(បរទេស)៖ វីរុសកូរ៉ូណាប្រភេទថ្មី (2019-nCoV) ដែលមានប្រភពចេញពីទីក្រុងវូហាន (Wuhan) នៃខេត្តហ៊ូប៉ី (Hubei) ប្រទេសចិន គឺមានលក្ខណៈស្រដៀង គ្នាច្រើនដូចទៅនឹងវីរុសគ្រុនផ្តាសាយធម្មតាយ៉ាងដូច្នោះដែរ។ ពួកវាគឺជាវីរុសដែលងាយឆ្លងលឿន និងមានរោគសញ្ញាប្រហាក់ប្រហែលគ្នា ហើយអ្វីដែលសំខាន់បំផុត គឺអាចចម្លងពីមនុស្សទៅមនុស្សបានដូចគ្នា។ ហេតុដូចនេះ ការស្វែងយល់ឲ្យបានច្បាស់អំពីវីរុសទាំងពីរ នឹងក្លាយជាកត្តាយ៉ាងសំខាន់មួយ ក្នុងកិច្ចប្រឹងប្រែងទប់ស្កាត់ការរីករាលនៃវីរុសកូរ៉ូណាប្រភេទថ្មី ដែលកំពុងវាយប្រហារយ៉ាងខ្លាំងក្លានៅចិន ហើយក៏មានករណីអ្នកឆ្លងវីរុសនេះនៅ ១៤ប្រទេសផ្សេងទៀតផងដែរ។
១៖ តើរោគសញ្ញារបស់វីរុស 2019-nCoV ស្រដៀងគ្នាខ្លាំងនឹងវីរុសគ្រុនផ្តាសាយដែរ ឬយ៉ាងណា?
វីរុសចំនួន ០៤ ក្នុងអម្បូរវីរុសកូរ៉ូណាដែលអាចឆ្លងមកមនុស្ស អាចបង្កការប៉ះពាល់ដល់ប្រព័ន្ធផ្លូវដង្ហើមរបស់យើង ដូចគ្នាទៅនឹងវីរុសផ្តាសាយដែរ គឺខណៈរោគសញ្ញាភាគច្រើនមិនមានសភាពធ្ងន់ធ្ងរ ពួកវាទាំងពីរអាចបណ្តាលឲ្យមានជំងឺរលាកសួត ហើយគំរាមកំហែងដល់អាយុជីវិតបាន។
២៖ បើធៀបជាមួយវីរុសគ្រុនផ្តាសាយ តើវីរុសកូរ៉ូណាប្រភេទថ្មីគ្រោះថ្នាក់កម្រិតណា?
អ្នកវិទ្យាសាស្រ្តបានយល់ថា វាគួរឲ្យបារម្ភគួរសមដែរ នៅពេលតួលេខអ្នកស្លាប់ដោយសារវីរុសនេះបានកើនលើសពី ១០០នាក់ កាលពីថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២០ ប៉ុន្តែស្របពេលជាមួយគ្នា អត្រានៃអ្នកបាត់បង់ជីវិតអាចនៅទាបនៅឡើយ ព្រោះវាមិនទាន់ច្បាស់ថា បច្ចុប្បន្នមានអ្នកឆ្លងប៉ុន្មាននាក់ឲ្យប្រាកដនោះឡើយ។ គិតត្រឹមព្រឹកថ្ងៃពុធនេះ ចំនួនមនុស្សស្លាប់គឺ ១៣២នាក់ (ក្នុងប្រទេសចិនទាំងអស់) ហើយអ្នកឆ្លង មានចំនួនជាង ៦,០០០នាក់នៅជុំវិញពិភពលោក (៥,៩៩៧នាក់ នៅក្នុងប្រទេសចិន) ខណៈចំនួនទាំងនេះបានបន្តកើនឡើងជាប់រហូត។
ឧទាហរណ៍ប្រសិនបើមានអ្នកស្លាប់ ១០០នាក់ ក្នុងចំណោមអ្នកឆ្លងសរុប ១០០,០០០នាក់ នោះអត្រាមរណៈនៅមានកម្រិតទាបយ៉ាងខ្លាំង គឺស្រដៀងទៅនឹងវីរុសគ្រុនផ្តាសាយដែរ ក៏ប៉ុន្តែប្រសិនបើក្នុងចំណោម ៦,០០០ករណីមានជាង ១០០ករណីស្លាប់ នោះអត្រាមរណៈមានកម្រិតខ្ពស់គួរសម ហើយបើប្រៀបធៀបជាមួយគ្នា ប្រាកដណាស់គឺស្ថានភាពទីពីរ មើលទៅគ្រោះថ្នាក់ខ្លាំងជាងឆ្ងាយ។
ទោះជាបែបនេះក៏ដោយ ខណៈវីរុសគ្រុនផ្តាសាយភាគច្រើនមិនធ្ងន់ធ្ងរក៏ដោយ ក្នុងមួយឆ្នាំៗវីរុសគ្រុនផ្តាសាយអាចបង្កឲ្យមានអ្នកធ្លាក់ខ្លួនឈឺធ្ងន់ធ្ងររហូតដល់ខ្ទង់ ០៥លានករណីនៅទូទាំងពិភពលោក ហើយអង្គការសុខភាពពិភពលោក (WHO) បានព្យាករណ៍ថា វីរុសគ្រុនផ្តាសាយអាចឆក់យកជីវិតមនុស្សដល់ ៦៥០,០០០នាក់ក្នុងមួយឆ្នាំៗ។
៣៖ ហេតុអ្វីបានជាវីរុសកូរ៉ូណាប្រភេទថ្មី បង្កការព្រួយបារម្ភខ្លាំងជាងវីរុសគ្រុនផ្តាសាយធម្មតា?
