(ចិន) ៖ ស្របពេលដែលចំនួនមនុស្ស ដែលផ្ទុកវីរុសផ្លូវដង្ហើមកូរ៉ូណាប្រភេទថ្មី បាននឹងកំពុងកើនឡើងនោះ មានមនុស្សរាប់លាននាក់បានជាប់នៅក្នុងទីក្រុងវូហាន (Wuhan) ដែលត្រូវបានបិទដោយរដ្ឋាភិបាលចិន ដើម្បីព្យាយាមទប់ស្កាត់ការរីករាលដាល។ ប៉ុន្តែនៅក្នុងពេលវេលានៃភាពឯកោនេះ មនុស្សម្នាជាច្រើនបាននិងកំពុងបង្កើនការប្តេជ្ញាចិត្ត ហើយលួងលោមគ្នាទៅវិញទៅមក ដើម្បីរួមគ្នាជម្នះគ្រោះភ័យពេលនេះឲ្យបាន។
ការផ្ទុះឡើងនៃវីរុសដែលអាចសម្លាប់មនុស្សនេះ បានកើតឡើងចំពេលដែលចិន ប្រារព្ធនូវពិធីបុណ្យមួយ ក្នុងចំណោមពិធីដ៏សំខាន់បំផុតនៅក្នុងប្រតិទិនរបស់ខ្លួន នោះគឺពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចិនតែម្តង។ សម្រាប់ជនជាតិចិន វាគឺជាឱកាសតែមួយគត់នៅក្នុងមួយឆ្នាំ ដែលពលរដ្ឋចិនបានជួបជុំគ្នា ជាមួយក្រុមគ្រួសាររបស់ពួកគេ និងផ្តល់អំណោយអាហារ និងប្រាក់ឲ្យគ្នាទៅវិញទៅមក។
នៅក្នុងទីក្រុងវូហាន ប្រជាជនត្រូវបានគេណែនាំឲ្យនៅក្នុងផ្ទះ ដើម្បីកាត់បន្ថយការរីករាលដាលនៃវីរុស។ ប៉ុន្តែពលរដ្ឋនៅតាមអគាររស់នៅ បានរកឃើញនូវវិធីតូចមួយ ដើម្បីលើកទឹកចិត្តគ្នាទៅវិញទៅមក។ វីដេអូដែលបង្ហោះតាមប្រព័ន្ធទំនាក់ទំនងសង្គម បានបង្ហាញអំពីពលរដ្ឋទីក្រុងវូហាន ស្រែកខ្លាំងៗថា «Wuhan jiayou» មានន័យថា «រឹងមាំឡើងវូហានៗៗៗ» ចេញពីបង្អួចផ្ទះរបស់ពួកគេ។ ពាក្យនេះត្រូវបានបន្តផុសផុលឡើង តាមរយៈប្រព័ន្ធទំនាក់ទំនងសង្គម វ៉ៃបូ (Weibo) ផងដែរ និងក្រោយមកទៀត ទើបមានអ្នកយកចែកចាយបន្តលើបណ្តាញសង្គម Facebook និង Twitter ។
នៅក្នុងវីដេអូដែលបង្ហោះឡើងដោយ ទំព័ររបស់សារព័ត៌មានចិន ស៊ីនហួរ នៅលើបណ្តាញសង្គម Facebook គេឃើញប្រជាជននៅវូហានតាមអគារខ្ពស់ ស្រែកច្រៀង នូវពាក្យ «Wuhan Jiayou» ធ្វើឲ្យអ្នកទស្សនានានាទូទាំងពិភពលោកខ្លោចចិត្តជាខ្លាំង ហើយបានសរសេរពាក្យ (comment) លើកទឹកចិត្តប្រជាជននៅវូហាន ឲ្យខំប្រឹងប្រែងឡើង ដើម្បីតស៊ូប្រយុទ្ធនឹងវីរុសកូរ៉ូណា ហើយពិភពលោកសន្យាស្ថិតនៅជាមួយពួកគេជានិច្ច។ ខាងក្រោមនេះជាសកម្មភាពមនុស្សធម៌ជាច្រើន ដែលបាននិងកំពុងកើតឡើងនៅវូហាន៖
* ម្ចាស់ភោជនីយដ្ឋានមួយបានខ្ចប់អាហារថ្ងៃត្រង់ ២០០ប្រអប់សម្រាប់បុគ្គលិកសុខាភិបាល៖
