(ញូដេលី)៖ ពិភពលោកមិនត្រឹមតែតភ្ជាប់គ្នា តែតាមរយៈអ៊ីនធើណិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតាមរយៈទីផ្សារផងដែរ។ ទីផ្សារពិភពលោកដំណើរការ នៅក្នុងខ្សែសង្វាក់ជាមួយប្រទេសចិន ដែលបង្កើតជាប្លុកធំបំផុតលំដាប់ទីពីរ នៃខ្សែសង្វាក់សេដ្ឋកិច្ចសកលោក។ បច្ចុប្បន្ននេះប្រទេសចិនកំពុងស្ថិតនៅក្នុងបញ្ហា នោះគឺការបិទទ្វារខេត្តមួយទាំងមូល ដែលស្ថិតក្នុងចំណោមខេត្តសេដ្ឋកិច្ចសំខាន់ៗរបស់ខ្លួន នោះអគឺហ៊ូប៉ី (Hubei) ដើម្បីទប់ទល់នឹងការផ្ទុះឡើងនៃវីរុសផ្លូវដង្ហើមកូរ៉ូណាថ្មី ដែលយើងស្គាល់ជាអន្តរជាតិថា 2019n-CoV នោះឯង។ ទីក្រុងវូហាន (Wuhan) ដែលធំជាងគេបំផុតប្រចាំខេត្ត Hubei គឺជាមជ្ឈមណ្ឌលដឹកជញ្ជូននៅក្នុងប្រទេសចិន ដែលទទួលបានឈ្មោះសម្គាល់ថា «ផ្លូវប្រសព្វនៃប្រទេសចិន» ហើយរាល់ការដឹកជញ្ជូនទាំងអស់តែងតែត្រូវបានស្តុកនៅទីនេះសិន ដើម្បីរង់ចាំការបញ្ជាទិញដដែល។
ចិនគឺជាប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតទី ២ លើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក។ ដូច្នេះរាល់ការព្យាករណ៍នៃអត្រាកំណើន ផលិតផលក្នុងស្រុកសរុប (GDP) ដែលកើនឡើង ឬធ្លាក់ចុះនៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសចិន ត្រូវបានផ្សាភ្ជាប់ទៅនឹងផលប៉ះពាល់ ទៅដល់ការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក។ ការផ្ទុះឡើងនៃវីរុសកូរ៉ូណាថ្មី ពិតជាបានធ្វើឱ្យបណ្តាប្រទេសនានា និងអ្នកវិភាគសេដ្ឋកិច្ចទាំងឡាយឈឺក្បាល និងព្រួយបារម្ភកាន់តែខ្លាំងរួចទៅហើយ អំពីផលប៉ះពាល់ដែលគេចមិនរួចអន្តរជាតិ។
អ្នកវិភាគខ្លះបានលើកឡើងអំពីផលប៉ះពាល់ នៃជំងឺរាតត្បាតមួយចំនួនកាលពីអតីតកាល មកលើសេដ្ឋកិច្ចពិភពលោក កាលពីឆ្នាំ២០០២ និងឆ្នាំ២០០៣ ប្រទេសចិនបានកើតភាពច្របូកច្របល់ដោយវីរុស SARS (រោគសញ្ញាផ្លូវដង្ហើមធ្ងន់ធ្ងរ) ដែលមានអត្រាអ្នកស្លាប់ខ្ពស់ជាងវីរុសកូរ៉ូណានេះទៅទៀត។ ការគណនានាពេលនោះបានបង្ហាញថា ជងឺ SARS បានជះឥទ្ធិពលដល់អត្រាកំណើន ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសចិនពី ១.១-២.៦ភាគរយ។ ផលប៉ះពាល់ស្រដៀងគ្នានៃការផ្ទុះវីរុសកូរ៉ូណាថ្មី នឹងធ្វើឱ្យអន្តរាយដល់សេដ្ឋកិច្ចពិភពលោកជារួមតែម្តងនៅពេលនេះ ព្រោះបើយើងគិតនៅអំឡុងឆ្នាំ២០០២ និង២០០៣ សេដ្ឋកិច្ចប្រទេសចិន និងពិភពលោកមិនសូវទាក់ទងគ្នា និងពឹងផ្អែកគ្នាទៅវិញទៅមកប៉ុន្មាននោះឡើយ បើធៀបនឹងពេលជិតមួយទសវត្សរ៍ចុងក្រោយនេះ។