ស្របពេលដែលអត្រាមរណៈ ព្រមទាំងរោគសញ្ញានៃវីរុសគ្រុនផ្តាសាយ និងវីរុសកូរ៉ូណាប្រភេទថ្មី ប្រហែលជាមានលក្ខណៈស្រដៀងគ្នាខ្លាំង សមត្ថភាពរបស់មនុស្សយើង ក្នុងការទប់ទល់ជាមួយវីរុសទាំងពីរក៏ខុសគ្នាខ្លាំងដែរ។ សម្រាប់វីរុសគ្រុនផ្តាសាយ មនុស្សមានប្រព័ន្ធស៊ាំដែល អាចជួយតតាំងជាមួយវា ហើយអ្នកវិទ្យាសាស្រ្តក៏បានអភិវឌ្ឍវ៉ាក់សាំងការពារផងដែរ។ សម្រាប់វីរុសកូរ៉ូណាប្រភេទថ្មីនេះវិញ គឺជាវីរុសយ៉ាងអាថ៌កំបាំងថ្មី។
៤៖ តើវីរុសកូរ៉ូណាប្រភេទថ្មីងាយស្រួលឆ្លង ដូចវីរុសគ្រុនផ្តាសាយដែរឬអត់?
វីរុសគ្រុនផ្តាសាយអាចចម្លងពីមនុស្សទៅមនុស្ស នៅចម្ងាយរហូតដល់ ១.៨ម៉ែត្រពីគ្នាបាន ហើយជាចម្បងគឺវាឆ្លងតាមរយៈខ្យល់ដង្ហើម និងម៉ូលេគុលទឹកមាត់ ដែលបញ្ចេញមកតាមរយៈការក្អក ឬកណ្តាស់។ អ្នកឆ្លង ឬផ្ទុកវីរុសគ្រុនផ្តាសាយ ជាទូទៅអាចបង្កការឆ្លងក្នុងកម្រិតខ្ពស់ ដល់អ្នកដទៃទៀតក្នុងកំឡុងពេល ០៣ថ្ងៃ ក្រោយពួកគេចាប់ផ្តើមឈឺ ប៉ុន្តែរយៈពេលនេះក្នុងករណីខ្លះ អាចបន្តលើសពីរមួយសប្តាហ៍ក៏មានដែរ។
សម្រាប់វីរុសកូរ៉ូណាប្រភេទថ្មី ក៏ឆ្លងស្រដៀងគ្នាជាមួយនឹងវីរុសគ្រុនផ្តាសាយដែរ ប៉ុន្តែអ្វីៗផ្សេងទៀតនៅជាអាថ៌កំបាំងនៅឡើយ ទាក់ទងនឹងវីរុសផ្លូវដង្ហើមថ្មីនេះ។ ប៉ុន្តែអ្នកវិទ្យាសាស្រ្តបានផ្តល់យោបល់ថា ឲ្យតាមដានមើលករណីអ្នកផ្ទុកវីរុសនេះ នៅក្រៅប្រទេសចិនថា តើមានករណីចម្លងពីអ្នកដំណើរចិន ទៅកាន់បុគ្គលដទៃទៀត ដែលបានធ្វើដំណើរក្នុងជើងហោះហើររួមគ្នាដែរ ឬក៏អត់។ ប្រសិនបើមិនសូវមាន ឬក៏មិនមានតែម្តងនោះបានន័យថា វីរុសកូរ៉ូណាថ្មីនេះហាក់ពុំមានសមត្ថភាពចម្លងខ្លាំងប៉ុន្មានឡើយ៕
ប្រភព៖ សារព័ត៌មានចិន CGTN (ថ្ងៃពុធ ទី២៩ ខែមករា ឆ្នាំ២០២០)