(ស៊ីដនី)៖ អ្នកវិទ្យាសាស្ត្រមួយក្រុមនៅក្នុងប្រទេសអូស្ត្រាលី នៅថ្ងៃពុធនេះបានប្រកាសថា ពួកគេបានបង្កើតដោយជោគជ័យនូវវីរុសកូរ៉ូណា ដោយយកគំរូតាមវីរុសកូរ៉ូណាថ្មី (Coronavirus ឬ 2019n-CoV) មានប្រភពដើមមកពីទីក្រុងវូហាន (Wuhan) ហើយដែលនេះនឹងក្លាយជាការបង្កើតវីរុសឡើងវិញជាថ្មី ជាលើកដំបូងបំផុតនៅក្រៅប្រទេសចិន ក្នុងគោលដៅរកវិធីសាស្ត្រទប់ស្កាត់ការរីករាលដាល នៃវីរុសដ៏កាចសាហាវមួយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី២៩ ខែមករា ឆ្នាំ២០២០។
បើតាមក្រុមអ្នកវិទ្យាសាស្ត្រមកពីវិទ្យាស្ថាន ភីធើ ដូហឺធី (Peter Doherty) មានមូលដ្ឋានក្នុងទីក្រុង មែលប៊ន (Melbourne) សំណាកនៃវីរុសកូរ៉ូណាខាងលើ នឹងត្រូវចែករំលែកជាមួយអង្គការសុខភាពពិភពលោក (WHO) និងមន្ទីរពិសោធន៍ជាច្រើននៅជុំវិញពិភពលោក។ លើសពីនេះទៅទៀត សំណាកវីរុសកូរ៉ូណានេះទៀតសោត ក៏នឹងត្រូវបានប្រើប្រាស់ផងដែរ ក្នុងការធ្វើតេស្ដសាកល្បងលើការបង្កើតប្រព័ន្ធភាពសុំា នៃរាង្គកាយមនុស្ស ដែលនឹងជួយដល់ការស្វែងរកវីរុសនៅក្នុងខ្លួនអ្នកជំងឺ ដែលមិនបានបង្ហាញរោគសញ្ញា ព្រមទាំងការបង្កើតវ៉ាក់សាំងជាដើម។
គួរបញ្ជាក់ថា វីរុសកូរ៉ូណាដែលក្រុមអ្នកវិទ្យាសាស្ត្រអូស្តាលីបង្កើតឡើង គឺយកគំរូចេញពីវីរុសកូរ៉ណានៅក្នុងខ្លួនអ្នកជំងឺម្នាក់ ដែលបានមកកាន់វិទ្យាស្ថាន Peter Doherty កាលពីថ្ងៃទី២៤ ខែមករា។ ចំណែកឯក្រុមអ្នកវិទ្យាសាស្ត្រចិន ក៏ធ្លាប់បានអះអាងដែរថា ពួកគេបានបង្កើតឡើងវិញដោយជោគជ័យនូវវីរុសកូរ៉ូណា ប៉ុន្តែវាមិនមែនជាសំណាក ឬគំរូដើមនៃវីរុសនេះទេ ដោយវាត្រឹមតែជាលំដាប់ហ្សែនតែប៉ុណ្ណោះ។
នៅព្រឹកថ្ងៃពុធនេះ អាជ្ញាធរសុខាភិបាលរបស់ចិន បានប្រកាសឲ្យដឹងចំនួនមនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើម កូរ៉ូណាថ្មី (Coronavirus) បានកើនឡើងដល់ ១៣២នាក់ហើយ ខណៈមនុស្សជាង ៦,០០០នាក់ទៀតឆ្លងទាំងនៅចិន និងទូទាំងពិភពលោក។ អាជ្ញាធរសុខាភិបាលចិនក៏ ព្រមានផងដែរថា អ្នកសង្ស័យឆ្លងមេរោគកូរ៉ូណានេះ អាចមានការកើនឡើងទៀតរហូតដល់ជាង ៩ពាន់នាក់ ខណៈបច្ចុប្បន្ននេះអ្នកជំងឺប្រមាណ ១,២៣៩នាក់ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ៕