(វ៉ាស៊ីនតោន)៖ ក្រសួងថាមពលអាមេរិកបានបញ្ចេញឯកសារជាង ១០០ទំព័រ ពាក់ព័ន្ធនឹងអតីតរដ្ឋមន្រ្តីថាមពលអាមេរិកលោក រិក ភែរី (Rick Perry) និងប្រទេសអ៊ុយក្រែន ខណៈដែលសវនាការជុំវិញការសម្រេចថាដក ឬក៏មិនដកតំណែងរបស់ លោក ដូណាល់ ត្រាំ កំពុងតែប្រព្រឹត្តទៅនៅព្រឹទ្ធសភា។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNN នាព្រឹកថ្ងៃពុធ ទី២៩ ខែមករា ឆ្នាំ២០២០។
កម្រងឯកសារនោះ រួមមានទាំងការរៀបរាប់អំពីដំណើរទស្សនកិច្ចកាលពីខែឧសភា ឆ្នាំ២០១៩ របស់លោក Rick Perry ជាមួយក្រុមមន្រ្តីក្រសួងការបរទេសអាមេរិក ដើម្បីទៅជួបប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡិនស្កាយ (Volodymyr Zelensky) ជាដើម ស្របពេលដែលការបំពេញទស្សនកិច្ចនោះ អាចបានដើរតួនាទីគួរឲ្យកត់សម្គាល់មួយ នៅក្នុងយុទ្ធនាការដាក់សម្ពាធរបស់លោក ដូណាល់ ត្រាំ ដែលចង់បានជំនួយពីអ៊ុយក្រែន ដើម្បីយកមកបម្រើផលប្រយោជន៍ នយោបាយផ្ទាល់ខ្លួនរបស់លោក។
លោក Perry បានលាលែងពីក្រសួងថាមពលអាមេរិក កាលពីខែធ្នូ ឆ្នាំ២០១៩។ លោកបានប្រកាសអំពីការសម្រេចចុះចេញពីតួនាទី ក្រោយពីមានការលេចធ្លាយព័ត៌មាន ទាក់ទងកិច្ចសន្ទនាតាមទូរស័ព្ទដ៏ចម្រូងចម្រាស់មួយរវាងលោក ត្រាំ និងលោក Zelensky ដែលក្នុងនោះលោក ត្រាំ ត្រូវគេសង្ស័យថា បានដាក់សម្ពាធលើអ៊ុយក្រែន ដើម្បីឲ្យអ៊ុយក្រែនស៊ើបអង្កេតលើអតីតអនុប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) និងកូនប្រុសលោក គឺលោក ហាន់ធើ បៃដិន (Hunter Biden) ខណៈលោក Joe Biden ក៏ជាបេក្ខជនមួយរូបដែលអាចនឹងមានឱកាសខ្ពស់ ទៅប្រកួតប្រជែងជាមួយលោក ត្រាំ យកតំណែងប្រធានាធិបតីនៅខែវិច្ឆិកា ឆ្នាំ២០២០។
យោងតាមសាក្សីក្នុងការស៊ើបអង្កេតជុំវិញនីតិវិធីដកតំណែងលោក ត្រាំ សាក្សីមួយចំនួនបានចាត់ទុកលោក Rick Perry ជាបុគ្គលដ៏សំខាន់ម្នាក់ ដែលបានព្យាយាមស្វែងរកការជួយផ្នែកនយោបាយ តាមបំណងរបស់លោក ត្រាំ ហើយលោកបានមានវត្តមានក្នុងកិច្ចពិភាក្សាធំៗ ដែលលោក ត្រាំ ឬក៏ក្រុមបុគ្គលដែលព្យាយាមសម្រេចបំណងលោក ត្រាំ ជជែកអំពីការទាមទារចង់បាន ជំនួយផ្នែកនយោបាយពីលោក Zelensky នៅ មុនកិច្ចសន្ទនាតាមទូរស័ព្ទថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ រវាងប្រធានាធិបតីទាំងពីរ។ លោក Perry ស្ថិតក្នុងចំណោមមនុស្សដ៏សំខាន់ទាំង ០៣ ដែលបានដឹកនាំកិច្ចប្រឹងប្រែងរបស់លោក ត្រាំ ដោយបុគ្គលពីរនាក់ទៀត គឺអតីតអ្នកតំណាងពិសេសរបស់អាមេរិកប្រចាំអ៊ុយក្រែន លោក ឃើត វ៉ូលខឺ (Kurt Volker) និងឯកអគ្គរដ្ឋទូតអាមេរិកប្រចាំសហភាពអឺរ៉ុប លោក ហ្គ័រដុន សុនឡេនដ៍ (Gordon Sondland)។
គួរជម្រាបថា កន្លងមករដ្ឋបាលលោក ដូណាល់ ត្រាំ បានរារាំងសភាតំណាងរាស្រ្តអាមេរិក ពីការទទួលបានឯកសារទាក់ទងនឹងសំណុំរឿងអ៊ុយក្រែន ប៉ុន្តែឥឡូវក្រសួងថាមពលអាមេរិក បានយល់ព្រមបញ្ចេញឯកសារទាំងនេះ តាមការទាមទាររបស់អង្គការតម្លាភាព និងស្ថាប័នព័ត៌មានអាមេរិក នៅក្រោមច្បាប់សេរីភាពនៃព័ត៌មាន។ សម្រាប់ឯកសារជាង ១០០ទំព័រខាងលើ គឺជាសំណុំឯកសារមួយដំបូងក្នុងចំណោមបី ដែលក្រសួងថាមពលអាមេរិកបានយល់ព្រមថា នឹងបញ្ចេញជាសាធារណៈ៕