(សិង្ហបុរី)៖ ពលរដ្ឋសិង្ហបុរី ៩២នាក់ បានធ្វើដំណើរមកដល់ផ្ទះរបស់ពួកគេវិញហើយ បន្ទាប់ពីចាកចេញពីទីក្រុងវូហាន (Wuhan) ប្រទេសចិន ខណៈចំនួនអ្នកឆ្លងវីរុសកូរ៉ូណា ក្នុងប្រទេសសិង្ហបុរីបានកើនដល់ ១០នាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា ឆ្នាំ២០២០។
យន្ដហោះដឹកពលរដ្ឋទាំង ៩២នាក់ខាងលើចេញពីទីក្រុងវូហាន នៃខេត្ត Hubei បានចុះចតនៅក្នុងប្រទេសសិង្ហបុរី នៅម៉ោង ១១៖៤០នាទីព្រឹក (ម៉ោងសិង្ហបុរី) បន្ទាប់ពីក្រសួងការបរទេសសិង្ហបុរីផ្ទាល់ បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ថាអ្នកទាំងនេះ នឹងធ្វើដំណើរមកដល់សិង្ហបុរី តាមជើងហោះហើរលេខ TR121 របស់ក្រុមហ៊ុនអាកាសចរណ៍ ស្គូត (Scoot) នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។
គួរបញ្ជាក់ថា បើតាមក្រសួងការបរទេសសិង្ហបុរីពលរដ្ឋទាំង ៩២នាក់ នឹងត្រូវដាក់នៅក្រោមការត្រួតពិនិត្យវេជ្ជសាស្ត្រ នៅឯអាកាសយានដ្ឋានឆាងគី (Changi) ហើយអ្នកដែលមានអាការៈក្ដៅខ្លួន ឬក៏មានបញ្ហាផ្លូវដង្ហើម នឹងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីទទួលការត្រួតពិនិត្យតាមដានជាបន្ត ខណៈអ្នករកឃើញថាបានឆ្លងវីរុសកូរ៉ូណា នឹងត្រូវដាក់ឱ្យនៅដាច់ឆ្ងាយពីគេឯងរយៈពេល ១៤ថ្ងៃ។ ក្រៅតែពីសិង្ហបុរី សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូងជាដើមក៏បានបញ្ជូនយន្ដហោះ ឱ្យទៅដឹកពលរដ្ឋរបស់ខ្លួនចេញពីទីក្រុងវូហានផងដែរ។
ខាងក្រោមនេះគឺជាតួលេខតាមបណ្តាប្រទេស, ទីក្រុង និងកោះជុំវិញពិភពលោក ដែលឆ្លងមេរោគកូរ៉ូណាប្រភេទថ្មី៖
១៖ ប្រទេសចិន ឆ្លង ៧,៧១១នាក់ ក្នុងនោះស្លាប់ ១៧០នាក់
២៖ ថៃ ១៤ករណី
៣៖ ទីក្រុងហុងកុង ០៨ករណី
៤៖ កោះតៃវ៉ាន់ ០៨ករណី
៥៖ ជប៉ុន ១១ករណី
៦៖ ទីក្រុងម៉ាកាវ ០៧ករណី
៧៖ ម៉ាឡេស៊ី ០៧ករណី
៨៖ សិង្ហបុរី ១០ករណី
៩៖ អូស្ត្រាលី ០៦ករណី
១០៖ សហរដ្ឋអាមេរិក ០៥ករណី
១១៖ បារាំង ០៤ករណី
១២៖ កូរ៉េខាងត្បូង ០៤ករណី
១៣៖ កាណាដា ០៣ករណី
១៤៖ វៀតណាម ០២ករណី
១៥៖ កម្ពុជា ០១ករណី
១៦៖ អាល្លឺម៉ង់ ០៤ករណី
១៧៖ នេប៉ាល់ ០១ករណី
១៨៖ ស្រីលង្កា ០១ករណី
១៩៖ អេមីរ៉ាត់អារ៉ាប់រួម 0១ករណី
តួលេខខាងលើនេះគិតត្រឹមម៉ោង ១២៖៣០នាទីរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០៕