(ប៊ែរឡាំង)៖ អាជ្ញាធរអាល្លឺម៉ង់នាថ្ងៃពុធសប្តាហ៍នេះបានប្រកាសឲ្យដឹងថា មានអ្នកផ្ទុកវីរុសកូរ៉ូណាប្រភេទថ្មីចំនួន ០៣ករណីបន្ថែមទៀតត្រូវបានបញ្ជាក់ជាផ្លូវការ ដោយពួកគេមានជាប់ទាក់ទងជាមួយនឹងអ្នកឆ្លងទីមួយ។ ប្រការនេះបានធ្វើឲ្យករណីឆ្លងវីរុសកូរ៉ូណា ថ្មី នៅក្នុងប្រទេសធំជាងគេបំផុតប្រចាំទ្វីបអឺរ៉ុបមួយនេះ សរុបកើនដល់ 0៤ករណីហើយ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNA នៅល្ងាចថ្ងៃពុធ ទី២៩ ខែមករា ឆ្នាំ២០២០។
រដ្ឋមន្រ្តីសុខាភិបាលអាល្លឺម៉ង់ ហ្សេនស៍ ស្ពេន (Jens Spahn) បាននិយាយថា ពលរដ្ឋអាល្លឺម៉ង់សរុបចំនួន ០៤នាក់នៅរដ្ឋបាវ៉ារៀ (Bavaria) បានឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី ក្រោយពីអ្នករួមការងារម្នាក់ដែលមកពីប្រទេសចិន បានមកទស្សនកិច្ចនៅកន្លែងធ្វើការរបស់ពួកគេ។
កាលពីថ្ងៃអង្គារសប្តាហ៍នេះ ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់រថយន្តរបស់អាល្លឺម៉ង់ វែបាស្តូ (Webasto) បានឲ្យដឹងថា បុគ្គលិកម្នាក់របស់ក្រុមហ៊ុននៅទីស្នាក់ការក្នុងតំបន់ស្តុកដហ្វ (Stockdorf) នៃរដ្ឋ Bavaria បានឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី ក្រោយបុគ្គលិកម្នាក់ទៀតរបស់ក្រុមហ៊ុន មកពីទីស្នាក់ការនៅចិនបានមកទស្សនកិច្ច នៅទីស្នាក់ការ Stockdorf។ បើតាមអាជ្ញាធរអាល្លឺម៉ង់ ការឆ្លងនោះបានកើតនៅពេល កំឡុងវគ្គបំពាក់បំប៉នមួយរបស់បុគ្គលិកអាល្លឺម៉ង់វ័យ ៣៣ឆ្នាំម្នាក់នោះ ជាមួយនឹងបុគ្គលិកចិន។
ក្រុមហ៊ុន Webasto បានបញ្ជាក់ថា ក្រុមហ៊ុនបានសម្រេចផ្អាករាល់ការធ្វើទស្សនកិច្ចទាំងអស់ទាំងទៅ និងមកពីប្រទេសចិន សម្រាប់អំឡុងពេលយ៉ាងហោច ០២សប្តាហ៍ហើយនឹងបន្តបិទទ្វារទីស្នាក់ការ ក៏ដូចជារោងចក្ររបស់ខ្លួននៅឯតំបន់ Stockdorf រហូតដល់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២០។
គួរជម្រាបថា គិតត្រឹមល្ងាចថ្ងៃពុធនេះវីរុសកូរ៉ូណាប្រភេទថ្មី ដែលអង្គការសុខភាពពិភពលោកឲ្យឈ្មោះសម្គាល់ថា 2019-nCoV បានសម្លាប់មនុស្ស ១៣២នាក់នៅក្នុងប្រទេសចិន និងជាង ៦,០០០នាក់ទៀតឆ្លងទាំងនៅចិន និងទូទាំងពិភពលោក។
ខាងក្រោមជាតួលេខតាមបណ្តាប្រទេស, ទីក្រុង និងកោះជុំវិញពិភពលោកដែលឆ្លងមេរោគ៖
១៖ ប្រទេសចិន ឆ្លង ៥,៩៧៤នាក់ ក្នុងនោះស្លាប់ ១៣២នាក់
២៖ ថៃ ១៤ករណី
៣៖ ទីក្រុងហុងកុង ០៨ករណី
៤៖ កោះតៃវ៉ាន់ ០៨ករណី
៥៖ ជប៉ុន ០៧ករណី
៦៖ ទីក្រុងម៉ាកាវ ០៧ករណី
៧៖ ម៉ាឡេស៊ី ០៧ករណី
៨៖ សិង្ហបុរី ០៧ករណី
៩៖ អូស្ត្រាលី ០៦ករណី
១០៖ សហរដ្ឋអាមេរិក ០៥ករណី
១១៖ បារាំង ០៤ករណី
១២៖ កូរ៉េខាងត្បូង ០៤ករណី
១៣៖ កាណាដា ០៣ករណី
១៤៖ វៀតណាម ០២ករណី
១៥៖ កម្ពុជា ០១ករណី
១៦៖ អាល្លឺម៉ង់ ០៤ករណី
១៧៖ នេប៉ាល់ ០១ករណី
១៨៖ ស្រីលង្កា ០១ករណី
១៩៖ អេមីរ៉ាត់អារ៉ាប់រួម 0១ករណី
តួលេខខាងលើនេះគិតត្រឹមម៉ោង ៦៖០០នាទីល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០៕