ៉ាត់អារ៉ាប់រួម ០៤ករណី
១៤៖ អាល្លឺម៉ង់ ០៤ករណី
១៥៖ កាណាដា ០៣ករណី
១៦៖ វៀតណាម ០២ករណី
១៧៖ កម្ពុជា ០១ករណី
១៨៖ ស្រីលង្កា ០១ករណី
១៩៖ នេប៉ាល់ ០១ករណី
២០៖ ហ្វាំងឡង់ ០១ករណី
២១៖ ឥណ្ឌា ០១ករណី
២២៖ ហ្វីលីពីន ០១ករណី
តួលេខខាងលើគិតត្រឹមម៉ោង ២០៖០០នាទីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០៕