(ម៉ូស្គូ)៖ ឧបនាយករដ្ឋមន្រ្តីរុស្ស៊ី លោកស្រី Tatiana Golikova នាថ្ងៃពុធសប្តាហ៍នេះ បានប្រកាសពីវិធានការដើម្បីទប់ស្កាត់វីរុសកូរ៉ូណាថ្មី ដែលកំពុងផ្ទុះឡើងនៅក្នុងប្រទេសចិន ដែលជាអ្នកជិតខាងរបស់ខ្លួន។ នេះបើតាមការដកស្រង់ការផ្សាយពីទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា ឆ្នាំ២០២០។
លោកស្រី Golikova បាននិយាយថា ព្រំដែនគោកនៅតាមតំបន់ចុងបូព៌ាដែលជាប់ជាមួយប្រទេសចិន នឹងត្រូវបន្តបិទមិនឲ្យអ្នកដំណើរ និង យានយន្តឆ្លងកាត់រហូតដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០។ ម៉្យាងវិញទៀតលោកស្រីបានបន្តថា រាល់ខ្សែរថភ្លើងដែលតភ្ជាប់ប្រទេសទាំងពីរ លើកលែងតែខ្សែរថភ្លើងរវាងទីក្រុងម៉ូស្គូនិងទីក្រុងប៉េកាំង នឹងត្រូវផ្អាកជាបណ្តោះអាសន្នចាប់ពីយប់រំលងអាធ្រាត្រថ្ងៃព្រហស្បតិ៍នេះទៅ។ ទាក់ទងនឹងជើងហោះហើររវាងរុស្ស៊ី-ចិន លោកស្រី Golikova បានបញ្ជាក់ថា រដ្ឋាភិបាលលោកស្រីនឹងពិចារណាលើរឿងនេះ នៅសប្តាហ៍ ក្រោយ។
គួរជម្រាបថា ប្រទេសរុស្ស៊ីនិងចិនមានព្រំដែនគោកជាមួយគ្នាប្រវែងប្រមាណ៤,៣០០គីឡូម៉ែត្រ។ បើតាមលោកស្រី ឧបនាយករដ្ឋមន្រ្តីរុស្ស៊ី និស្សិតចិនទាំងឡាយ ដែលបានត្រឡប់ទៅកាន់ប្រទេសចិនក្នុងឱកាសបុណ្យចូលឆ្នាំរបស់ពួកគេ នឹងត្រូវស្នើមិនឲ្យទាន់វិលមកសិក្សានៅឯ សាកលវិទ្យាល័យក្នុងប្រទេសរុស្ស៊ីវិញឡើយ រហូតទាល់តែដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០។ មកទល់ពេលនេះ មិនទាន់រកឃើញអ្នកផ្ទុក វីរុសកូរ៉ូណាប្រភេទថ្មី នៅរុស្ស៊ីនៅឡើយទេ។
ខាងក្រោមនេះគឺជាតួលេខតាមបណ្តាប្រទេស, ទីក្រុង និងកោះជុំវិញពិភពលោក ដែលឆ្លងមេរោគកូរ៉ូណាប្រភេទថ្មី៖
១៖ ប្រទេសចិន ឆ្លង៧,៧១១ករណី ក្នុងនោះស្លាប់ ១៧០នាក់
២៖ ថៃ ១៤ករណី
៣៖ ជប៉ុន ១១ករណី
៤៖ សិង្ហបុរី ១០ករណី
៥៖ ទីក្រុងហុងកុង ១០ករណី
៦៖ កោះតៃវ៉ាន់ ០៨ករណី
៧៖ ទីក្រុងម៉ាកាវ ០៧ករណី
៨៖ ម៉ាឡេស៊ី ០៧ករណី
៩៖ អូស្ត្រាលី ០៦ករណី
១០៖ សហរដ្ឋអាមេរិក ០៥ករណី
១១៖ បារាំង ០៥ករណី
១២៖ កូរ៉េខាងត្បូង ០៤ករណី
១៣៖ អេមីរ៉ាត់អារ៉ាប់រួម ០៤ករណី
១៤៖ អាល្លឺម៉ង់ ០៤ករណី
១៥៖ កាណាដា ០៣ករណី
១៦៖ វៀតណាម ០២ករណី
១៧៖ កម្ពុជា ០១ករណី
១៨៖ ស្រីលង្កា ០១ករណី
១៩៖ នេប៉ាល់ ០១ករណី
២០៖ ហ្វាំងឡង់ ០១ករណី
តួលេខខាងលើនេះគិតត្រឹមម៉ោង ១៤៖០០នាទីរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០៕