ម្ចាស់ភោជនីយដ្ឋានថ្មីមួយនៅទីក្រុងវូហាន បានចំណាយពេលវេលាក្នុងពិធីបុណ្យចូលឆ្នាំថ្មី ដោយខ្ចប់អាហារសម្រាប់បុគ្គលិកសុខាភិបាល នៅក្នុងទីក្រុងនេះ។ លោក លី ប៉ូ (Li Bo) បានបើកភោជនីយដ្ឋានក្នុងទីក្រុងវូហាន ទើបតែបានរយៈពេល ១ខែប៉ុណ្ណោះ ប៉ុន្តែអាជីវកម្មរបស់លោក មិនទាន់ដំណើការបានល្អផង វីរុសកូរ៉ូណាក៏ចាប់ផ្តើមរាតត្បាត ធ្វើឲ្យផ្លូវនៅក្នុងទីក្រុងគ្មានមនុស្ស ហើយភោជនីយដ្ឋានរបស់លោកត្រូវបានបិទចោល។
យោងតាមសារព័ត៌មាន Beijing News បានឲ្យដឹងថា មន្ទីរពេទ្យមួយចំនួននៅទីក្រុងវូហាន បានខ្វះខាតអាហារ។ ពលរដ្ឋ ០២នាក់ដែលធ្លាប់រស់នៅទីក្រុងវូហាន កាលពីពេលមុន បានប្រាប់សារព័ត៌មាន BBC ថា ប្រជាជននៅក្នុងទីក្រុងបានព្យាយាមស្តុកទុកអាហារ។
* អ្នកភូមិបរិច្ចាគម៉ាស់ ១៥,០០០ សន្លឹក៖ តាមរយៈការភ័យខ្លាច នៃវីរុសឆ្លងនេះអាចឲ្យគេឃើញថា មនុស្សរាប់ពាន់នាក់នៅទូទាំងប្រទេសចិន បាននាំគ្នាទិញម៉ាស់ពាក់បិទមុខ ដែលបង្កជាខ្វះខាតម៉ាស់នៅតាមកន្លែងមួយចំនួន។ ម៉ាស់មុខ បានក្លាយជាទំនិញដ៏មានតម្លៃ ដែលមនុស្សជាច្រើននៅលើប្រព័ន្ធទំនាក់ទំនង Weibo បាននិយាយលេងថា ពួកគេចង់ទទួលបានម៉ាស់បិទមុខ ជំនួសឲ្យអំណោយដែលផ្តល់ឲ្យក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។
* អ្នកភូមិ ឆាងតេ (Changde) ម្នាក់ដែលជាប់នឹងខេត្ត ហ៊ូប៉ី (Hubei) ទីក្រុងវូហាន បានបរិច្ចាគម៉ាសមុខជិត ១៥,០០០ម៉ាស់។ លោក ហាវ ជីន (Hao Jin) កាលពីឆ្នាំមុនបានបម្រើការងារ នៅរោងចក្រផលិតម៉ាស់។ លោកបានលាលែងពីការងារ ប៉ុន្តែក្រុមហ៊ុនមិនបើកប្រាក់ខែឲ្យគាត់ ដោយជំនួសឲ្យមកវិញនូវម៉ាស់ចំនួន ១៥,០០០ម៉ាស់ ដែលមានតម្លៃ ២,៨៨៣ដុល្លារអាមេរិក។ លោកបាននាំយកម៉ាស់នោះមកផ្ទះ រហូតដល់លឺដំណឹង នៃការខ្វះខាតម៉ាសនេះ ក៏សម្រេចបរិច្ចាគឲ្យប្រជាពលរដ្ឋតែម្តង។
ខាងក្រោមជាតួលេខតាមបណ្តាប្រទេស, ទីក្រុង និងកោះ ជុំវិញពិភពលោកដែលឆ្លងមេរោគ៖
១៖ ប្រទេសចិន៖ ឆ្លង ៥៩៧៤នាក់ ក្នុងនោះស្លាប់ ១៣២នាក់
២៖ ថៃ៖ ១៤ករណី
៣៖ ទីក្រុងហុងកុង ០៨ករណី
៤៖ កោះតៃវ៉ាន់ ០៨ករណី
៥៖ ជប៉ុន ០៧ករណី
៦៖ ទីក្រុងម៉ាកាវ ០៧ករណី
៧៖ ម៉ាឡេស៊ី ០៧ករណី
៨៖ សិង្ហបុរី ០៧ករណី
៩៖ អូស្ត្រាលី ០៥ករណី
១០៖ សហរដ្ឋអាមេរិក ០៥ករណី
១១៖ បារាំង ០៤ករណី
១២៖ កូរ៉េខាងត្បូង ០៤ករណី
១៣៖ កាណាដា ០៣ករណី
១៤៖ វៀតណាម ០២ករណី
១៥៖ កម្ពុជា ០១ករណី
១៦៖ អាល្លឺម៉ង់ ០១ករណី
១៧៖ នេប៉ាល់ ០១ករណី
១៨៖ ស្រីលង្កា ០១ករណី
តួលេខនេះគិតត្រឹមម៉ោង ១០៖៣០នាទីព្រឹក (ម៉ោងកម្ពុជា), ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០៕