(វ៉ាស៊ីនតោន)៖ យន្ដហោះស៊ីវិលដឹកពលរដ្ឋអាមេរិក ២១០នាក់ បានធ្វើដំណើរទៅដល់រដ្ឋអាឡាស្កា (Alaska) ហើយ ដើម្បីឈប់សំចតចាក់សាំង បន្ទាប់ពីចាកចេញពីទីក្រុង វូហាន ដែលជាចំណុចចាប់ផ្ដើមនៃការផ្ទុះឡើងនូវជំងឺផ្លូវដង្ហើម បង្កឡើងដោយវីរុសកូរ៉ូណាថ្មី នៅក្នុងប្រទេសចិន និងកំពុងរីករាលដាលទៅកាន់ប្រទេសជាច្រើននៅលើពិភពលោក។ ប៉ុន្តែព្រមពេលជាមួយគ្នា យន្ដហោះនេះ ស្រាប់តែប្ដូរគោលដៅចុះចតពីអាកាសយានដ្ឋានស៊ីវិល ទៅកាន់មូលដ្ឋានទ័ពអាកាសវិញ ដោយមិនទាន់ដឹងពី មូលហេតុ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃពុធ ទី២៩ ខែមករា ឆ្នាំ២០២០។
យន្ដហោះដឹកពលរដ្ឋអាមេរិកខាងលើ រៀបចំឡើងដោយក្រសួងការបរទេសអាមេរិក បានហោះចេញពីទីក្រុងវូហាន នៅថ្ងៃពុធនេះ (ម៉ោងនៅក្នុងតំបន់) ហើយបានចុះចតនៅឯ អាកាសយានដ្ឋាន ក្នុងទីក្រុង Anchorage នៃរដ្ឋអាឡាស្កា មុននឹងបន្តដំណើរទៅកាន់មូលដ្ឋានទ័ពអាកាស March Air Reserve Base ស្ថិតក្នុងរដ្ឋកាលីហ្វ័រញ៉ា ជាទីដែល យន្ដហោះនេះត្រូវចុះចត នៅព្រឹកថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅរដ្ឋកាលីហ្វរញ៉ា)។
យ៉ាងណាក៏ដោយ គួរឱ្យកត់សម្គាល់ ជើងហោះហើរខាងលើ ដំបូងឡើយគឺមានគោលដៅចុះចតនៅឯអាកាសយានដ្ឋានស៊ីវិល Ontario International Airport ដែលស្ថិត នៅចំងាយប្រហែល ៥៦គីឡូម៉ែត្រ ពីទីក្រុង ឡូស អាន់ជែលឡែស។ ភ្លាមៗមិនទាន់មានការបញ្ជាក់ណាមួយ ថាតើហេតុអ្វីបានជាយន្ដហោះដឹកពលរដ្ឋអាមេរិកចេញពីទីក្រុង វូហាន ត្រូវប្ដូរការចុះចតភ្លាមៗ ពីអាកាសយានដ្ឋានស៊ីវិល ទៅកាន់មូលដ្ឋានទ័ពវិញ នៅឡើយទេ។
គួរជម្រាបថា គិតត្រឹមរសៀលថ្ងៃពុធនេះ វីរុសកូរ៉ូណាប្រភេទថ្មី ដែលអង្គការសុខភាពពិភពលោកឲ្យឈ្មោះសម្គាល់ថា 2019-nCoV បានឆ្លង ដល់មនុស្សសរុបជិត៦,០០០នាក់ និងសម្លាប់មនុស្ស១៣២នាក់ នៅក្នុងប្រទេសចិន ហើយករណីអ្នកផ្ទុកវីរុសនេះ ក៏ត្រូវបានរកឃើញនៅក្នុង ប្រទេសយ៉ាងតិច១៥ផ្សេងទៀតដែរ។
ខាងក្រោមជាតួលេខតាមបណ្តាប្រទេស, ទីក្រុង និងកោះជុំវិញពិភពលោកដែលឆ្លងមេរោគ៖
១៖ ប្រទេសចិន ឆ្លង ៥,៩៧៤នាក់ ក្នុងនោះស្លាប់ ១៣២នាក់
២៖ ថៃ ១៤ករណី
៣៖ ទីក្រុងហុងកុង ០៨ករណី
៤៖ កោះតៃវ៉ាន់ ០៨ករណី
៥៖ ជប៉ុន ០៧ករណី
៦៖ ទីក្រុងម៉ាកាវ ០៧ករណី
៧៖ ម៉ាឡេស៊ី ០៧ករណី
៨៖ សិង្ហបុរី ០៧ករណី
៩៖ អូស្ត្រាលី ០៦ករណី
១០៖ សហរដ្ឋអាមេរិក ០៥ករណី
១១៖ បារាំង ០៤ករណី
១២៖ កូរ៉េខាងត្បូង ០៤ករណី
១៣៖ កាណាដា ០៣ករណី
១៤៖ វៀតណាម ០២ករណី
១៥៖ កម្ពុជា ០១ករណី
១៦៖ អាល្លឺម៉ង់ ០១ករណី
១៧៖ នេប៉ាល់ ០១ករណី
១៨៖ ស្រីលង្កា ០១ករណី
១៩៖ អេមីរ៉ាត់អារ៉ាប់រួម (មិនទាន់ច្បាស់ថាប៉ុន្មានករណី)
គិតត្រឹមម៉ោង ១៤៖៣០នាទី ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០។