(ប៉េកាំង)៖ ក្រុមហ៊ុន Google ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Alphabet បានសម្រេចចិត្តបិទការិយាល័យទាំងអស់របស់ខ្លួន នៅក្នុងប្រទេសចិន ជាបណ្ដោះអាសន្ន ដោយសារតែការព្រួយបារម្ភពីការរីករាលដាលវីរុសកូរ៉ូណា មានប្រភពមកចេញពីទីក្រុង វូហាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា ឆ្នាំ២០២០។
ទីភ្នាក់ងារព័ត៌មាន Reuters បានឱ្យដឹងទៀតថា ការិយាល័យរបស់ Google ដែលត្រូវបិទជាបណ្ដោះអាសន្ន ក្នុងនោះរួមមានទាំងការិយាល័យនៅ ចិនដីគោក ហុងកុង និងកោះតៃវ៉ាន់។ ការិយាល័យក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកមួយនេះ នៅចិនដីគោក គឺផ្ដោតសំខាន់លើការលក់ និងវិស្វកម្ម សម្រាប់ ការផ្សព្វផ្សាយពាណិជ្ជកម្ម ហើយការបិទការិយាល័យនេះទៀតសោត ធ្វើឡើងជាផ្នែកមួយនៃការអូសបន្លាយពេលសម្រាកថ្ងៃចូលឆ្នាំចិន ដែលជាវិធានការ មួយដាក់ចេញដោយរដ្ឋាភិបាលទីក្រុងប៉េកាំង ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលវីរុសកូរ៉ូណា តាមរយៈការជំរុញឱ្យប្រជាជនសម្រាកនៅក្នុងផ្ទះ និងជៀសវាងការធ្វើដំណើរចេញទៅក្រៅ។
គួរជម្រាបថា អាជ្ញាធរចិនទើបតែបានប្រកាសឲ្យដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះដែរថា ចំនួនមនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើម កូរ៉ូណាថ្មី (Coronavirus) បានកើនឡើងដល់ ១៧០នាក់ហើយ ខណៈមនុស្សចំនួនជាង៧៧០០នាក់ទៀតបានឆ្លង។
ខាងក្រោមនេះគឺជាតួលេខតាមបណ្តាប្រទេស, ទីក្រុង និងកោះជុំវិញពិភពលោក ដែលឆ្លងមេរោគកូរ៉ូណាប្រភេទថ្មី៖
១៖ ប្រទេសចិន ឆ្លង ៧,៧១១នាក់ ក្នុងនោះស្លាប់ ១៧០នាក់
២៖ ថៃ ១៤ករណី
៣៖ ជប៉ុន ១១ករណី
៤៖ សិង្ហបុរី ១០ករណី
៥៖ ទីក្រុងហុងកុង ១០ករណី
៦៖ កោះតៃវ៉ាន់ ០៨ករណី
៧៖ ទីក្រុងម៉ាកាវ ០៧ករណី
៨៖ ម៉ាឡេស៊ី ០៧ករណី
៩៖ អូស្ត្រាលី ០៦ករណី
១០៖ សហរដ្ឋអាមេរិក ០៥ករណី
១១៖ បារាំង ០៥ករណី
១២៖ កូរ៉េខាងត្បូង ០៤ករណី
១៣៖ អេមីរ៉ាត់អារ៉ាប់រួម ០៤ករណី
១៤៖ អាល្លឺម៉ង់ ០៤ករណី
១៥៖ កាណាដា ០៣ករណី
១៦៖ វៀតណាម ០២ករណី
១៧៖ កម្ពុជា ០១ករណី
១៨៖ ស្រីលង្កា ០១ករណី
១៩៖ នេប៉ាល់ ០១ករណី
២០៖ ហ្វាំងឡង់ ០១ករណី
តួលេខខាងលើនេះគិតត្រឹមម៉ោង ១៤៖០០នាទីរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០៕