(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណ បានឱ្យដឹងថាកងទ័ពអាមេរិក៥០នាក់ ត្រូវបានធ្វើរោគវិនិច្ឆ័យរកឃើញថាបានរងរបួសគ្រាំខួរក្បាល ដោយសារតែការវាយប្រហារដោយ មីស៊ីលរាប់សិបគ្រាប់របស់កម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ លើមូលដ្ឋានទ័ពអាមេរិកចំនួនពីរកន្លែង នៅប្រទេសអ៉ីរ៉ាក់ កាលពីដើមខែមករា កន្លងទៅ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី២៩ ខែមករា ឆ្នាំ២០២០។
ការបញ្ជាក់ខាងលើធ្វើឡើងដោយអ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Thomas Campbell នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ក្នុងសេចក្ដីថ្លែងការណ៍មួយ ជុំវិញកងទ័ព ដែលរងរបួសនៅក្នុងការវាយប្រហារដោយគ្រាប់មីស៊ីល លើមូលដ្ឋានទ័ពអាកាសអាមេរិក Ain al-Asad នៅភាគខាងលិចប្រទេសអ៉ីរ៉ាក់។ ថ្លែងនាឱកាសនោះ លោក Campbell បានលើកឡើងដូច្នេះថា៖ «មកទល់ពេលនេះ កងទ័ពអាមេរិក៥០នាក់ ត្រូវបានធ្វើរោគវិនិច្ឆ័យរកឃើញថាមានរបួសគ្រាំខួរក្បាល ដោយពួកគេមាន អ្នកខ្លះមានអាការៈឈឺក្បាល ល្ហិតល្ហៃ ចាញ់ពន្លឺ និងខ្លះទៀតមានអាការៈក្អួត»។
គួរជម្រាបថា កាលពីថ្ងៃទី៨ ខែមករា អ៉ីរ៉ង់បានបាញ់មីស៊ីលរាប់សិបគ្រាប់លើមូលដ្ឋានទ័ពអាមេរិកចំនួន២កន្លែង នៅក្នុងប្រទេសអ៉ីរ៉ាក់ ជាការសងសឹកឱ្យវិញ្ញាណក្ខន្ធរបស់ លោកមេទ័ព Qassem Soleimani ដែលត្រូវបានយន្ដហោះដ្រូនអាមេរិកសម្លាប់កាលពីថ្ងៃទី៣ ខែមករា នៅក្បែរអាកាសយានដ្ឋានទីក្រុងបាកដាដ។ ប៉ុន្តែ នៅពេលនោះដែរ លោកប្រធានាធិបតី ដូណាល់ ត្រាំ អះអាងថាការវាយប្រហារបស់អ៉ីរ៉ង់ មិនបានធ្វើឱ្យកងទ័ពអាមេរិកណាម្នាក់ស្លាប់ ឬរងរបួសនោះទេ។ បើតាមទិន្នន័យពីមន្ទីរបញ្ចកោណ កងទ័ពអាមេរិក ៤០៨,០០០នាក់ ក៏ធ្លាប់ត្រូវបានធ្វើរោគវិនិច្ឆ័យរកឃើញថាមានរបួសគ្រាំខួរក្បាលផងដែរ ចាប់តាំងពីឆ្នាំ២០០០មក៕