(វ៉ាស៊ីនតោន)៖ អាជ្ញាធរអាមេរិកបានឱ្យដឹងថា ពួកគេបានរកឃើញរូងក្រោមដីទុកសម្រាប់រត់ពន្ធគ្រឿងញៀន ដ៏វែងបំផុតមួយមិនធ្លាប់ត្រូវបានរកឃើញពីមុនមក នៅឯតំបន់ព្រំដែនជាប់ជាមួយម៉ិចស៊ីកូ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា ឆ្នាំ២០២០។
លាតសន្ធឹងលើប្រវែង ១,៣១៣ម៉ែត្រ រូងក្រោមដីខាងលើមានជណ្ដើរយន្ដប្រអប់មួយ ផ្លូវដឹកជញ្ជូនមួយខ្សែ ប្រព័ន្ធលូ និងខ្យល់ចេញចូល ព្រមទាំងមានខ្សែកាបអគ្គិសនីតង់ស្យុងខ្ពស់ផងដែរ។ បើតាមអាជ្ញាធរអាមេរិក រូងក្រោមដីនេះភ្ជាប់ពីទីតាំងឧស្សាហកម្មមួយនៅក្នុងទីក្រុង ធីជូអាណា (Tijuana) របស់ម៉ិចស៊ីកូ ទៅកាន់ទីក្រុងទីក្រុងសានឌីហ្គោ (San Diego) នៃរដ្ឋកាលីហ្វ័រញ៉ា ហើយមកទល់នឹងពេលនេះ មិនទាន់មានសេចក្ដីរាយការណ៍ ពីការចាប់ខ្លួនជនសង្ស័យណាមួយ ឬការរឹបអូសបានគ្រឿងញៀន ឬក៏យ៉ាងណានោះទេ ខណៈអាជ្ញាធរក៏មិនបានបញ្ជាក់ថា ពួកគេសង្ស័យលើក្រុមណាមួយ ដែលជាអ្នកជីករូងក្រោមដីនេះដែរ។
តែយ៉ាងណាក៏ដោយ ក្រុមឧក្រិដ្ឋជនគ្រឿងញៀន ស៊ីណាឡាវ (Sinaloa) នៅក្នុងប្រទេសម៉ិចស៊ីកូ ដែលសហរដ្ឋអាមេរិកចាត់ទុកថា ជាក្រុមជួញដូរគ្រឿងញៀនដ៏ធំបំផុតមួយ នៅលើពិភពលោកត្រូវបានគេដឹងថា កំពុងធ្វើប្រតិបត្តិនៅក្នុងតំបន់នៃរូងក្រោមដីខាងលើ។ Sinaloa បង្កើតឡើងដោយស្ដេចគ្រឿងញៀនម៉ិចស៊ីកូ ចៅឃ្វីន ហ្គាស្មាន់ (Joaquin Guzman) ឬមានរហស្សនាមថា អ៊ែលចាប៉ូ (El Chapo) ដែលកំពុងជាប់គុកអស់មួយជីវិតនៅសហរដ្ឋអាមេរិក៕