ផលប៉ះពាល់នៃការផ្ទុះវីរុសកូរ៉ូណា ត្រូវបានគេដឹងនៅទូទាំងពិភពលោករួចទៅហើយ តាមរយៈប្រែប្រួលទីផ្សារភាគហ៊ុន។ សន្ទស្សន៍ភាគហ៊ុនរបស់ទីក្រុងហ្សិនជិន និងសៀងហៃ បានធ្លាក់ចុះ ៣.៥២ភាគរយ និង ២,៧៥ភាគរយមុនពេលការឈប់សម្រាក បុណ្យចូលឆ្នាំចិនត្រូវផុតកំណត់។ ការឈប់សម្រាកត្រូវបានអូសបន្លាយ រហូតដល់ថ្ងៃចន្ទសប្តាហ៍ក្រោយនេះទៀត ដើម្បីបន្ថយសម្ពាធលើការព្រួយបារម្ភចំពោះ ការផ្ទុះឡើងនៃវីរុសកូរ៉ូណា ប៉ុន្តែផលប៉ះពាល់លើទីផ្សារភាគហ៊ុន ក៏កើនឡើងទៅតាមនោះដែរ។ ការប្រែប្រួលទីផ្សារភាគហ៊ុននៅក្នុងប្រទេសជប៉ុន សហរដ្ឋអាមេរិក និងនៅអឺរ៉ុបដែលជាកម្លាំងចលករនៃចរន្តសេដ្ឋកិច្ចសកល អាចធ្វើឲ្យអ្នកតាមដានទូទាំងពិភពលោកមើលឃើញដូច។
បុណ្យចូលឆ្នាំថ្មីរបស់ចិន គឺជាថ្ងៃសម្រាកដ៏សំខាន់បំផុត ហើយក៏ជាពេលដែលប្រជាជនចិន ដែលមានចំនួនច្រើនជាងគេលើលោក ត្រូវធ្វើដំណើរយ៉ាងច្រើនបំផុត។ របាយការណ៍និយាយថាប្រជាជនជាង ៧លាននាក់បានធ្វើផែនការធ្វើដំណើរទៅបរទេស។ ប៉ុន្តែ ការធ្វើដំណើរជាក់ស្តែងត្រូវបានគេប៉ាន់ស្មានថាបានធ្លាក់ចុះ ៤០ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំ ២០១៩ ។
ការបិទការដឹកជញ្ជូនក្នុងទ្រង់ទ្រាយធំនៅក្នុងប្រទេសចិន បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ឧស្សាហកម្មនេះ និងប៉ះពាល់ដល់វិស័យនាំចេញ- នាំចេញផងដែរ។ បច្ចុប្បន្នប្រទេសចិន គឺជាមជ្ឈមណ្ឌលផលិតរបស់ពិភពលោក ហើយសម្ពាធដែលអូសបន្លាយពេលលើការដឹកជញ្ជូន នឹងបង្កផលប៉ះពាល់នៅតំបន់ផ្សេងៗនៃពិភពលោក។
ផលប៉ះពាល់ពេញលេញនៃវីរុសកូរ៉ូណាលើប្រទេសចិន និងសេដ្ឋកិច្ចពិភពលោកនឹងត្រូវបានគេដឹង បន្ទាប់ពីការរីករាលដាលនៃវីរុស ត្រូវបានដោះស្រាយ រីឯជំនួញនានាចាប់ផ្ដើម ដំណើរការជាធម្មតាឡើងវិញ។ ប៉ុន្តែ ការប៉ាន់ស្មានដំបូងនិយាយថាការផ្ទុះឡើងនៃវីរុសកូរ៉ូណា អាចនឹងធ្វើឱ្យកំណើនសេដ្ឋកិច្ចរបស់ចិនថយចុះពី ០.៥ ទៅ ១ ភាគរយ។ ក្នុងអត្រា ១ ភាគរយ ការខាតបង់សេដ្ឋកិច្ចចិននឹងមានទំហំដល់ទៅជាង១៣៦ ពាន់លានដុល្លារឯណោះ ដែលនេះគឺធំធេងខ្លាំងណាស់។
បើតាមធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ការផ្ទុះវីរុស SARS បានបណ្តាលឱ្យខាតបង់សេដ្ឋកិច្ច ១៨ ពាន់លានដុល្លារ។ តែ ផលប៉ះពាល់ជាសកលទាំងមូល បង្កឡើងដោយវីរុសកូរ៉ូណាថ្មី អាចនឹងមានខាតបង់ទំហំធំជាងនេះទៅទៀត ខណៈផលប៉ះពាល់ដល់មនុស្ស ត្រូវបានបង្ហាញជាក់ស្ដែងស្រាប់ នោះគឺមនុស្ស ៣៥លាននាក់ស្ថិតក្នុងស្ថានភាពជាប់គាំង និងត្រូវបានគំរាមកំហែងដោយវីរុសនេះ។
ប្រភព៖ សារព័ត៌មាន India Today (ថ្ងៃពុធ ទី២៩ ខែមករា ឆ្នាំ២០២០)