(UNICEF)៖ សិទ្ធិទទួលបានការអប់រំរបស់កុមារ នៅតែត្រូវបានរំលោភបំពានដដែលនៅតាមបណ្ដាប្រទេសក្នុងតំបន់អាហ្វ្រិកខាងលិច និងអាហ្វ្រិកកណ្ដាល ដោយសារជម្លោះ និងសង្រ្គាម បើទោះជាបណ្ដារដ្ឋាភិបាលនៅជុំវិញពិភពលោក បាននាំគ្នាអនុម័តអនុសញ្ញាស្ដីពីសិទ្ធិរបស់កុមារក៏ដោយ។ នេះបើតាម របាយការណ៍ឆ្នាំ២០១៩ នៃអង្គការ UNICEF។
របាយការណ៍ខាងលើដដែល បានឱ្យដឹងទៀតថា បច្ចុប្បន្ន កុមារជិត២លាននាក់ បាននិងកំពុងត្រូវបានគេប្លន់យកការសិក្សាពីពួកគេ ដោយសារតែអំពើហិង្សា ជម្លោះ អសន្តិសុខ និងសង្រ្គាមរាំរ៉ៃគ្មានទីបញ្ចប់ នៅក្នុងប្រទេស ប៊ួគីណា ហ្វាសូ, កាម៉ារូន, សាធារណរដ្ឋអាហ្វ្រិកកណ្ដាល, ឆាដ, សាធារណរដ្ឋប្រជាធិបតេយ្យ កុងហ្គូ, ម៉ាលី, នីហ្សេ, និងប្រទេសនីហ្សេរីយ៉ា។
ខាងក្រោមនេះគឺអ្វីដែលអង្គការ UNICEF រកឃើញ៖
* តើមានអ្វីកំពុងកើតឡើង?
វិស័យអប់រំក្នុងតំបន់ជាច្រើន នៅតាមបណ្ដាប្រទេសអាហ្វ្រិកខាងលិច និងអាហ្វ្រិកកណ្ដាល បានរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារតែការកើនឡើងនៃជម្លោះ ដែលក្នុងនោះមានមួយភាគបីនៃការវាយប្រហារចំនួន៧៤២លើក លើសាលារៀននៅទូទាំងពិភពលោក បានកើតឡើងនៅក្នុងប្រទេសចំនួន៥ នៃតំបន់អាហ្វ្រិក ខាងលិច និងអាហ្វ្រិកកណ្ដាល កាលពីឆ្នាំ២០១៨។
* តើកុមារប៉ុន្មាននាក់រងផលប៉ះពាល់?
បើតាមរបាយការណ៍ឆ្នាំ២០១៩ របស់អង្គការ UNICEF ចំនួនសាលារៀនដែលបង្ខំចិត្តត្រូវបិទទ្វារ ដោយមូលហេតុនៃការកើនឡើងអសន្តិសុខ ក្នុងតំបន់ ជម្លោះនៃបណ្ដាប្រទេសក្នុងតំបន់អាហ្វ្រិកខាងលិច និងអាហ្វ្រិកកណ្ដាល បានកើនឡើងបីដង នៅចន្លោះពីចុងឆ្នាំ២០១៧ និងខែមិថុនា ឆ្នាំ២០១៩។ នៅខែមិថុនា ឆ្នាំ២០១៩ សាលារៀន ៩,២៧២កន្លែង បានបិទទ្វារនៅទូទាំងប្រទេសចំនួន៨ នៅក្នុងតំបន់ ដោយបង្កផលប៉ះពាល់ដល់កុមារ១.៩១លាននាក់ និងគ្រូបង្រៀនជិត ៤៤,០០០នាក់។
* ហេតុអ្វីបានការអប់រំកំពុងស្ថិតនៅក្រោមការគំរាមកំហែង?
បណ្ដាប្រទេសដូចជា ប៊ួគីណា ហ្វាសូ ម៉ាលី នីហ្សេ កាម៉ារូន ឆាដ និងនីហ្សេរីយ៉ា ជាពិសេស នៅតែបន្សល់ទុកនូវគំនិតប្រឆាំងនឹងការអប់រំបែបលោកខាងលិច ដោយផ្ដោតសំខាន់លើក្មេងស្រីតែម្ដង។ ជាក់ស្ដែង សាលារៀនមួយចំនួន ដែលមានការបង្រៀនតាមបែបលោកខាងលិច តែងតែក្លាយជាគោលដៅនៃ ការវាយប្រហាររបស់ក្រុមឧទ្ទាមដែលប្រឆាំងនឹងលោកខាងលិច។ ម្យ៉ាងវិញទៀត អសន្តិសុខ និងជម្លោះ ក្នុងនោះរួមមានទាំង ការប្រើប្រាស់សាលារៀនដោយកងកម្លាំងប្រដាប់អាវុធ និងក្រុមឧទ្ទាម បាននិងកំពុងរំខានយ៉ាងធ្ងន់ធ្ងរ ដល់ការទទួលបានការអប់រំដោយស្មើភាពរបស់កុមារ។ ជម្លោះបានបង្ខំឱ្យសាលារៀន ត្រូវបិទទ្វារ រីឯគ្រូបង្រៀនត្រូវរត់គេចេញពីជម្លោះ ខណៈសិស្សសាលាមិនអាចទៅសាលា ដោយបង្ខំចិត្តនៅក្នុងផ្ទះ។
សរុបជារួមបញ្ហាសន្តិភាព និងស្ថេរភាពរឿងដ៏សំខាន់ណាស់ សម្រាប់ការអភិវឌ្ឍន៍ប្រទេស និងការអប់រំដល់ក្មេងៗ និងយុវជន ដូច្នេះហើយយើងទាំងអស់គ្នាជាពលរដ្ឋខ្មែរដែលកំពុងរស់នៅយ៉ាងសុខសាន្តក្រោមដំបូលសន្តិភាពពេញលេញរបស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន រួមគ្នាការពារ និងរក្សាឲ្យបាននូវតម្លៃនៃសន្តិភាព។ សមអរគុណសន្តិភាពដែលផ្តល់ឲ្យយើងមានអ្វីៗដូចសព្វថ្ងៃនេះ៕
ប្រភព៖ UNICEF (ដកស្រង់ចេញផ្សាយ នៅថ្ងៃពុធ ទី២៩ ខែមករា ឆ្នាំ២០២០)