(ពិភពលោក)៖ នៅថ្ងៃពុធ ទី២៩ ខែមករា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ អាជ្ញាធរសុខាភិបាលរបស់ចិន បានប្រកាសឲ្យដឹងនៅថ្ងៃពុធនេះថា ចំនួនមនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើម កូរ៉ូណាថ្មី (Coronavirus) បានកើនឡើងដល់ ១៣២នាក់ហើយ ខណៈមនុស្សចំនួន៦០៥៩នាក់ទៀតឆ្លង។
២៖ ក្រសួងថាមពលអាមេរិកបានបញ្ចេញឯកសារជាង ១០០ទំព័រ ពាក់ព័ន្ធនឹងអតីតរដ្ឋមន្រ្តីថាមពលអាមេរិកលោក រិក ភែរី (Rick Perry) និងប្រទេសអ៊ុយក្រែន ខណៈដែលសវនាការជុំវិញការសម្រេចថាដក ឬក៏មិនដកតំណែងរបស់ លោក ដូណាល់ ត្រាំ កំពុងតែប្រព្រឹត្តទៅនៅព្រឹទ្ធសភា។
៣៖ មន្ទីរបញ្ចកោណ បានឱ្យដឹងថាកងទ័ពអាមេរិក៥០នាក់ ត្រូវបានធ្វើរោគវិនិច្ឆ័យរកឃើញថាបានរងរបួសគ្រាំខួរក្បាល ដោយសារតែការវាយប្រហារដោយ មីស៊ីលរាប់សិបគ្រាប់របស់កម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ លើមូលដ្ឋានទ័ពអាមេរិកចំនួនពីរកន្លែង នៅប្រទេសអ៉ីរ៉ាក់ កាលពីដើមខែមករា កន្លងទៅ។
៤៖ ឱសថស្ថានមួយនៅក្នុងទីក្រុងប៉េកាំង ត្រូវបានអាជ្ញាធរចិនពិន័យជាប្រាក់៣លានយ័ន ឬស្មើនឹងជាង ៤៣៤,៥៣០ដុល្លារ សម្រាប់ការដំឡើងតម្លៃ ម៉ាស់ រហូតដល់ទៅ៦ដង បើធៀបទៅនឹងតម្លៃធម្មតាដែលដាក់លក់នៅលើបណ្ដាញអ៉ិនធើណិត ប្រឈមមុខនឹងការរីករាលដាលនៃវីរុសកូរ៉ូណា។
៥៖ អាជ្ញាធរសិង្ហបុរីបានប្រកាសឲ្យដឹងថា នៅថ្ងៃល្ងាចថ្ងៃពុធ ទី២៩ ខែមករា ឆ្នាំ២០២០នេះថា មនុស្ស ០៣នាក់បន្ថែមទៀតត្រូវបានក្រុមជំនាញរកឃើញថា មានផ្ទុកវីរុសកូរ៉ូណាប្រភេទថ្មី (Coronvirus ឬ 2019n-CoV) ដែលធ្វើឲ្យចំនួនអ្នកឆ្លងវីរុស មានប្រភពដើមពីប្រទេសចិននេះសរុបកើនឡើងដល់ ១០នាក់។
៦៖ ប្រព័ន្ធផ្សព្វផ្សាយនៅអេមីរ៉ាត់អារ៉ាប់រួមនាថ្ងៃពុធនេះបានចុះផ្សាយថា ទើបមានការពិនិត្យរកឃើញករណីដំបូង នៃអ្នកផ្ទុកវីរុសកូរ៉ូណា ប្រភេទថ្មី នៅក្នុងប្រទេសនេះ៕